ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​លើកស្ទួយ​វិស័យ​ស្រូវ​អង្ករ ខណៈ​កំពុង​ជួប​វិបត្តិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​នេះ តម្លៃ​ស្រូវ​អង្ករ​កំពុង​ជួប​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ និង​ឈាន​ដល់​កសិករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​ចាក់​ស្រូវ​បិទផ្លូវ​ជាដើម ដើម្បី​ឲ្យ​ក្រសួង ស្ថាប័ន ពិសេស​រាជរដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ ។

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​នេះ តម្លៃ​ស្រូវ​អង្ករ​កំពុង​ជួប​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ និង​ឈាន​ដល់​កសិករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​ចាក់​ស្រូវ​បិទផ្លូវ​ជាដើម ដើម្បី​ឲ្យ​ក្រសួង ស្ថាប័ន ពិសេស​រាជរដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ ។ ជា​ការ​ឆ្លើយ​តប​ភ្លាម​ៗ ប្រមុខ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ដល់​វិស័យ​រដ្ឋ ក៏​ដូច​ជា​វិស័យ​ឯកជន ធ្វើ​យ៉ាងណា​រួម​គ្នា​ដោះស្រាយ​វិបត្តិ​មួយ​នេះ​ឲ្យ​មាន​សភាព​ធូរស្រាល​វិញ ។

ដើម្បី​ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​នេះ ក្រសួងពាណិជ្ជកម្ម បាន​ប្រកាស​នឹង​ទិញ​ស្រូវ​ពី​ប្រជាជន​ឲ្យ​បាន​ច្រើន​ជា​អតិបរមា ហើយ​ខិតខំ​ស្វែងរក​ទីផ្សារ​អន្តរជាតិ​បន្ថែម​ទៀត​សម្រាប់​ស្រូវ​អង្ករ​ខ្មែរ ។ ដោយឡែក​នៅ​ក្នុង​វិស័យ​ឯកជន ក៏​មានការ​ចូលរួម​យ៉ាង​សកម្ម​ផង​ដែរ តាម​រយៈ​ការ​ប្រមូល​ទិញ​កសិករ​ដើម្បី​លើក​ស្ទួយ​វិស័យ​មួយ​នេះ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ ។

ថ្លែង​ក្នុង​យុទ្ធនាការ​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​កាលពី​ថ្ងៃ​ទី​២៥ កញ្ញា កន្លង​មក លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ប៉ាន សូរ​ស័ក្ដិ បាន​ឲ្យ​ដឹង​ថា ស្រូវ​ក្រអូប​ចំនួន​ជាង​១០០​តោន​របស់​កសិករ​នៅ​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង ត្រូវ​បាន​ប្រមូល​ទិញ​ដើម្បី​ប្រគល់​ជូន​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ត សម្រាប់​ស្តុក​ទុក និង​ប្រើប្រាស់​ទៅ​តាម​តម្រូវការ​ជាក់ស្តែង ។ លោក​ថ្លែង​ថា ៖ « នេះ​គឺជា​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​រវាង​រដ្ឋ និង​រាស្ត្រ ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​កម្ពុជា សំដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​ធ្វើ​ចំណាកស្រុក ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល ហើយ​ក្រសួង​នឹង​ធ្វើការ​ទិញ​ស្រូវ​ឲ្យ​បាន​ច្រើន​ជា​អតិបរមា » ។

លោក​រដ្ឋមន្ត្រី​ក៏​មាន​ប្រសាសន៍​ដែរ​ថា ៖ «​ស្រូវ​អង្ករ​គឺជា​អាយុជីវិត​របស់​កសិករ ដូច្នេះ​នៅ​ពេល​តម្លៃ​ស្រូវ​ធ្លាក់ រាជរដ្ឋាភិបាល​មាន​កាតព្វកិច្ច​ស្រោចស្រង់​វិបត្តិ​មួយ​នេះ » ។

