ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រាស​ជប៉ុន​ជា​ច្រើន​ជំរុញ​ឱ្យ​បុគ្គលិក​អង្គុយ​ធ្វើការ​តិច

7 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ក្រុមហ៊ុន​ជប៉ុន​កាន់តែ​ច្រើន​ដែល​យល់​ដឹង​ពី​ការ​អង្គុយ​ធ្វើការ​ក្នុង​រយៈពេល​យូរ ហើយ​បាន​ចាប់ផ្តើម​ផ្សព្វផ្សាយ​ពី​ផលប្រយោជន៍​នៃ​ការ​ឈរ និង​ពត់​ខ្លួនប្រាណ។

ប្រទេស​ជប៉ុន ៖ ក្រុមហ៊ុន​ជប៉ុន​កាន់តែ​ច្រើន​ដែល​យល់​ដឹង​ពី​ការ​អង្គុយ​ធ្វើការ​ក្នុង​រយៈពេល​យូរ ហើយ​បាន​ចាប់ផ្តើម​ផ្សព្វផ្សាយ​ពី​ផលប្រយោជន៍​នៃ​ការ​ឈរ និង​ពត់​ខ្លួនប្រាណ។

នៅ​ក្នុង​ការិយាល័យ​របស់​ក្រុមហ៊ុន e-commerce ជប៉ុន គឺ Rakuten ក្នុង​ទីក្រុង​តូ​ក្យូ បុគ្គលិក​របស់​ពួក​គេ​ត្រូវ​បាន​ផ្តល់​នូវ​តុ​ធ្វើការ​ដែល​អនុញ្ញាត​ឲ្យ​ឈរ​ធ្វើការ​ក៏​បាន និង​អង្គុយ​ធ្វើការ​ក៏​បាន ។ នៅ​ពេល​ដែល​ក្រុមហ៊ុន​នេះ​បាន​ប្តូរ​ការិយាល័យ​របស់​ខ្លួន​មក​ក្នុង​ទីក្រុង​តូ​ក្យូ នា​ឆ្នាំ​២០១៥ ពួក​គេ​បាន​ផ្តល់​នូវ​តុ​ធ្វើការ​ថ្មី ដែល​អាច​ដំឡើង ឬ​បន្ថយ​កម្ពស់​បាន ។

លើស​ពី​នេះ​ទៀត ការ​ផ្លាស់​ប្តូរ​តុ​នេះ​ក៏​មាន​ចំណែក​ដោយសារ​តែ​មានការ​កើនឡើង​នៃ​បុគ្គលិក​បរទេស​ក្នុង​ក្រុមហ៊ុន​ផង​ដែរ ដែល​តុ​ធ្វើការ​ជប៉ុន​មាន​ទំហំ​តូច និង​ទាប​សម្រាប់​ពួក​គេ ។ ប៉ុន្តែ​ពេល​នេះ សូ​ម្បី​តែ​វិស្វករ​ក៏​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើការ​ឈរ​នៅ Rakuten ដែរ ព្រោះតែ​តុ​ថ្មី​នេះ ។ រីឯ​បុគ្គលិក​ដទៃ​ទៀត​ក៏​ស្រឡាញ់ និង​ចូល​ចិត្ត​តុ​ថ្មី​នេះ​ដែរ ព្រោះតែ​វា​ផ្តល់​សារ​ប្រយោជន៍​ដល់​ជើង​របស់​ពួក​គេ ហើយ​ថែម​ទាំង​អាច​បង្កើន​ការ​ប្រាស្រ័យ​ទាក់ទង និង​បង្កើន​គំនិត​ច្នៃប្រឌិត​ក្នុង​ក្រុមហ៊ុន​ទៀត​ផង ។

ចំណែក​ក្រុមហ៊ុន Fujikura បាន​បង្កើត​កន្លែង​ហាត់ប្រាណ​ក្នុង​ការិយាល័យ​សម្រាប់​បុគ្គលិក ។ បុគ្គលិក​ម្នាក់​និយាយ​ថា ៖ « នៅ​ពេល​ដែល​ប្រជុំ​ហើយ ពួក​យើង​និយាយ​ថា តោះ​ទៅ​ពត់​ខ្លួន ។ វា​ពិតជា​មាន​អារម្មណ៍ល្អ​ណាស់​ពេល​ដែល​ខ្ញុំ​ទៅ​សម្រាក​បន្តិច ហើយ​វា​បាន​ជួយ​ដល់​ពួក​យើង » ។

