ខេត្តកំពង់ចាម ៖ ជនសង្ស័យ២ក្រុម បានបង្កហិង្សាក្នុងកម្មវិធីរាំធុងបាសនៅឯវត្តរំចេកក្រោម ស្ថិតក្នុងភូមិរំចេក ឃុំតាប្រុក ស្រុកចំការលើ ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តឃាត់បានចំនួន៩នាក់ បញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី២៨ កញ្ញា នេះ ។
ក្នុងហេតុការណ៍នោះ មានបុរសពោះម៉ាយម្នាក់ ត្រូវចាក់ធ្លាយក្រពះបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តផងដែរ ។ បើតាមមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តថា ជនដែលត្រូវបញ្ជូនទៅសាលាដំបូងខេត្ត ១-ឈ្មោះចៀម ទ្រក ភេទប្រុស អាយុ២៧ឆ្នាំ ២-ឈ្មោះណម ម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ ៣-ឈ្មោះតាំ ភ័ក្ត្រ ភេទប្រុស អាយុ១៩ឆ្នាំ ៤-ឈ្មោះផាន ឃីម ភេទប្រុស អាយុ២២ឆ្នាំ ទាំង៤នាក់ រស់ភូមិនាងលើង ឃុំតាប្រុក ស្រុកចំការលើ ៥-ឈ្មោះ កន ស្រស់ ភេទប្រុស អាយុ២៤ឆ្នាំ ៦-ឈ្មោះមិះ ម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ ទាំង២នាក់នៅភូមិឈូក ឃុំតាប្រុក ស្រុកចំការលើ ៧-ឈ្មោះ អ៊ុក ធឿក ភេទប្រុស អាយុ២៣ឆ្នាំ ៨-ឈ្មោះ ខាត់ សុខា ភេទប្រុស អាយុ២៥ឆ្នាំ ៩-ឈ្មោះ ឡុង ក្រាញភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឈូក ឃុំតាប្រុក ទាំង៣នាក់ ។
មន្ត្រីនគរបាលបន្តថា នៅវត្តរំចេកក្រោម មានគេដាក់ធុងបាសឲ្យរាំកំសាន្តលេងសម្រាប់រដូវភ្ជុំបិណ្ឌនេះ លុះនៅវេលា០៩ និង១៥នាទីយប់ថ្ងៃទី២៥កញ្ញា ២០១៦ ស្រាប់តែមានផ្ទុះអំពើហិង្សាកើតឡើងនៅក្នុងវង់រាំដោយមនុស្ស២ក្រុម បានវាយគ្នាទៅវិញទៅមក ដោយមានប្រើទាំងព្រនង់ឈើផងដែរ ។
ជនសង្ស័យឈ្មោះមិះ ម៉ាប់ បានឆ្លើយថា រូបគេទៅរាំលេងនៅវត្តរំចេក ស្រាប់តែកំពុងតែរាំចង្វាក់បទញាក់ ឃើញបងថ្លៃប្រុសឈ្មោះបៀន ត្រូវបានគេចាក់ធ្លាយក្រពះ ក៏ស្ទុះរត់ទៅជួយលើកបង តែរត់ទៅមិនទាន់ដល់ផងនោះ ស្រាប់តែមានមនុស្សមិនស្គាល់បានមកវាយត្រូវរូបគេដាច់ស្លឹកត្រចៀកហូរឈាម ។
ចែករំលែកព័តមាននេះ