ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច នៅមិនទាន់វែកមុខជនដៃដល់ បា.ញ់រះ បណ្តាលឱ្យមនុស្ស ២នាក់ រងរបួសធ្ងន់

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ មនុស្សប្រុសស្រីចំនួន ២នាក់ បានរងរបួសធ្ងន់ ដោយសារតែការបាញ់ប្រហារពីជនមិនស្គាល់​មុខ ខណៈពួកគេកំពុងអង្គុយជួប​ជុំ រាំរែកសប្បាយ​ក្នុងពិធីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាយប់ថ្ងៃទី១៣ ខែមេសា…

ខេត្តស្ទឹងត្រែង៖ មនុស្សប្រុសស្រីចំនួន ២នាក់ បានរងរបួសធ្ងន់ ដោយសារតែការបាញ់ប្រហារពីជនមិនស្គាល់​មុខ ខណៈពួកគេកំពុងអង្គុយជួប​ជុំ រាំរែកសប្បាយ​ក្នុងពិធីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ។

ទាក់ទិនការបាញ់ប្រហារទៅលើហ្វូងមនុស្សជាច្រើន ដែលកំពុងសប្បាយអបអរពិធីបុណ្យចូល​ឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ នាយប់នោះ ពុំមាននរណាដឹងថា កើតចេញពីមូលហេតុអ្វី ហើយជនដៃដល់ប្រដាប់​ដោយកាំភ្លើង​បាញ់មិនសំចៃដៃនោះ ជានរណា និងមានគំនុំអ្វី ទៅលើបុគ្គលក្នុងចំណោមមនុស្សច្រើននាក់នោះយ៉ាណាទេ?

តែក្រោយការបាញ់រះយ៉ាងដំណំនោះ ជនដៃជនបានគេចខ្លួនបាត់ប្រមោល រហូតមកទល់ល្ងាចថ្ងៃទី២០ ខែមេសានេះ ប៉ូលិសនៅមិនទាន់វែកមុខឃើញនៅឡើយទេ។

បើទោះជាជនដៃដល់កំពុងរត់គេចខ្លួនក៏ពិតមែន ប៉ុន្តែ​កម្លាំងអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ កំពុងសហការរួមគ្នា ​ស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីឈានទៅចាប់ខ្លួនជនដៃដល់ យកមកផ្តន្ទាទោស​តាមច្បាប់ឲ្យខាងតែបាន។

លោកវរៈសេនីយ៍ឯក សែម ស៊ីថា អធិការនគរបាលស្រុកថាឡាបរិវ៉ាត់ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹង នៅថ្ងៃ២០មេសានេះថា ជនរងគ្រោះ ដែលរងការបាញ់រះពីជនដៃដល់ បណ្តាលអោយរងរបួសធ្ងន់ មាន ចំនួន ២នាក់ ក្នុងចំណោមមនុស្សច្រើននាក់ផ្សេងទៀតនោះ គឺ ១-ឈ្មោះ ម៉េស ហ៊ីន ភេទប្រុស អាយុជាង ៤០ ឆ្នាំ ជាប្រធានយុវជន ស.ស.យ.ក ឃុំសំអាង។ លោកថា ជនរង គ្រោះបានរងនឹងគ្រាប់កាំភ្លើង ត្រូវចំត្រគាកខាងឆ្វេង និងដោយរបួសធ្ងន់ធ្ងរពេក ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) នៅរាជធានីភ្នំពេញ។ ២- ឈ្មោះ ណែត ធន់ ភេទស្រី អាយុជាង ៣០ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង​។ ស្ត្រីរូបនេះ រងរបួសដៃខាងស្ដាំ បច្ចុប្បន្ន កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង។

លោកអធិការ បានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ ពុំដែលមានទំនាស់ជាមួយអ្នកជិតខាងនោះទេ ពួកគាត់ គឺជាមនុស្សល្អ​នៅក្នុងមូលដ្ឋាន និងត្រូវបានជនមិនស្គាល់មុខលបបាញ់ ពេលដែលពួកគាត់បានជួបជុំគ្នា​រាំរែកសប្បាយ ជាមួយមនុស្សច្រើននាក់ទៀត ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាម៉ោង៩យប់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។

លោកចាត់ទុកថា ការប្រើប្រាស់អាវុធបាញ់រះមកលើប្រជា​ពលរដ្ឋស្លូតត្រង់​ពីសំណាក់ជនមិនស្គាល់មុខ គឺជាទង្វើល្មើសនឹងច្បាប់រដ្ឋ ហើយលោកនឹងបន្តដឹកនាំកម្លាំងជំនាញ សហការជាមួយ​កម្លាំងនគរបាល​ព្រហ្មទណ្ឌខេត្ត ចុះស្រាវជ្រាវ ដើម្បីឈានទៅកំណត់មុខសញ្ញាជនដៃដល់ ចាប់ខ្លួនយកមកផ្តន្ទាទោសទោស ឲ្យខាងតែបានដាច់ខាត ដោយមិនអនុញ្ញាតឲ្យជនដៃដល់ រស់នៅគេចចេញពីសំណាញ់ច្បាប់បានឡើយ និងក៏ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ ផងដែរ។

សូមបញ្ជាក់ថា គ្រាប់កាំភ្លើង ដែលជនដៃដល់បានប្រើបា្រស់ និងបាញ់ជនរងគ្រោះនាពេលនោះ ហើយត្រូវ​សមត្ថកិច្ចជំនាញចុះស្រាវជ្រាវ ប្រមូលបាន គឺជាសំបកកាទុះកាំភ្លើងអាកា៤៧ ចំនួន ៣គ្រាប់ និងក្នុងនោះ ១គ្រាប់ បាញ់មិនទាន់ផ្ទុះនៅឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