ខេត្តតាកែវ ៖ សណ្ឋាគារសេវិនដេយស៍អ៊ីន ដែលជាការវិនិយោគរបស់វិនិយោគិនខ្មែរ ត្រូវបានបើកសម្ពោធទទួលបម្រើភ្ញៀវជាផ្លូវការនៅខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ កន្លងមកនេះ ដោយបានរៀបចំពិធីបើកសម្ពោធយ៉ាងឱឡារិកកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានការចូលរួមពីលោកឡាយ វណ្ណៈ អភិបាលខេត្តតាកែវផងដែរ ។
ក្នុងពិធីប្រកាស និងសម្ពោធដាក់ដំណើរការទទួលភ្ញៀវនៃសណ្ឋាគារទី២ ក្នុងខេត្តតាកែវ លោក ឡាយ គឹមឆេន អគ្គនាយកសណ្ឋាគារ សេវិន ដេយស៍អ៊ីន ( Seven days In ) បានអោយដឹងថា សណ្ឋាគារសេវិន ដេយស៍អ៊ីន បានចាប់ផ្ដើមដំណើរការសាងសង់ចាប់តាំងពីខែឧសភា ឆ្នាំ២០១៤ នៅលើផ្ទៃដីទំហំជាង១.២០០ម៉ែត្រការ៉េ និងបានបញ្ចប់ជាស្ថាពរកាលពីខែសីហា ២០១៦ កន្លងមកនេះ ដោយប្រើប្រាស់រយៈពេលសាងសង់២៧ខែ ហើយចំណាយទឹកប្រាក់ប្រមាណ១,៥លានដុល្លារអាមេរិក ។ សណ្ឋាគារនេះ មានកំពស់៥ជាន់ ក្នុងនោះមានបន្ទប់ស្នាក់នៅចំនួន៦៤បន្ទប់ សាលប្រជុំចំនួន១ ដែលមានទំហំប្រហែល២០០ម៉ែត្រការ៉េ និងអាចផ្ទុកអ្នកចូលរួមប្រជុំបានប្រមាណ១០០នាក់ផងដែរ ។
លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា វត្តមានរបស់សណ្ឋាគារសេវិនដេយស៍អ៊ីន នៅពេលនេះ គឺបានចូលរួមចំណែកក្នុងកិច្ចការខាងលើនិងដើម្បីចូលរួមលើកស្ទួយវិស័យសេដ្ឋកិច្ច និងទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងខេត្តតាកែវ ដែលពីមួយថ្ងៃទៅមួយថ្ងៃរដ្ឋបាលខេត្តបានកំពុងខិតខំកែលំអរស្ថាបនាផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធនានាទាំងក្នុងក្រុង និងក្រៅក្រុង ជាពិសេសកែលំអរ សោភ័ណ្ឌភាពក្នុងក្រុងជាច្រើនកន្លែង ។
លោកបន្តថា សណ្ឋាគារថ្មីនេះ ក៏នឹងផ្ដល់អត្ថប្រយោជន៍ជូនចំពោះ ប្រជាពលរដ្ឋ និងអ្នកជំនួញដែលកំពុងប្រកបអាជីវកម្មក្នុងខេត្តតាកែវ តាមរយៈការបម្រើសេវាកម្មសណ្ឋាគារដែលមានគុណភាព ជាពិសេសគឺបានបង្កើតការងារ និងប្រភពចំណូលដើម្បីលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋក្នុងខេត្តតាកែវ និងផ្ដល់ភាពកក់ក្ដៅ ដល់ភ្ញៀវទេសចរ និងបង្កើតនូវផលប្រយោជន៍ នៃវិស័យទេសចរណ៍របស់ខេត្តផងដែរ ។
ចែករំលែកព័តមាននេះ