ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​តំបន់​ទេសចរណ៍​អូរ​ឈើ​ក្រំ ជាប់​ព្រំដែន ទេស​ភាព​​ស្រស់​ស្អាត​ត្រជាក់​ភ្នែក

1 ឆ្នាំ មុន
  • ប៉ៃលិន

រហូត​មក​ដល់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​តំបន់​ទេសចរណ៍​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ជាប់​នឹង​អូរ​ព្រំដែន​កម្ពុជា​-​ថៃ មាន​ទេសភាព​ស្រស់​ស្អាត​គួរ​ឱ្យ​ចាប់អារម្មណ៍ ដោយ​មាន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​តំបន់​ទេសចរណ៍​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ជាប់​នឹង​អូរ​ព្រំដែន​កម្ពុជា​-​ថៃ មាន​ទេសភាព​ស្រស់​ស្អាត​គួរ​ឱ្យ​ចាប់អារម្មណ៍ ដោយ​មាន​ផ្ទាំង​ថ្ម​តូច​ធំ អាច​ឱ្យ​ភ្ញៀវ​មក​ពី​ទី​ជិត​ឆ្ងាយ អង្គុយ​លេង​បាន ខណៈ​ភ្ញៀវ​ទេសចរ​ភាគច្រើន​ហាក់ដូចជា​មើល​រំលង មិនសូវ​បានដឹង និង​ស្គាល់​កន្លែង​មួយ​នេះ​ទេ​។

លើស​ពី​នេះ តំបន់​ទេសចរណ៍​មួយ​នេះ នៅ​ក្បែរ​នឹង​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​​​ក្រៅ ខេត្ត​ប៉ៃលិន​។

បើ​តាម​ស្ត្រី​ម្នាក់​មានឈ្មោះ លី​ន ជា​អ្នក​ជួល​ដី​គេ​រៀបចំ​ធ្វើ​ខ្យូ​ស​ទទួលភ្ញៀវ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ កន្លែង​ទេស​ចរណ៍​មួយ​នេះ គឺ​គាត់​បាន​រៀបចំ​តុបតែង​ជា​កន្លែង​អង្គុយ​លេង​កម្សាន្ត និង​មាន​ខ្យូ​ស​តូច​ធំ​សម្រាប់​ឱ្យ​ភ្ញៀវ​ចូល​ហូប​អាហារ​ជួបជុំ​គ្រួសារ​ជាង​១០​ខ្នង នៅ​ក្បែរ​មាត់​អូរ ព្រំដែន​កម្ពុជា​-​ថៃ ដែល​មាន​ទឹកអូរ​ហូរ​គ្រឿន​ៗ ធ្លាក់​មក​ពី​ប្រទេស​ថៃ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា កាលពី​មិន​ទាន់​បិទ​ច្រក​ទ្វារ​ព្រំដែន ដោយសារ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ គឺ​មាន​ភ្ញៀវ​ចូល​មក​ហូប​អាហារ​ជា​ច្រើន ដោយ​មាន​អ្នក​ចេញ​-​ចូល​រកស៊ី​ដឹក​ទំនិញ យក​ទៅ​លក់ដូរ​នៅ​ប្រទេស​ថៃ ។ ក៏​មាន​ភ្ញៀវ​ខ្លះ​ចូល​មក​លេង​កាស៊ីណូ​នៅ​ក្បែរ​ព្រំដែន ចូល​ទៅ​នាំ​គ្នា​អង្គុយ​លេង​ក្នុង​កន្លែង​របស់​ខ្លួន តែ​ពេល​នេះ​ហាក់ដូចជា​ស្ងប់ស្ងាត់​ភ្ញៀវ​បន្តិច​។ ដូច្នេះ បើសិនជា​ភ្ញៀវ​ទេសចរ​នៅ​តាម​បណ្តា​ខេត្ត​នានា និង​រាជធានី​ភ្នំពេញ​ចាប់អារម្មណ៍ អាច​ចូល​លេង​កន្លែង​គាត់​ផង​ដែរ​។

គាត់​បញ្ជាក់​ថា ម្ហូបអាហារ​លក់​ក្នុង​តម្លៃ​សមរម្យ មាន​ដូច​ជា​ត្រី​រ៉ស់​ស្ងោ​ជ្រក់ ស្លរ​កង្កែប អន្ទង់ ឆា​ក្តៅ​មាន់ ព្រមទាំង​មាន​ម្ហូប ពិសេស​គឺ​សត្វ​កន្ធាយ​ចិញ្ចឹម​លើកយក​មក​ពី​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង ដែល​លក់​ក្នុង​តម្លៃ ១​ក្បាល​៧​ម៉ឺន​ទៅ​៨​ម៉ឺន​រៀល អាច​ធ្វើ​ម្ហូប​ជា​ស៊ុប ស្លរ ឬ ចំហុយ​ក៏​បាន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