រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ, គណៈអភិបាលរាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធក្រោមឱវាទរាជធានីភ្នំពេញ បានកំណត់យករមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលជានិមិត្តរូបនៃការកកើតរាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីតាមបែបសាសនា និងទទួលអំណរសាទរទេវតា ឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវដែលបានអញ្ជើញជាអធិបតីនាឱកាសនោះ បានបួងសួងដល់ម្ចាស់ទឹក ម្ចាស់ដី សុំជួយបីបាច់ថែរក្សាប្រ ជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ឲ្យមានសេចក្តីសុខចំរុងចំរើន និងទទួលបានជោគជ័យគ្រប់ការងារ ក្រោមម្លប់នៃសុខសន្តិភាព។
ពិធីនេះ ក៏បានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាពរវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក៏ដូចជារំលឹកឡើងវិញពីសមិទ្ធផលនានា ដែលរដ្ឋបាលរាជធានីភ្នំពេញបានកសាងឡើងក្នុងរយៈពេល១ឆ្នាំកន្លងទៅ ដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ទាំងសេវាសាធារណៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ការលើកកម្ពស់បរិស្ថានសោភណ្ឌភាពក្នុងរាជធានីភ្នំពេញផងដែរ។
ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចក្រុមប្រឹក្សារាជធានីភ្នំពេញ បានបួងសួងសុំពរជ័យពីទេវតាឆ្នាំថ្មី សូមកើតមានដល់ប្រជាពលរដ្ឋគ្រប់រូប និងជំរះអស់នូវគ្រោះចង្រៃអ៊ុបទ្រុបទាំងពួងដែលកើតមានពីឆ្នាំចាស់ឲ្យជ្រះស្រឡះ និងទទួលពរជ័យសិរីសួរស្តីពីទេវតាឆ្មាំថ្មី ព្រះនាមកិរិណីទេវី ដែលជាបុត្រីទី៥ របស់ កបិលមហាព្រហ្ម ព្រមទាំងសំរេចបានជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំថ្មីនេះ។
សង្ក្រាន្តឆ្នាំថ្មី ឆ្នាំខាលចត្វាសក័ ព.ស២៥៦៦ បានចូលមកដល់នៅវេលាម៉ោង១០.០០នាទីព្រឹកថ្ងៃទី១៤ ខែមេសា ក្នុងពេលដែលទេវតាឆ្នាំថ្មី បានចូលមកឃុំគ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់។ នេះជាការរៀបចំសង្ក្រាន្តវត្តភ្នំ របស់រដ្ឋបាលរាជធានីភ្នំពេញ ជាថ្មីឡើងវិញ ក្រោយពីអាក់ខានមិនបានរៀបចំអស់រយៈពេល២ឆ្នាំជាប់គ្នា ដោយសារការរីរាលដាលនៃជំងឺផ្លូវដង្ហើមដ៏ស្រួចស្រាល គឺកូវីដ ១៩។
ការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ក្នុងនោះកម្ពុជាក៏ទទួលរងផលប៉ះពាល់ផងដែរ។ រាជធានីភ្នំពេញបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការចាត់វិធានការ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោមអនុសាសដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
នាឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ, លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានទស្សនាស្តង់ពិពណ៌បែបបុរាណ រួមទាំងផលិតផលសិប្បកម្មផលិតដោយដៃ និងបង្ហាញពីទំរង់វប្បធម៌ជាតិជាច្រើន។ ហើយក៏មានប្រជាពលរដ្ឋជាច្រើនបានមកទស្សនា និងចូលរួមលេងកំសាន្តល្បែងប្រជាប្រិយ មានទាញព្រ័ត្រ, លោតបាវ, ចោលឈូង, បោះអង្គុញ, លាក់កន្សែង និងរាំកំសាន្តជាដើមក្នុងសង្ក្រាន្តវត្តភ្នំដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងផ្តល់ឱកាសកំសាន្តដល់បងប្អូនប្រជាពលរដ្ឋយើងដែលមិនបានអញ្ជើញទៅស្រុកកំណើត។
លោក ឃួង ស្រេង បានថ្លែងថា ៖ យើងបានសប្បាយរីករាយ គឺដោយសារយើងមានសុខសន្តិភាពពេញលេញ ស្ថេរភាពក្រោមការដឹកនាំរបស់ស្ថាបនិកសន្តិភាព គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយស្របពេលដែលកម្ពុជា កំពុងត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២២នេះ និងព្រឹត្តិការសំខាន់មួយទៀត គឺការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះផងដែរ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤.១៥.១៦ ខែមេសានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗជាយុវវ័យ សិស្ស និស្សិត កម្មករកម្មការិនី ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីជៀសវាងកើតមានគ្រោះថ្នាក់ចរាចរណ៍, ចូលរួមទប់ស្កាត់ ការពារគ្រោះអគ្គីភ័យដោយប្រុងប្រយត្ន័ចំពោះភ្លើងទៀនធូប ចង្ក្រានហ្គាស និងចរន្តអគ្គិសនីជាដើម។
ក្នុងសេចក្តី អំពាវនាវដដែលនេះដែរ ក៏បានណែនាំអោយជៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្ស៉ៅ ទះគក់ដោយដៃ ឬវា.យនឹងរំពាត់ ទៅលើអ្នកដំណើរ, ការជិះម៉ូតូបង្ហោះតាមដងផ្លូវ និងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដោយរក្សាបាននូវសេចក្តីថ្លៃថ្នូរ ស័ក្តសមជាកុលបុត្រ កុលធីតាខ្មែរប្រកបដោយគុណធម៌ និងសីលធម៌៕
ចែករំលែកព័តមាននេះ