ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ឆ្នើម​៥​រូប​ជាប់​និទ្ទេស A មក​ពី​ស្រុក​កោះធំ ទទួល​បាន​ម៉ូតូ​១​គ្រឿង​ពី​ធនាគារ​កា​ណា​ឌី​យ៉ា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធនាគារ​កា​ណា​ឌី​យ៉ា បាន​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ឆ្នើម​និទ្ទេស A ៥​រូប មក​ពី​ស្រុក​កោះធំ ខេត្តកណ្ដាល និង​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​មួយ​ចំនួន​ផង​ដែរ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៦​នេះ ។

រាជធានី​ភ្នំពេញ ៖ ធនាគារ​កា​ណា​ឌី​យ៉ា បាន​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ឆ្នើម​និទ្ទេស A ៥​រូប មក​ពី​ស្រុក​កោះធំ ខេត្តកណ្ដាល និង​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​មួយ​ចំនួន​ផង​ដែរ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៦​នេះ ។ ពិធី​សំណេះសំណាល​ធ្វើ​ឡើង​នៅ​អគារ​កា​ណា​ឌី​យ៉ា ជាន់​ទី​២៨ កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​មាន​វត្តមាន​របស់​លោក ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​កា​ណា​ឌី​យ៉ា និង​ថ្នាក់ដឹកនាំ​ធនាគារ​កា​ណា​ឌី​យ៉ា​ជា​ច្រើន​ទៀត​ផង​ដែរ ។

លោក ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​កា​ណា​ឌី​យ៉ា បាន​មាន​ប្រសាសន៍​ថា វិធីសាស្ត្រ​នៃ​ការ​បង្រៀន គឺ​បាន​យក​ការ​សិក្សា​ភ្ជាប់​ជាមួយនឹង​ការ​អនុវត្ត​ផ្ទាល់​តែ​ម្ដង ទើប​សិស្ស​ទទួល​បានការ​ចេះ​ដឹង​លឿន ហើយ​មានគុណ​ភាព​សំខាន់​នោះ គឺ​គោរព​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ និង​ជំរុញ​កម្រិត​នៃ​ការ​ចេះ​ដឹង​អោយ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត ។  យុទ្ធសាស្ត្រ​កំណែទម្រង់​ស៊ីជំរៅ​លើ​វិស័យ​អប់រំ​របស់​រាជរដ្ឋាភិបាល​បាន​ពង្រឹង​ទៅ​ដល់​គុណភាព​អប់រំ​របស់​យើង​ធ្វើ​អោយ​ក្មួយ​ៗ​បាន​ក្លាយជា​មនុស្ស​ថ្មី​តាម​ពាក្យស្លោក​ថា គ្រូ​ល្អ សិស្ស​ល្អ ហើយ​ប្រការ​ដែល​នាំ​អោយ​សិស្ស​ពូកែ  គឺ​មក​ពី​កត្តា​គំនិត​យល់​ដឹង ការ​ចង​ចាំ  និង​ភាព​ឈ្លាសវៃ ហើយ​ក៏​ជា​ថ្ងៃ​ផ្លាស់​ប្តូរជីវិត​យើង​ដែល​រួច​ផុត​រយៈពេល ១២​ឆ្នាំ ក្នុង​វ័យ​កម្រិត​បឋម និង​ដល់​មធ្យម ។

លោក​បន្ត​ថា ប្អូន​ៗ​ទាំង​៥​នាក់​នៅ​ទី​នេះ គឺ​សុទ្ធតែ​ជា​អ្នករៀន​ពួ​កែ តែ​ប្អូន​ៗ​ក៏​ត្រូវ​តែ​គោរព​អ្នករៀន​មិនសូវ​ពូកែ ។ ហើយ​អ្នករៀន​មិនសូវ​ពូកែ គេ​អាច​ជា​អ្នក​ពូកែ​រកស៊ី ហើយ​នៅ​ថ្ងៃ​អនាគត អ្នក​មិនសូវ​រៀន​ពូកែ​អាច​ផ្ដល់​ប្រាក់​សម្រាប់​កសាង​សាលា និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដូចនេះ​ប្អូន​ត្រូវ​ចេះ​ស្រឡាញ់​គ្នា និង​ប្រឹងប្រែង​រៀនសូត្រ​បន្ត​ទៀត ដើម្បី​អោយ​ក្លាយជា​បុគ្គល​ឆ្នើម​សម្រាប់​កសាង​ប្រទេស​ជាតិ​យើង ។

តំណាង​សិស្ស​និទ្ទេស A ស្រុក​កោះធំ កញ្ញា ខេ​ង ច័ន្ទ​ចរណៃ មក​ពី​វិទ្យាល័យ​ហ៊ុន​សែន​កោះធំ បាន​ថ្លែងអំណរគុណ​ដល់​លោក ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សា​ធនាគារ​កា​ណា​ឌី​យ៉ា ចំពោះ​ការ​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​និទ្ទេស A នូវ​ម៉ូតូ​៥​គ្រឿង និង​ថ្លែងអំណរគុណ​ផង​ដែរ ដល់​អ្នកឧកញ៉ា​ដែល​បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​សិស្ស​ដែល​ប្រលង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ពេល​ថ្មី​ៗ​នេះ ។

គួរ​បញ្ជាក់​ថា សិស្ស​ឆ្នើម​ទាំង​៥​រូប​មក​ពី​ស្រុក​កោះធំ ខេត្តកណ្ដាល ម្នាក់​ៗ​ទទួល​បាន​ម៉ូតូ​ម៉ាក​ហុងដា Scoopy មួយ​គ្រឿង រួម​នឹង​កញ្ចប់​ថវិកា​ផ្ដល់​ជូន​នាយករង​វិទ្យាល័យ​ហ៊ុន​សែន​កោះធំ និង​កំពង់​កុង ដែល​មាន​សិស្ស​ជាប់​និទ្ទេស A ផង​ដែរ​។ ម្យ៉ាងទៀត​សិស្ស​ទាំង​៥​នាក់ អាច​នឹង​មានឱកាស​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ធនាគារ​កា​ណា​ឌី​យ៉ា នៅ​ពេល​អនាគត បើសិនជា​ពួក​គេ​ចង់​ធ្វើការ​នៅ​ក្នុង​ធនាគារ​កា​ណា​ឌី​យ៉ា  ៕