ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ពលរដ្ឋ​ត្រូវ​រួម​គ្នា​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ចិញ្ចើម​ផ្លូវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចិញ្ចើម​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ក្រុម​អាជីវករ​រំលោ.ភ​ស្ទើ​ទាំងស្រុង ដើម្បី​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ ក្រសួងមហាផ្ទៃ​ស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​រួម​គ្នា

រាជធានី​ភ្នំពេញ ៖ ចិញ្ចើម​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ក្រុម​អាជីវករ​រំលោភ​ស្ទើ​ទាំងស្រុង ដើម្បី​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ ក្រសួងមហាផ្ទៃ​ស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​រួម​គ្នា​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ចិញ្ចើម​ផ្លូវ មិន​ត្រូវ​រំលោភ​ចិញ្ចើម និង​ទ្រូងផ្លូវ​ធ្វើ​អាជីវកម្ម​ទៀត​ទេ ។ ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​ចំនួន​១​ខ្នង​១០​បន្ទប់ នៅ​ក្នុង​វិទ្យាល័យ ជា ស៊ី​ម ជ្រោយចង្វារ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា​នេះ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ប្រសាសន៍​ថា យើង​ត្រូវ​រួម​គ្នា​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ។

សម្តេច​ក្រឡាហោម បាន​បន្ត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន និង​កំពុង​កែ​លម្អ​ចិញ្ចើម​ផ្លូវ​ដោយ​ក្រាល​ថ្ម ជា​ការ​ល្អ​ណាស់ ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​ត្រូវ​ជួយ​យកចិត្តទុកដាក់​ក្នុង​ការ​គ្រប់គ្រង​ចិញ្ចើម​ផ្លូវ​ផង​ដែរ មាន​ការដ្ឋាន​សំណង់​ខ្លះ​បាន​ដាក់​ថ្ម គ្រោះ​ខ្សាច់ រំលោភ​លើ​ចិញ្ចើម​ផ្លូវ ព្រមទាំង​មានការ​ធ្វើ​អាជីវកម្ម ដូច​ជា​លក់ដូរ​ផ្សេង​ៗ ចំពោះ​ការ​ធ្វើ​រោង​បុណ្យ និង​ការ​ជា​រឿង​មួយ​ដោយឡែក ព្រោះ​គាត់​ធ្វើ​ពិធី​រួច​គាត់​រុះ​ចេញ តែបើ​អ្នក​យក​ចិញ្ចើម​ផ្លូវ​ធ្វើ​អាជីវកម្ម​វិញ គឺ​តាំងពី​ព្រឹក​ទល់​ល្ងាច មួយ​ខែ​ទល់​មួយ​ខែ​។

ទាំងនេះ​ដែល​ធ្វើ​ឲ្យ​ប្រឈម​បញ្ហា​ច្រើន ជា​ពិសេស​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ សណ្តាប់ធ្នាប់ និង​អនាម័យ​ជាដើម​។ សម្តេច​ក្រឡាហោម ស ខេ​ង បាន​បញ្ជាក់​ថា គួរ​ខ្មាស់​ដល់​ភ្ញៀវ​ទេសចរណ៍​ផង  ដែល​ស្រុក​គេ​មិន​មានការ​យក​ចិញ្ចើម​ផ្លូវ​ធ្វើ​អាជីវកម្ម​ដូច​ស្រុក​យើង​ចឹ​ង​ទេ តែ​ត្រូវ​រក​កន្លែង​ឲ្យ​គាត់​លក់​ដែល​ធានា​អនាម័យ សុវត្ថិភាព​ចរាចរ និង​សណ្តាប់ធ្នាប់​តែ​ម្តង ទោះ​រឿង​តូចតាច​ក្តី​តែ​វា​បាន​ប៉ះពាល់​ដល់​កេរ្ដិ៍ឈ្មោះ និង​កិត្តិយស​របស់​ប្រទេស​យើង​។

ឧទាហរណ៍​ពេល​ភ្ញៀវ​ចុះ​ពី​ព្រ​លាន​យន្តហោះ ពោធិ​ចិន​តុង​ចូល​ភ្នំពេញ គេ​ឃើញ​ស្ថានភាព​តាម​ចិញ្ចើម​ផ្លូវ​ញ៉េ​រ​ញ៉ៃ គេ​នឹង​វាយតម្លៃ​ថា ប្រទេស​នេះ អត់​សណ្តាប់ធ្នាប់​តែ​ម្តង គឺ​មានការ​ប៉ះពាល់​ដល់​កិត្តិយស​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​ទាំងអស់​គ្នា  ដូចនេះ​យើង​ត្រូវ​យល់ និង​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ទីក្រុង​យើង​ស្អាត និង​មាន​អនាម័យ វា​ជា​មុខមាត់​របស់​យើង​ទាំងអស់​គ្នា​ផង​ដែរ ។ អគារសិក្សា​ដែល​ត្រូវ​សម្ពោធ​នេះ មាន​មួយ​ខ្នង ធ្វើ​អំពី​ឥដ្ឋ​ប្រក់​ក្បឿង កម្ពស់​៣​ជាន់​រាប់​ទាំង​ជាន់​ផ្ទាល់​ដី ទទឹង​៩​ម៉ែត្រ និង​បណ្តោយ​ប្រវែង​៤៨​ម៉ែត្រ បាន​បើក​ការដ្ឋាន​សាងសង់​ក្នុង​ខែសីហា ២០១៥ និង​បញ្ចប់​ជា​ស្ថាពរ​នៅ​ខែឧសភា ឆ្នាំ​២០១៦ ដែល​ត្រូវ​ចំណាយ​ថវិកា​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​អស់​ប្រមាណ ១.៥៩៣​ពាន់​លាន​រៀល ។

គួរ​រំលឹក​ថា កាលពី​ឆ្នាំ​១៩៧៩-១៩៨០ នៅ​រាជធានី​ភ្នំពេញ មាន​តែ​សាលា​បឋម​សិក្សា​ចំនួន​៤០​ទីតាំង អនុ​វិទ្យាល័យ​៣​ទីតាំង និង​គ្មាន​វិទ្យាល័យ​នោះ​ឡើយ ព្រមទាំង​មាន​សិស្ស​ចូល​រៀន​ត្រឹមតែ​ជាង​៤​ម៉ឺន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​រហូត​មក​ដល់​ឆ្នាំ​សិក្សា​២០១៥-២០១៦​នេះ សាលា​បឋម​សិក្សា​បាន​កើនឡើង​ដល់​១៦៤​ទីតាំង អនុ​វិទ្យាល័យ​ចំនួន​៣២​ទីតាំង វិទ្យាល័យ​ចំនួន​៣៤​ទីតាំង និង​សា​លាម​តេ​យ្យ​សិក្សា មាន​ចំនួន​២៤​ទីតាំង ព្រមទាំង​មាន​សិស្ស​ចូល​រៀន​ជាង​៣០​ម៉ឺន​នាក់ ៕