ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន និង​ភ្ញៀវ​ទេសចរ​ជប៉ុន​នឹង​មានការ​កើនឡើង​បន្ថែម​ទៀត​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន មាន​ជំនឿ​ថា ក្នុង​ពេល​ខាង​មុខ ទាំង​វិនិយោគិន​ជប៉ុន ក៏​ដូច​ជា​ទេសចរណ៍​ជប៉ុន នឹង​មានការ​កើនឡើង​បន្ថែម​ទៀត​មក​កាន់​ប្រទេស​កម្ពុជា ។

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន មាន​ជំនឿ​ថា ក្នុង​ពេល​ខាង​មុខ ទាំង​វិនិយោគិន​ជប៉ុន ក៏​ដូច​ជា​ទេសចរណ៍​ជប៉ុន នឹង​មានការ​កើនឡើង​បន្ថែម​ទៀត​មក​កាន់​ប្រទេស​កម្ពុជា ។

សម្ដេច​ថ្លែង​បែប​នេះ​នៅ​ឯ​វិមាន​សន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ កញ្ញា ម្សិលមិញ ក្នុង​ឱកាស​អនុញ្ញាត​ឲ្យ​លោក Yuji Kummaru ឯកអគ្គរាជទូត​ជប៉ុន ចូល​ជួប​សម្តែង​ការ​គួរសម និង​ជម្រាបលា បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា អស់​រយៈពេល​ជាង​៣​ឆ្នាំ​មកនេះ ។

ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​បាន​សម្តែង​នូវ​ភាព​រីករាយ​ចំពោះ​ការ​រីក​ចម្រើន​រវាង​ប្រទេស​ទាំង​ពីរ​ទាំង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ ជា​ពិសេស​ការ​ហោះហើរ​ត្រង់​មក​ភ្នំពេញ​ផ្ទាល់​ថ្មី​ៗ​នេះ និង​ដំណើរ​ទស្សនកិច្ច​នៃ​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ក្នុង​រយៈពេល​កន្លង​មក ។ លើស​ពី​នេះ សម្ដេច​តែងតែ​ឆ្លៀតឱកាស​ជួប​ជាមួយ​វិនិយោគិន និង​ធុរកិច្ច​ជប៉ុន​ជា​បន្តបន្ទាប់ ធ្វើ​យ៉ាងណា ឲ្យ​ជប៉ុន​ចូល​មក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត ក្នុង​ការ​ជួយ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ដែរ លោក​ឯកអគ្គរាជទូត​ជប៉ុន Yuji Kummaru បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​គាំទ្រ​បេសកកម្ម​ការទូត​កន្លង​មក ដែល​លោក​បាន​សម្រេច​ការងារ​យ៉ាងច្រើន​ក្នុង​ការ​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា​-​ជប៉ុន បាន​ឈាន​ដល់​កម្រិត​មួយ​ថ្មី​។ ក្នុង​រយៈកាល​កន្លង​មកនេះ មានការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ជា ការ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe មក​កម្ពុជា និង​ការ​អញ្ជើញ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​ទស្សនកិច្ច​នៅ​ជប៉ុន​ជា​បន្តបន្ទាប់​ជាដើម ។

ជាង​នេះ​ទៅ​ទៀត កម្ពុជា​-​ជប៉ុន ក៏​បាន​ភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​តូ​ក្យូ​មក​ភ្នំពេញ នៅ​ក្នុង​អាណត្តិ​បំពេញ​ការទូត​របស់​លោក​ផង​ដែរ​។ លោក Yuji Kummaru បាន​ថ្លែង​អំណរ​គុណ​សម្តេច​តេ​ជោ ដែល​តែងតែ​ទទួល​ជួប​ប្រតិភូ​ពី​ប្រទេស​ជប៉ុន រួម​ទាំង​ខាង​រដ្ឋាភិបាល​ជប៉ុន​ក្តី និង​វិនិយោគិន​ក្តី ។ ក្រៅពី​នេះ លោក​បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​ថា រាល់​ការ​​រីក​ចម្រើន​ទាំងនេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ ពិសេស​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​បាន​កើនឡើង​ផង​ដែរ ។ លោក Yuji Kummaru បាន​អញ្ជើញសម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ទៅ​ចូលរួម​ក្នុង​វេទិកា​អនាគត​នៃ​អាស៊ី ដែល​រៀបចំ​នៅ​ប្រទេស​ជប៉ុន នៅ​ដំណាច់ខែ​មិថុនា ឆ្នាំ​២០១៧ ដែល​រដ្ឋាភិបាល​ជប៉ុន​ចាត់​ទុក​ថា វេទិកា​នេះ​ដូច​គ្នា​នឹង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដែរ ។

តាម​របាយការណ៍​ក្រសួងទេសចរណ៍ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៦​នេះ ភ្ញៀវ​ទេសចរ​ជប៉ុន​ដែល​មក​ទស្សនា​កម្ពុជា​មាន​ចំនួន​៩០.៨៧៧​នាក់ កើនឡើង​០,៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ មាន​ចំនួន​៩០.៦២៧​នាក់ ឈរ​ក្នុង​លំដាប់​ទី​៧ ក្នុង​ចំណោម​ទីផ្សារ​អាទិភាព​ធំ​ៗ​ទាំង​១០ ។

តាម​ប្រភព​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គម្រោង​វិនិយោគ​នៃ​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ទទួលស្គាល់​ពី​ឆ្នាំ​១៩៩៤​ដល់​ឆ្នាំ​២០១៥ មាន​ទឹកប្រាក់​ចំនួន​៨០១​លាន​ដុល្លារ​អា​មេ​រិ​ក ៕