ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ឌុ​ប​ដឹកស្រូវ រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូល​ប្រឡាយផ្ងារពោះ

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ រថយន្ត​យី​ឌុ​ប​ភ្លៅ​៥​ដ៏​ធំ​មួយ​គ្រឿង បាន​ក្រឡាប់ចាក់​ស្រូវ​រាប់​តោន​ចូល​ទៅ​ក្នុង​ប្រឡាយ ដោយសារ​តែ​អ្នកបើកបរ​ដេក​លក់​ពេល​កំពុង​បើកបរ ប៉ុន្តែ​ចាត់​ទុក​ថា​ជា​សំណាង​មួយ​ដែរ

ខេត្តព្រៃវែង ៖ រថយន្ត​យី​ឌុ​ប​ភ្លៅ​៥​ដ៏​ធំ​មួយ​គ្រឿង បាន​ក្រឡាប់ចាក់​ស្រូវ​រាប់​តោន​ចូល​ទៅ​ក្នុង​ប្រឡាយ ដោយសារ​តែ​អ្នកបើកបរ​ដេក​លក់​ពេល​កំពុង​បើកបរ ប៉ុន្តែ​ចាត់​ទុក​ថា​ជា​សំណាង​មួយ​ដែរ ដែល​រថយន្ត​នេះ​មិន​បាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ដោយ​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នកបើកបរ​និង​ព្រូ​រង​របួសស្រាល​ប៉ុណ្ណោះ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទាប​ភ្លឺ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១១ ត្រង់​ចំណុច​ផ្លូវ​កោង​ឡើង​ស្ពាន​ពាម ដែល​ស្ថិត​ក្នុងភូមិ​បាទី ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

រថយន្ត​យី​ឌុ​ប​ដែល​ក្រឡាប់​នេះ ពាក់​ស្លាក​លេខ​តាកែវ ៣A-១៤១៥ តែ​គេ​មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ម្ចាស់​រថយន្ត​នោះ​ទេ​។ តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​កម្មករ ដែល​កំពុង​តែ​កើប​ជញ្ជូន​ស្រូវ​ពី​ក្នុង​ប្រឡាយ​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​យី​ឌុ​ប​នេះ​ដឹកស្រូវ​មក​ពី​ខេត្តពោធិ៍សាត់ គោលដៅ​យក​ទៅ​លក់​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ដែល​ស្ថិត​នៅ​ក្នុងស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។ ប៉ុន្តែ​ពេល​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវ​កោង​ឡើង​ស្ពាន​ពាម តែ​ដោយសារ​អ្នកបើកបរ​ដេក​លក់​មួយ ភាំង​ទើប​មិន​បាន​បត់​កោង​តាម​ស្ពាន ធ្វើ​ឲ្យ​រថយន្ត​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូល​ប្រឡាយ​បែប​នេះ​ទៅ​។

គួរ​បញ្ជាក់​ថា ដោយសារ​ហេតុការណ៍​នេះ​មិន​បាន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ហើយ​ក៏​មិន​បាន​ធ្វើ​ឲ្យ​ដងផ្លូវ​ខូច ទើប​ពុំ​មាន​សមត្ថកិច្ច​ណា​ទៅ​ឃាត់​រថយន្ត ឬ​ធ្វើ​អន្តរាគមន៍​អ្វី​ឡើយ គឺ​ទុក​ឲ្យ​ម្ចាស់​រថយន្ត​កើប​ប្រមូល​យក​ស្រូវ និង​ស្ទូច​រថយន្ត​យក​ចេញពី​ប្រឡាយ​យក​ទៅ​ជួសជុល​តាម​សម្រួល​៕