ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​គណៈមេធាវី​បង្ហាញ​ក្តី​កង្វល់​ចំពោះ​បញ្ហា​ថតចម្លង​សំណុំរឿង​នៅ​តុលាការ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈមេធាវី លោក ប៊ុ​ន ហុ​ន បង្ហាញ​ក្តី​កង្វល់​ចំពោះ​បញ្ហា​ថតចម្លង​សំណុំរឿង​នៅ​តុលាការ ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​នានា ដែល​កំពុង​ប្រឈម​នឹង​ …

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈមេធាវី លោក ប៊ុ​ន ហុ​ន បង្ហាញ​ក្តី​កង្វល់​ចំពោះ​បញ្ហា​ថតចម្លង​សំណុំរឿង​នៅ​តុលាការ ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​នានា ដែល​កំពុង​ប្រឈម​នឹង​ការ​រិ​ត​ត្បិត​ចំពោះ​ឯកសារ​មួយ​ចំនួន និង​គ្មាន​អត្រា​តម្លៃ ព្រមទាំង​ការ​ផ្ដល់​វិក្កយបត្រ​ជាក់លាក់​សម្រាប់​កត់ត្រា​លើ​ការ​ចំណាយ ។

ការ​លើក​ឡើង​បែប​នេះ​របស់​ប្រធាន​គណៈមេធាវី​ធ្វើ​ឡើង​កាលពី​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ ក្នុង​វេទិកា​ពិភាក្សា​រវាង​គណៈមេធាវី និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នា​ទីស្នាក់ការ​គណៈមេធាវី ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

លោក ប៊ុ​ន ហុ​ន ប្រធាន​គណៈមេធាវី លើក​ឡើង​ថា នៅ​ក្នុង​ការងារ​ប្រកប​វិជ្ជាជីវៈ​របស់​មេធាវី មេធាវី​ត្រូវ​យល់​ដឹង​ឲ្យ​បាន​ច្បាស់លាស់​ពី​ច្បាប់ និង​បទបញ្ញត្តិ​នានា ជា​ពិសេស​ច្បាប់​ពាក់ព័ន្ធ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ។ ឆ្លៀត​ក្នុង​ឱកាស​នោះ លោក ប៊ុ​ន ហុ​ន បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង​ដែរ ។ បញ្ហា​ប្រឈម​ទាំងនោះ​រួម​មាន សកម្មភាព​របស់​បុគ្គល​មួយ​ចំនួន​ដែល​ធ្វើការ​រត់ការ​នៅ​តាម​ស្ថាប័ន​មាន​សមត្ថកិច្ច​នានា ហើយ​ដើរតួ​នាទី​បន្លំ​ជា​មេធាវី ។ សកម្មភាព​អន្តរាគមន៍​របស់​ជន​មួយ​ចំនួន​នៅ​ក្នុង​រឿង​ក្ដី​តុលាការ ។ បញ្ហា​ថតចម្លង​សំណុំរឿង​នៅ​តុលាការ ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច នៅ​ប្រឈម​នឹង​ការ​រិ​ត​ត្បិត​ចំពោះ​ឯកសារ​មួយ​ចំនួន និង​គ្មាន​អត្រា​តម្លៃ ព្រមទាំង​ផ្ដល់​វិក្កយបត្រ​ជាក់លាក់​សម្រាប់​កត់ត្រា​លើ​ការ​ចំណាយ ។ តួនាទី និង​មុខងារ​ជាន់​គ្នា​រវាង​មុខងារ​មេធាវី និង មុខងារ​របស់​សារការី ព្រមទាំង​បញ្ហា​បង់ពន្ធ​របស់​មេធាវី​ផង​ដែរ ។

លោក ប៊ុ​ន ហុ​ន សង្កត់ធ្ងន់​ថា «​មេធាវី​មិនមែន​ជា​ជំនួយការ​តុលាការ ឬ​ជា​អន្តរការី​នៃ​អំពើ​ពុក​រលួយ​ឡើយ​» ។

ពាក់ព័ន្ធ​ករណី​នេះ លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​លើក​ឡើង​ក្នុង​អង្គ​វេទិកា​ថា លោក​នឹង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ធ្វើការ​ជួប​ពិភាក្សា​ជាមួយ​តុលាការ​អំពី​ការ​ថតចម្លង​ឯកសារ​រឿង​ក្តី​នៅ​តុលាការ ដែល​ស្នើ​សុំ​ដោយ​មេធាវី  ។

ប្រធាន​គណៈមេធាវី លោក ប៊ុ​ន ហុ​ន បញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន​នេះ មេធាវី​កំពុង​ប្រកប​វិជ្ជាជីវៈ​មាន​ចំនួន​៩៤៧​នាក់ ដែល​ចំនួន​នេះ​ពុំ​ទាន់​ជាក់លាក់​នៅឡើយ ពោល​គឺ​អាច​នឹង​មានការ​កើនឡើង​នៅ​ពេល​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធាន​គណៈមេធាវី​នា​ពេល​ខាង​មុខ ៕