ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ឧកញ៉ា​បា.ញ់​មេឃ ប៉ូលិស​សុំ​ដីកាចាប់ខ្លួន ការ​សម្រេច​ស្ថិត​លើ​តុលាការ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹង​ថា លោក ឧកញ៉ា អៀង ចាន់​ថា អគ្គនាយក​ក្រុមហ៊ុន​ផែស្ងួត​អូ​ល័​រ​វើ​ល​វ៉ា​យ៍

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹង​ថា លោក ឧកញ៉ា អៀង ចាន់​ថា អគ្គនាយក​ក្រុមហ៊ុន​ផែស្ងួត​អូ​ល័​រ​វើ​ល​វ៉ា​យ៍ និង​ជា​ឧត្តមសេនីយ៍​យោធាផង​នោះ បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​បាញ់​មេឃ​១​គ្រាប់​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកញ្ញា នៅ​តាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។  ករណី​នេះ ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ និង​អ្នក​រស់នៅ​ជិត​កន្លែង​កើតហេតុ​នោះ​ផង​ដែរ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ការ​បាញ់​មេឃ​នេះ ក៏​ព្រោះតែ​នៅ​ពេល​នោះ​តាម​ដងផ្លូវ​ខាងលើ មានការ​កកស្ទះ​ចរាចរណ៍ ហើយ​លោក​ឧកញ៉ា​ម្នាក់​នោះ​ជិះ​រថយន្ត​មិនកើត បាន​ឲ្យ​សន្តិសុខ​ម្នាក់​ដែល​យាម​នៅ​ក្រុមហ៊ុន​របស់​ខ្លួន​ជិះ​ម៉ូតូឌុប​ទៅ​ផ្ទះ​តែ​ជិះ​មិន​រួច ហើយ​មាន​អ្នក​ជ្រែ​ថែម​ទៀត ក៏​ផ្ទុះ​កំហឹង​ដក​កាំភ្លើង​បាញ់​ឡើង​លើ​១​គ្រាប់​រួច​ចុះ​ពីលើ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​តែ​ម្ដង ។

បន្ទាប់​មក កម្លាំង​សមត្ថកិច្ច​បាន​ទៅ​អន្តរាគមន៍​និង​ឃាត់ខ្លួន​សន្តិសុខ​ដែល​ជិះ​ម៉ូតូឌុប​ឧកញ៉ា​នោះ នាំ​ទៅ​សាកសួរ​ដើម្បី​បានដឹង​ពី​អត្តសញ្ញាណ​អ្នក​ផ្ទុះអាវុធ​ច្បាស់លាស់​ហើយ​ក៏​ដោះ​លែង​វិញ ហើយ​ព្រោះ​មិន​មានការ​ពាក់ព័ន្ធ ។ ជាមួយ​នេះ បាន​កសាង​សំណុំរឿង​លោក​ឧកញ៉ា​ម្នាក់​នោះ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ដីកា​តាម​ចាប់ខ្លួន ប៉ុន្តែ​ការ​សម្រេច​យ៉ាងណា​នោះ​គឺ​នៅ​លើ​តុលាការ ។

ប្រភព​ដដែល​បន្ត​ថា ខ្មាន់កាំភ្លើង​ដែល​បាញ់​មេឃ​នោះ ឈ្មោះ អៀង ចាន់​ថា អាយុ​ជាង​៥០​ឆ្នាំ គាត់​ជា​ឧកញ៉ា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ផែស្ងួត​អូ​ល័​រ​វើ​ល​វ៉ា​យ៍ មា​នទី​តាំងនៅ​ខាងក្រោយ​វត្ត​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ហើយ​ក៏​ជា​ឧត្តមសេនីយ៍​យោធា​ផង​ដែរ មាន​ទីលំនៅ​ក្នុង​បុរី លឹ​ម ឈាង​ហាក់ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ។
ដោយឡែក​សន្តិសុខ​ម្នាក់ ដែល​ត្រូវ​ចាប់​ឃាត់ខ្លួន​ហើយ​ដោះ​លែង​វិញ​នោះ​ឈ្មោះ ព្រី​ម គី​ម អាយុ​៣៥​ឆ្នាំ យាម​នៅ​ផែស្ងួត​អូ​ល័​រ​វើ​ល​វ៉ា​យ៍ និង​ស្នាក់​នៅ​ក្នុង​ផែស្ងួត​ខាងលើ ។ សន្តិសុខ​រូប​នេះ ត្រូវ​ឃាត់ខ្លួន​រួម​ជាមួយ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ​៊​យ​គី​វី​វ៉ា ពណ៌​ខៀវ ពាក់​ស្លាក លេខ​ភ្នំពេញ ១BT ១០៨៤ ។