ដោយឡែក អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ​រាយ​ស៍ កាលពី​ពេល​ថ្មី​ៗ ក៏​បាន​ប្រកាស​ទិញ​ស្រូវ​សែន​ក្រអូប​ពី​កសិករ​ចំនួន​១​ពាន់​តោន​ផង​ដែរ ដើម្បី​ជួយ​រក្សា​ទីផ្សារ​ស្រូវ​កុំឱ្យ​ធ្លាក់​ចុះ ក៏​ដូច​ជា​ជួយ​សម្រាលទុក្ខ​របស់​កសិករ​នៅ​ក្នុង​សហគមន៍​ស្រុក​សង្កែ ខេត្តបាត់ដំបង ។

លោក​ឧកញ៉ា សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ បាន​មាន​ប្រសាសន៍​ថា ៖ « ក្នុង​១​ឆ្នាំ​ៗ ក្រុមហ៊ុន​ទិញ​ស្រូវ​សែន​ក្រអូប​ក្នុង​បរិមាណ​ពី​២​ពាន់​ទៅ​៣​ពាន់​តោន​នោះ​ទេ តែ​ដោយសារ​ឆ្នាំ​នេះ ឃើញ​ថ្លៃ​ស្រូវ​សែន​ក្រអូប​ធ្លាក់​ចុះ​ខ្លាំង​ពេក ក្រុមហ៊ុន​ក៏​សម្រេចចិត្ត​ទិញ​បន្ថែម​១​ពាន់​តោន​ទៀត ដើម្បី​ចូលរួម​បង្កើន​តម្លៃ​ស្រូវ​ឱ្យ​ងើបឡើង​ខ្ពស់​ជាង​មុន​ពេល​មុន​ៗ » ។

ជាមួយនឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ដែរ ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​លោក​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ កញ្ញា ម្សិលមិញ​នេះ លោក​ឧ​ប​នាយ​រដ្ឋមន្ដ្រី ហោ ណាំ​ហុង បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ចិន​ប្រញាប់​ជួយ​ទិញ​អង្ករ​តាម​អ្វី​ដែល​បាន​សន្យា​កន្លង​មក​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​ថា ៖ «​បច្ចុប្បន្ន កម្ពុជា​កំពុង​ជួប​វិបត្តិ​ដោយសារ​តែ​តម្លៃ​អង្ករ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ហើយ​កន្លង​មក​ចិន​បាន​សន្យា​ថា នឹង​ជួយ​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន​៣០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ ។ ហេតុនេះ លោក​ឯកអគ្គរដ្ឋទូត​ថ្មី​ត្រូវ​រាយការណ៍​ទៅ​រដ្ឋាភិបាល​ចិន ដើម្បី​ប្រញាប់​ជួយ​ទិញ​អង្ករ​ពី​កម្ពុជា ទៅ​តាម​អ្វី​ដែល​ខ្លួន​បាន​សន្យា » ។

លោក Xiong Bo ឯកអគ្គរដ្ឋទូត​ចិន​បាន​លើក​ឡើង​ថា ការ​ប្រឈម​លើ​វិស័យ​កសិកម្ម ស្រូវ​អង្ករ​របស់​កម្ពុ​ជានា​ពេល​នេះ រដ្ឋាភិបាល​ចិន​កំពុង​យកចិត្តទុកដាក់ ហើយ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ នឹង​មានការ​ចុះហត្ថលេខា​សំខាន់​មួយ​លើ​វិស័យ​នេះ ។

គួរ​បញ្ជាក់​ថា ដើម្បី​ទប់ទល់​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​ក្រអូប រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​កម្មវិធី​ពិសេស​ដែល​មាន​ថវិកា​សម​មូល​ទំហំ​២៧​លាន​ដុល្លារ ក្នុង​នោះ​ថវិកាបំរុង​របស់​រាជរដ្ឋាភិបាល​ចំនួន​២០​លាន​ដុល្លារ និង​ទុន​ធនាគារ​អភិវឌ្ឍន៍​ចំនួន​៧​លាន​ដុល្លារ ដើម្បី​ជា​ឥណទាន​កាតាលីករ​សំដៅ​ជំរុញ​ស្ថិរភាព​ភាវូបនីយកម្ម​ថ្លៃ​ស្រូវ និង​ជំរុញ​ការ​ទិញ​ស្រូវ​ក្នុងស្រុក ដែល​មាន​ធនាគារ​អភិវឌ្ឍន៍ជនបទ​ជា​អ្នក​អនុវត្តន៍​គម្រោង ៕