តាំងពី​ឆ្នាំ​២០០៩​មក ក្រុមហ៊ុន​ក្នុង​ទីក្រុង​តូ​ក្យូ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​ជំរុញ​ដល់​សុខភាព​របស់​បុគ្គលិក ។ ការ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ទាំងនេះ ពិតជា​មាន​ប្រសិទ្ធភាព ដោយ​បាន​កាត់​បន្ថយ​បុគ្គលិក​ដែល​មាន​ជំងឺ​មេតា​ប៉ូ​លី​ស​ឱ្យ​ចុះ​ខ្សោយ ចំណែក​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន ក៏​បាន​កើនឡើង​ផង​ដែរ ។

លើស​ពី​នេះ​ទៀត ក្រុមហ៊ុន NTT Software បាន​កែ​ច្នៃ​ការិយាល័យ ដោយ​ដក​ចេញ​នូវ​ជញ្ជាំង​ខណ្ឌ​រវាង​បុគ្គលិក និង​ធ្វើ​ឲ្យ​ការិយាល័យ​ទាំងមូល​មាន​ភាព​ទូលាយ​ជាង​មុន ។ ក្រុមហ៊ុន​នេះ​និយាយ​ថា វា​បាន​ជំរុញ​ឲ្យ​បុគ្គលិក​ដើរទៅ​វិញ​ទៅ​មក និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្ត​រួមការ​ងារ​របស់​ពួក​គេ​ដោយ​ងាយស្រួល ។

បុគ្គលិក​ម្នាក់​និយាយ​ថា ៖ « ការ​ដើរ​បាន​ក្លាយជា​ទម្លាប់​មួយ​ទៅ​ហើយ ហើយ​ខ្ញុំ​ក៏​បាន​ហាត់ប្រាណ​ច្រើន​ជាង​មុន​ដែរ​ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក » ។

ក្រុមហ៊ុន​ផលិត​គ្រឿងសង្ហារិម Itoki បាន​អះអាង​ថា នៅ​ពេល​ដែល​អ្នក​អង្គុយ​យូរ​ពេក មិន​ថា​កៅអី​របស់​អ្នក​ងាយស្រួល​អង្គុយ​ប៉ុនណា​នោះ​ទេ ក៏​នៅ​តែ​មានការ​ប៉ះពាល់​ដែរ ។ បុគ្គលិក​ម្នាក់​ក្នុង​ក្រុមហ៊ុន Itoki បាន​និយាយ​ថា ៖ «​បើ​ទោះជា​យើង​ព្យាយាម​បង្កើន​គុណភាព​កៅអី​ប៉ុណ្ណា ក៏​នៅ​តែ​មាន​អ្នក​រអ៊ូ​ថា ឈឺ​ស្មា និង​ចង្កេះ​ដែរ » ។

ប៉ុន្តែ​ពេល​នេះ Itoki កំពុង​តែ​អនុវត្ត​ការ​ធ្វើការ​បណ្តើរ ហាត់ប្រាណ​បណ្តើរ ដែល​បុគ្គលិក​អាច​ពត់​ខ្លួន​ក្នុង​ពេលធ្វើការ​ដើម្បី​បង្កើន​សុខភាព ។

លោក Koichiro Oka សាស្ត្រាចារ្យ​ផ្នែក វិទ្យាសាស្ត្រ​សុខភាព​នៃ​សាកលវិទ្យាល័យ​Waseda University បាន​ព្រមាន​ពី​ការ​ប៉ះពាល់​ដោយសារ​ការ​អង្គុយ​ធ្វើការ​យូរ​ក្នុង​ការិយាល័យ​។ លោក​និយាយ​ថា ៖ «​ប្រសិនបើ​អ្នក​គិត​ថា វា​មិន​អី​ទេ ព្រោះ​អ្នក​បាន​ហាត់ប្រាណ​ក្នុង​ចុង​ស​ប្តា​ហ៍​នោះ អ្នក​យល់​ខុស​ហើយ ។ កង្វះខាត​នៃ​លំ​ហាត់ប្រាណ​ប្រចាំ​ស​ប្តា​ហ៍ អាច​នាំ​មក​នូវ​ជំងឺ​ដូច​ជា ជំងឺ​បេះដូង និង​ទឹកនោមផ្អែម » ។

រដ្ឋាភិបាល​ជប៉ុន​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​ពី​បញ្ហា​នេះ​ក្នុង​វិស័យ​អាជីវកម្ម ។ ក្នុង​ខែមករា ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និង Tokyo Stock Exchange បាន​ជ្រើសរើស​ក្រុមហ៊ុន​ចំនួន​២៥ សម្រាប់​ផ្នែក​សុខភាព និង​ប្រសិទ្ធភាព​ការងារ​ក្នុង​ឆ្នាំ​២០១៦ ដោយ​ក្រុមហ៊ុន​ទាំងនេះ​បាន​បង្កើន​សុខភាព​របស់​បុគ្គលិក រួម​មាន ក្រុមហ៊ុន Lawson, Kao, Bridgestone និង Japan Airlines ៕