ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ជូន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ជូន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម សម្រាប់​យក​ទៅ​ប្រើប្រាស់​សង្គ្រោះ​ជីវិត​ជន​រង​គ្រោះ​ដែល​ត្រូវការ​ឈាម​បន្ទាន់​នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ។ កម្មវិធី​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​ផ្ទាល់​តែ​ម្ដង ដោយ​មានការ​ចូលរួម​បរិច្ចាគ​ពី​សំណាក់​បុគ្គលិក​មន្ទីរពេទ្យ និង​ដៃគូ​សហការ​ផង​ដែរ ។ នេះ​ជា​លើក​ទី​៣​ហើយ​សម្រាប់​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ ក្នុង​ការ​រៀបចំ​ឱ្យ​មាន​កម្មវិធី​បរិច្ចាគ​ឈាម​ជូន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ។

លោក ហុ​ក គឹ​ម​ចេ​ង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម បាន​មាន​ប្រសាសន៍​ថា តម្រូវការ​ឈាមមាន​កំណើន​ជា​ប្រចាំ ដោយ​ឃើញ​ថា​នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ ទទួល​បាន និង​ផ្គត់ផ្គង់​ឈាម​ប្រមាណ​ជាង​២​ម៉ឺន​ប្លោក ហើយ​នៅ​តាម​ខេត្ត​ប្រមាណ​ជាង​១​ម៉ឺន​ប្លោក​ទៀត  ។ ដូចនេះ​ឃើញ​ថា នៅ​ទូ​ទាំង​ប្រទេស​ការ​ទទួល​បាន និង​ផ្គត់ផ្គង់​ឈាមមាន​ប្រមាណ​៣​ម៉ឺន​ប្លោក ហើយ​យើង​ក៏​អាច​សន្និដ្ឋាន​បាន​ថា​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ការ​ផ្គត់ផ្គង់​ឈាម​អាច​នឹង​មាន​ចំនួន​៦​ម៉ឺន​ប្លោក ឬ​លើស​ពី​នេះ​ទៅ​ទៀត ។ លោក​បន្ត​ថា នៅ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ បើ​តាម​បទ​ពិសោធន៍​កន្លង​មក​តម្រូវការ​ឈាមមាន​លក្ខណៈ​បន្ទាន់​ៗ ដូច​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ។ ដូច្នេះ​លោក​សូម​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំ ក្នុង​ការ​ធ្វើ​ដំណើរ និង​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ត្រឹមត្រូវ​ទាំងអស់​គ្នា ។

លោក វេជ្ជបណ្ឌិត វ៉ា​ត់​សាន់ អា​ភី​វ៉ា​តា​ណា​គុណ (Watson Appiwatanakoon) នាយករង​មន្ទី​ពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ បានឱ្យ​ដឹង​ថា ក្នុង​ឱកាស​នេះ ប្រាកដជា​មាន​បងប្អូន​ខ្មែរ​មួយ​ចំនួន​ធំ​បាន​ធ្វើបុណ្យ​ក្នុង​ពិធី​កាន់បិណ្ឌ​ដើម្បី​ឧទ្ទិស​កុសល​ដល់​បងប្អូន​ដែល​ចែក​ឋាន​ទៅ ។ ទន្ទឹម​នឹង​នេះ​ដែរ មន្ទីរពេទ្យ​បាន​យល់​ឃើញ​ថា ការ​ចែករំលែក គឺជា​ផល​បុណ្យ​មួយ​ដ៏​ល្អ​ប្រសើរ ហើយ​ការ​បរិច្ចាគ​ឈាម​សម្រាប់​ជួយ​ជីវិត​អ្នក​ដទៃ​នោះ ក៏​រឹតតែ​ទទួល​បាន​បុណ្យ​យ៉ាង​ពិសេស​មិន​អាច​កាត់ថ្លៃ​បាន ។ លោក​បន្ត​ថា មនុស្ស​យើង​ម្នាក់​ៗ​គួរតែ​ដឹង​ច្បាស់​ខ្លួនឯង​ថា យើង​ស្ថិត​នៅ​ក្រុម​ឈាម​ប្រភេទ​អ្វី ងាយស្រួល​នៅ​ពេល​បងប្អូន ឬ​មិត្តភក្តិ​របស់​យើង​មាន​បញ្ហា អាច​បរិច្ចាគ​ឈាម​បាន​លឿន​ៗ ជៀសវាង​មាន​អ្នក​ណា​ម្នាក់​មាន​បញ្ហា​ត្រូវការ​ឈាម​បន្ទាន់ តែ​ខ្លួន​យើង​មិនដឹង​ច្បាស់​ខ្លួនឯង​មាន​ឈាម​ប្រភេទ​ណាមួយ​នោះ ។

គួរ​បញ្ជាក់​ថា នៅ​រៀង​រាល់ពេល​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ម្ដង​ៗ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​បាន​ទទួល​ឈាម​ពី​អ្នក​បរិច្ចាគ​បាន​ប្រមាណ​ជិត​១០០​ប្លោក ហើយ​នៅ​ពេល​នេះ​ដែរ ក៏​មាន​អ្នក​ចុះ​ឈ្មោះ​បរិច្ចាគ​ឈាម​ជូន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ប្រមាណ​ជិត​១០០​ប្លោក​ផង​ដែរ ៕