ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​លះបង់​ទាំង​កាយ​ទាំង​ចិត្ត​៥​ឆ្នាំ ពេល​នេះ​ទើប​ចេញ​ចរិត​ពិត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​នារី​ជា​គូស្នេហ៍​និង​ក្រុម​គ្រួសារ​របស់​នាង​ចាប់​អូស​ចូល​សាលាសង្កាត់​​ចោមចៅ​កាលពី​វេលា​ម៉ោង​៨ និង​៤៥​នាទី​ព្រឹក …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​នារី​ជា​គូស្នេហ៍​និង​ក្រុម​គ្រួសារ​របស់​នាង​ចាប់​អូស​ចូល​សាលាសង្កាត់​ចោម​ចៅ​កាលពី​វេលា​ម៉ោង​៨ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​អះអាង​ថា នាង​ជាមួយ​គូស្នេហ៍​នេះ​បាន​រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ​៥​ឆ្នាំ​ហើយ​នៅ​ពេល​នេះ​បែរជា​ប្រុស​កំហូច​រូប​នេះ​មាន​បំណង​ចង់​ដោះដៃ​យករួចខ្លួន​ព្រមទាំង​រត់​ចោល​នាង​ទៀត​ផង ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ត្រូវ​ក្រុម​គ្រួសារ​និង​គូស្នេហ៍​ចាប់​អូស​ចូល​សាលាសង្កាត់​ដោះស្រាយ​គ្នា​នេះ​ឈ្មោះ ភឿន សិទ្ធ អាយុ​២២​ឆ្នាំ អតីត​កម្មករ​រោងចក្រ បច្ចុប្បន្ន​ប្រកប​របរ​លក់​ក្រួច​អាំង ស្នាក់​នៅ​ម្តុំ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ចំណែក​នារី​គូស្នេហ៍​មាន​អាយុ​២១​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ។

នារី​វ័យក្មេង​ជា​គូស្នេហ៍​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា ពួក​នាង​បាន​ស្រលាញ់​គ្នា​៥​ឆ្នាំ​ហើយ​តាំងពី​ពួក​នាង​ធ្វើការ​នៅ​រោងចក្រ​ជាមួយ​គ្នា​មក​ម្ល៉េះ ។ ដោយសារ​តែ​ពាក់​លួងលោម ព្រមទាំង​សន្យា​ថា​នឹង​ចូល​ដណ្ដឹង​រៀប​ការ​តាម​ប្រពៃណី នាង​ក៏​សុខចិត្ត​លះបង់​ព្រហ្មចារី​យ៍​ជូន​ប្រុស​ស្នេហ៍​ដើម្បី​បញ្ជាក់​ចិត្ត​ស្មោះ ប៉ុន្តែ​ប្រុស​ស្នេហ៍​របស់​នាង​សន្យា​ថា​ចូល​ដណ្តឹង​ម្តង​ហើយ​ម្តងទៀត ពោល​គឺ​សន្យា​ឲ្យ​រួច​តែ​ពី​មាត់​ប៉ុណ្ណោះ ។ លុះ​រយៈពេល​១​ខែ​ចុង​ក្រោយ​នេះ​ប្រុស​កំហូច​នេះ​ក៏​ដាក់​ពាក្យ​លាឈប់​ការងារ​ពី​រោងចក្រ និង​រត់​ចោល​បន្ទប់​ជួល​ក្នុង​បំណង​ដោះដៃ​ចោល​នាង ។

នារី​វ័យក្មេង​រូប​នេះ​បន្ត​ទៀត​ថា បន្ទាប់​ពី​ដឹង​ថា ប្រុស​ស្នេហ៍​ចង់​ដោះដៃ នាង​ក៏​ប្រាប់​ក្រុម​គ្រួសារ​ឲ្យ​ដឹង ហើយ​ក៏​លើកគ្នា​ពី​ស្រុក​មក​ភ្នំពេញ​ដើម្បី​តាម​រក​ប្រុស​កំហូច​នេះ​រហូត​ប្រទះ​ឃើញ​នៅ​ម្តុំ​ផ្សារ​អូរ​ដឹ​ម​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ ក៏​នាំ​គ្នា​ចាប់​អូស​ចូល​សាលាសង្កាត់​ដើម្បី​ដោះស្រាយ​គ្នា ។

ចំណែក​ភាគី​ខាង​ប្រុស​ដែល​រង​ការ​ចោទប្រកាន់​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា រូបគេ​មិន​បាន​ឆក់​យក​ព្រហ្មចារី​យ៍​នាង​ឡើយ គឺ​គ្រាន់តែ​ស្រឡាញ់​គ្នា​ធម្មតា​ប៉ុណ្ណោះ ។

ចំពោះ​ការ​ឆ្លើយ​ដោះសារ​បែប​នេះ ត្រូវ​ភាគី​ខាង​ស្រី​បដិសេធ​ទាំង​ស្រុក ដោយ​លើក​ឡើង​ថា នេះ​គ្រាន់តែ​ជា​ពាក្យដោះសារ​យករួចខ្លួន​ប៉ុណ្ណោះ ដំណាច់​តែ​លះបង់​ខ្លួនប្រាណ​និង​ចិត្ត​៥​ឆ្នាំ​ហើយ មិន​អាច​ឲ្យ​ដោះដៃ​បាន​ដោយ​ស្រួល​បែប​នេះ​ទេ គឺ​ត្រូវ​តែ​ដោះស្រាយ​គ្នា​ឲ្យ​បាន​ច្បាស់លាស់​សិន ។

ក្រោយ​ពី​ប្រកែកប្រណាំង​គ្នា​កណ្ដាលផ្លូវ​អស់ចិត្ត ភាគី​ខាង​ស្រី​ក៏​ចាប់​អូស​ភាគី​ខាង​ប្រុស​ចូល​ទៅ​សាលាសង្កាត់​ចោម​ចៅ​ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ ៕