ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថ​យន្ត​យោធា​​មួយគ្រឿង​ ជាប់ចោទ​បុកម៉ូតូ​ហើយកិន​ទៀត

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​របស់​កងពលតូច ដឹក​ជញ្ជូន​លេខ​៩៩​ត្រូវ​បាន​គេ​អះអាង​ថា បាន​បើក​បុក​ម៉ូតូ​មួយ​គ្រឿង ហើយ​បើក​ថយ​កិន​ទៀត តែ​សំណាងល្អ ស្ត្រី​២​នាក់​ម្តាយ​និង​កូន គ្រាន់តែរងរបួស​ប៉ុណ្ណោះ ។

រាជធានីភ្នំពេញ ៖  រថយន្ត​មួយ​គ្រឿង​របស់​កងពលតូច ដឹក​ជញ្ជូន​លេខ​៩៩​ត្រូវ​បាន​គេ​អះអាង​ថា បាន​បើក​បុក​ម៉ូតូ​មួយ​គ្រឿង ហើយ​បើក​ថយ​កិន​ទៀត តែ​សំណាងល្អ ស្ត្រី​២​នាក់​ម្តាយ​និង​កូន គ្រាន់តែរងរបួស​ប៉ុណ្ណោះ ។

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៨ ​កញ្ញា ស្ថិតនៅ​ចំណុច​ស្តុ​ប​ផ្លូវ​ភ្នំពេញ​-ហាណូយ កែង​ផ្លូវ​សម្តេច​ជា​ ស៊ី​ម ​ក្នុងភូមិ​ត្រពាំង​ស្វាយ​ សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ​ ។

រថយន្ត​ដែល​បើក​កិន​ម៉ូតូ​ពណ៌​ត្រេ​អី ពាក់​ស្លាក់​លេខខេ​មរ​​ភូមិន្ទ​០១​ ៣ ៤៧៥៧  ជា​រថយន្ត​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩៩ បើកបរ ដោយ​មន្ត្រី​យោធា​ម្នាក់ ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ ។​ ចំណែក​ស្ត្រី​រង​របួស​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ​ ក្រោយ​កើតហេតុ​ត្រូវ​បងប្អូន​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​សង្គ្រោះ​នៅ​គ្លី​និក​ឯកជន​ក្បែ​កន្លែង​កើតហេតុ​ ។

តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​យោធា​ខាងលើ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ភ្នំពេញ-​ហាណូយ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។​ នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ ​បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​​សេ​១២៥ ​ពណ៌​ខ្មៅ​ ស៊េរី​២០១៥​ ពាក់​ស្លាក​លេខ​កណ្តាល​1P-8531​ ​បើកបរ​ដោយ​ស្ត្រី​រង​គ្រោះ​ដឹក​កូនស្រី​អាយុប្រមាណ​ជាង​១០​ឆ្នាំ ដែល​ធ្វើ​ដំណើរ​ឆ្លងផ្លូវសសៀរ​​ទៅ​ផ្លូវ​បញ្ច្រាស ​។

តាម​សាក្សី​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​គ្រោះថ្នាក់​គេ​ឃើញ ស្ត្រី​ជា​ម្តាយ​បាន​ដួល ​ហើយ​កូនស្រី​បាន​ចូល​ក្រោម​រថយន្ត តែ​សំណាងល្អ​មិន​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ​​ចំណែក​ម៉ូតូ​ត្រូវ​រថយន្ត​កិន​ខ្ទេច​ផ្នែក​ខាង​មុខ​ ​។ បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​អ្នកបើកបរ បាន​ថយ​រថយន្តទៅ​កិន ស្ត្រី​រង​គ្រោះ​បន្ថែម​ទៀត តែ​ត្រូវ​បាន​ស្ត្រី​រង​គ្រោះ​របួសស្រាល នៅ​មាន​ស្មារតី​រឹងខំប្រឹងក្រោក​គេច​ចេញ​ ។

​ភ្លាម​ៗ ​រថយន្ត​ក៏​បាន​បើក​គេចខ្លួន​ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ មានការ​​ក្តៅ​​ក្រហាយ​នាំ​គ្នា​ដេញ​តាម​ដោយ​មានការ​ជួយ​អន្តរាគមន៍​ពី​នគរបាល​ខណ្ឌ​សែន​សុខ ​ក៏​បាន​ឃាត់​រថយន្ត និង​អ្នកបើកបរ​បាន នៅ​មុខ​ផ្សារ​ឈូក​មាស តាម​ផ្លូវ​លេខ ២០១១ ចម្ងាយ​​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​ ពី​កន្លែង​កើតហេតុ ។

តាម​ព័ត៌មានឱ្យ​ដឹង​ទៀត​ថា ខ​ណះ​នោះ អ្នកបើកបរបាន​ក្រាញននៀល ​និង​​ព្យាយាម​មិន​ឱ្យ​នគរបាល​នាំ​យក​រថយន្ត​នោះទេ ​តែ​ក្រោយមក ត្រូវ​បាន​មេបញ្ជាការ​ចុះ​ទៅ​សម្របសម្រួល​ឱ្យ​ប្រគល់​ខ្លួន​ និង​រថយន្ត​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​ដោះស្រាយ​ ។