មន្ត្រី​នគរបាល​ដដែល​ឲ្យ​ដឹង​ទៀត​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ នៅ​តាម​ផ្លូវជាតិ​លេខ​៤ មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង ហើយ​កម្លាំងនគរបាល​នៅ​តាម​ប៉ុស្ដិ៍​និង​ផ្នែក​នានា ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ជួយ​សម្រួល​ចរាចរណ៍​ផង​ដែរ ។ ដោយសារ​តែ​ការ​កកស្ទះ​ចរាចរណ៍​នោះ ធ្វើ​ឲ្យ​ឧកញ៉ា​ម្នាក់​នេះ​មិន​អាច​ជិះ​រថយន្ត​ចេញពី​ក្រុមហ៊ុន​ទៅ​ផ្ទះ​រួច ក៏​ឲ្យ​សន្តិសុខ​ម្នាក់​ជិះ​ម៉ូតូឌុប​ជូន​ទៅ​ផ្ទះ ព្រោះ​ម៉ូតូ​អាច​ជ្រែ​ទៅ​បាន​ស្រួល​ជាង​រថយន្ត ។ លុះ​ពេល​ទៅ​ដល់​ចំណុច​ខាងលើ នៅ​តែ​ស្ទះ​មិន​អាច​ទៅ​រួច ហើយ​ស្រប​ពេល​នោះ​មាន​អ្នកដំណើរ​ផ្សេង​ទៀត​ជិះ​ម៉ូតូ​ជ្រែ​ផង ទើប​ធ្វើ​ឲ្យ​លោក​ឧកញ៉ា​ម្នាក់​នោះ​ខឹង ក៏​ដក​កាំភ្លើងខ្លី​បាញ់​មេឃ​១​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ដល់​អ្នកដំណើរ​ព្រលឹង​ចុង​សក់​គ្រប់​ៗ​គ្នា បន្ទាប់​មក​គាត់​បាន​ចុះ​ពីលើ​ម៉ូតូ​រត់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​បាត់​ស្រមោល​ទៅ ។

ប្រភព​ខាងលើ​បន្ត​ថា ក្រោយ​ពេល​បាញ់បោះ​សេរី​អនាធិបតេយ្យ​រួច​មក​ឧកញ៉ា​នោះ​បាន​រត់​បាត់ ឯ​សន្តិសុខ​ដែល​ដឹក​គាត់​ក៏​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ដែរ ប៉ុន្តែ​ភ្លាម​ៗ​នោះ​រត់​មិន​រួច​ដោយសារ​តែ​ផ្លូវ​ស្ទះ​ផង មាន​ប្រជាពលរដ្ឋ​ជិះ​តាម​ផង ជា​ពិសេស​កម្លាំង​នគរបាល​កំពុង​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​នោះ​បណ្ដាក់​គ្នា​ដូច​ខ្យង​ផង ទើប​ចាប់ខ្លួន​បាន​ភ្លាម​ៗ​នាំ​យក​ទៅ​សាកសួរ ។ ពេល​នាំ​ទៅ​ដល់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ សន្តិសុខ​នោះ​បាន​ប្រាប់​ថា ពិតជា​លោក​ឧកញ៉ា អៀង ចាន់​ថា នោះ​បាញ់​មែន ដោយសារ​តែ​មាន​បំណង​បំបែក​ក្រុម​ក្មេង​ស្ទាវ​វាយ​គ្នា​ប៉ុណ្ណោះ ។

ដោយឡែក ប្រភព​ពី​អ្នកដំណើរ​បាន​ប្រាប់​នគរបាល​នៅ​កន្លែង​កើតហេតុ​ថា មុន​ពេល​ផ្ទុះអាវុធ​មាន​រថយន្ត​មួយ​ចំនួន​បាន​ចត​នៅ​ចិញ្ចើម​ផ្លូវ ខណៈនោះ​លោក​ឧកញ៉ា​ខាងលើ បាន​ស្រែក​ខ្លាំង​ៗ​ថា «​ដោយសារ​តែ​ពួក​អា​ម្ចាស់​រថយន្ត​ម៉ែ​វា​ហ្នឹង​ចត​អ៊ី​ចឹ​ង បាន​ផ្លូវ​វា​ស្ទះ​ម្ល៉ឹ​ង​ៗ» ។ ពេល​និយាយ​ចប់ លោក​ឧកញ៉ា​ក៏​ដក​កាំភ្លើងខ្លី​មក​បាញ់​ឡើង​លើ​១​គ្រាប់​តែ​ម្ដង ។

ទាក់ទង​ទៅ​នឹង​ហេតុការណ៍​នេះ កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី លោក​ឧកញ៉ា អៀង ចាន់​ថា នោះ​បាន​ឡើយ ៕