ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កាំកុងត្រូល​ដុត​កម្ទេច​ស្លាបមាន់​ខូច​គុណ បន្ទាប់​ពី​កម្លាំង​នគរបាល​ចាប់​បាន

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះ​សីហ​នុ រួម​មាន​នគរបាល​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះ​សីហ​នុ រួម​មាន​នគរបាល​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត មន្ត្រី​សាខា​កាំកុងត្រូល ព្រមទាំង​មន្ត្រី​តំណាង​មក​ពី​ស្ថាប័ន​ពាក់​ព​ន្ធ័​ផ្សេង​ៗ​ទៀត បាន​ចូលរួម​ដុត​កម្ទេច​ស្លាបមាន់ ជើងមាន់ និង​ដុំ​ប្រហិត​ខូចគុណភាព​ដែល​នគរបាល​ចាប់​ដកហូត​ពី​ឈ្មួញ​នៅ​ក្រុងព្រះសីហនុ​កាលពី​ថ្ងៃ​២៧ ខែកញ្ញា​ម្សិលមិញ​នេះ​។

មន្ត្រី​កាំកុងត្រូល​ថ្លែង​ថា ស្លាបមាន់ ជើងមាន់​និង​ដុំ​ប្រហិត​ខូចគុណភាព​ដែល​នាំ​យក​មក​ដុត​កម្ទេច​ចោល​នេះ​មាន​ទម្ងន់​ជិត​៤០០​គីឡូក្រាម គឺជា​ទំនិញ​ខុសច្បាប់​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​ផ្លូវ​សមុទ្រ ដើម្បី​ចែកចាយ​ក្នុង​ក្រុងព្រះសីហនុ​។

ប៉ុន្តែ​ត្រូវ​បាន​ចាប់​បង្ក្រាប​ដោយ​កម្លាំង​មាន​សមត្ថកិច្ច ហើយ​ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​ដើម្បី​ទប់ស្កាត់​ការ​ចរាចរ​លក់ដូរ​ផលិតផល​ម្ហូបអាហារ​ខូចគុណភាព នា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ សូម​បញ្ជាក់​ផង​ដែរ​ថា​ស្លាបមាន់​ខូចគុណភាព​ប្រមាណ​៣៥៥​គីឡូ​គ្រាម នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា វេលា​ម៉ោង​៩​ព្រឹក​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ឃាត់​ចាប់​បាន​បញ្ជូន​ទៅ​ឲ្យ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

យោង​តាម​ប្រភព​ពី​លោក​វរៈសេនីយ៍ឯក ស៊ុន សុ​ផាត ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ គូសបញ្ជាក់​ថា ដើម្បី​ចូលរួម​ថែរក្សា​នូវ​សុខភាព​របស់​ប្រជាពលរដ្ឋ ទប់ស្កាត់​នូវ​អំពើ​ខុសច្បាប់ ក្រោម​ការ​ណែនាំ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស ក្រោម​ការ​ដឹកនាំ​ពី​លោក​ផ្ទាល់​បាន​ចុះ​ស្ទាក់ និង​បង្ក្រាប​សាច់​មាន់ ស្លាបមាន់ និង​ប្រហិត​ខូចគុណភាព​ត្រង់​ចំណុច​ក្រោយ​កោះទន្សាយ ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ សរុប​ប្រមាណ​៣៥៥​គីឡូក្រាម ដោយ​ម្ចាស់​ទំនិញ​មានឈ្មោះ ចេ ស៊ុន​ហ៊ី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​០៩ ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​៕