ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ាស្សា​មិន​កាក់កប លេង​មួយ​ក្បាច់​ដណ្តើម​អីវ៉ាន់​គ្នា​ផ្អើល​ទាំង​យប់

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ហាង​ម៉ាស្សា​មួយ​កន្លែង​យីហោ​«​ចំណាន​»​ត្រូវ​បាន​អ្នកស្រុក និង​អ្នក​រត់​ម៉ូតូឌុប​២​នាក់​ដណ្តើម​គ្នា​យក​អីវ៉ាន់ បន្ទាប់​ពី​ម្ចាស់​ហាង​ខាងលើ​ …

ខេត្តបន្ទាយមានជ័យ ៖ ហាង​ម៉ាស្សា​មួយ​កន្លែង​យីហោ​«​ចំណាន​»​ត្រូវ​បាន​អ្នកស្រុក និង​អ្នក​រត់​ម៉ូតូឌុប​២​នាក់​ដណ្តើម​គ្នា​យក​អីវ៉ាន់ បន្ទាប់​ពី​ម្ចាស់​ហាង​ខាងលើ​ដាក់​មេ​ប្រូច​ព្រោះ​ជំពាក់​បំណុល​គេ​ច្រើន មិនតែប៉ុណ្ណោះ​ស៊ីដាច់​ម៉ូតូ​ម៉ាក​សង់​២​គ្រឿង​មួយប៉ប្រិចភ្នែក​មុន​គេចខ្លួន ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​១១​យប់ ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​មនុស្ស​មួយ​ក្រុម​មាន​ស្រី​មាន​ប្រុស​បាន​ដណ្តើម​យក​អីវ៉ាន់​ក្នុង​ហាង​ម៉ាស្សា​ខាងលើ​ដោយ​គ្រប់​គ្នា​អះអាង​ថា ពួក​គាត់​ជា​ម្ចាស់បំណុល និង​ម្នាក់​ជា​ម្ចាស់​ម៉ូតូ​ដែល​ម្ចាស់​ហាង​បោក​យក​ទៅ​បាត់ ។

ឈ្មោះ រ៉ាត់ រឿ​ម អាយុ​៤៦​ឆ្នាំ ប្រពន្ធ​ឈ្មោះ សែ​ម ម៉ៅ អាយុ​៤២​ឆ្នាំ មក​ពី​ខេត្តរតនគិរី គ្មាន​មុខរបរ​អ្វី​ក្រៅពី​រត់​ម៉ូតូឌុប​ចិញ្ចឹម​កូន​ក្នុង​បន្ទុក​រហូត​៥​នាក់ បាន​និយាយ​ថា ឈ្មោះ កាន់ សុ​ភ័​ណ្ឌ ភេទ​ប្រុស ជា​ម្ចាស់​ហាង​ម៉ាស្សា​យីហោ​«​ចំណាន​»​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ បាន​ខ្ចី​ម៉ូតូ​គាត់​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី 1D-3934 ដោយ​កុហក​ថា ទៅ​យកប្រពន្ធ​ហើយ​ថា​ម្ចាស់​ហាង​រូប​នេះ​មិនឃើញ​ត្រឡប់​មក​វិញ​ទេរ​ហូត​ព្រឹក​ថ្ងៃ​ទី​២៦​កញ្ញា​នេះ ។

ចំណែក​គ្រួសារ​មួយទៀត ប្តី​ឈ្មោះ យុន យឿ​ន អាយុ​៤៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ប្រពន្ធ​ឈ្មោះ សាត សុ​ខេន អាយុ​៤៧​ឆ្នាំ រែក​ពង​ទា​កូន​លក់ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ក៏​បាន​អះអាង​ថា ម៉ូតូ​របស់​គាត់​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1N-8702 ត្រូវ​បាន​ម្ចាស់​ហាង​ម៉ាស្សា​ខាងលើ​ខ្ចី​នៅ​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៥​កញ្ញា ហើយ​កុហក​ថា ទៅ​យកប្រពន្ធ​ដូច​ករណី​ខាងលើ​ដែរ ហើយ​ក៏​គេច​ទៅ​បាត់​មិន​ទាន់​ឃើញ​ត្រឡប់​មក​វិញ​ដូច​គ្នា ។

ម្ចាស់​ម៉ូតូ​ទាំង​២​គ្រឿង​ប្រាប់​ថា ម៉ូតូ​ពួក​គាត់​សុទ្ធតែ​រាប់​គេ​យក​មក​រកស៊ី ហើយ​ម្ចាស់​ហាង​ម៉ាស្សា​នេះ​បាន​បិទ​ទូរស័ព្ទ​ក្រោយ​ចាកចេញ ហើយ​ស្ត្រី​ម្នាក់​ដែល​នៅ​ធ្វើការ​ហាង​នោះ​សង្ស័យ​ជា​កូន​ឈ្មោះ លី សុធា​រី ក៏​គេច​ទៅ​បាត់​ដូច​គ្នា​ក្នុង​ពេល​តែ​មួយ សង្ស័យ​ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង​ចេញ​ទៅ ។

ដោយឡែក​ស្ត្រី​ម្នាក់​ទៀត​ដែល​មានផ្ទះ​ជាប់​ទីតាំង​កើតហេតុ ឈ្មោះ គឹ​ម ច​ន អាយុ​៣៣​ឆ្នាំ ជា​អ្នក​រកស៊ី​ចងការ​ប្រាក់​បាន​ប្រាប់​ថា ម្ចាស់​ហាង​ម៉ាស្សា​ខាងលើ​ជំពាក់​ប្រាក់​នាង​ជា​២​លាន​រៀល​ផង​ដែរ ។ ស្ត្រី​រូប​នេះ​បន្ត​ថា ម្ចាស់​ហាង​ម៉ាស្សា​នេះ​បាន​ជំពាក់​បំណុល​គេ​ជា​ច្រើន​នាក់​ទៀត មាន​ទាំង​ជនជាតិ​ឥណ្ឌា​ដើរ​រាប់​ប្រាក់ និង​អង្គការ​សរុប​មិន​ក្រោម​ពី​ជាង​១០​នាក់​ឡើយ ។

យ៉ាងណា​ក៏​ដោយ​ជុំវិញ​ការ​ចោទប្រកាន់​នេះ ឈ្មោះ កាន់ សុ​ភ័​ណ្ឌ ម្ចាស់​ហាង​ម៉ាស្សា​«​ចំណាន​»​ក៏​ដូច​ជា​ស្ត្រី​ឈ្មោះ លី សុធា​រី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​ទាំង​៣​ខ្សែ រួម​មាន 078 572 050, 012 861 005 (​លេខ​ម្ចាស់​ហាង​) និង 012 865 022 (​លេខ​នាង លី សុធា​រី​) ចុច​មិន​ចូល​ទាំងអស់ ។

លោក មាស ម៉េ​ង​ហួង នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ផ្សារ​កណ្តាល​បាន​ប្រាប់​«​កោះសន្តិភាព​»​ថា ករណី​ខាងលើ​ពិតជា​កើត​មាន​មែន ហើយ​ថា ម្ចាស់​ម៉ូតូ​ទាំង​២​គ្រឿង​បាន​ទៅ​ដាក់​ពាក្យបណ្តឹង ដើម្បី​ទាមទារ​រក​យុត្តិធម៌​ហើយ ។ លោក​មេ​ប៉ុស្តិ៍​បន្ត​ថា ពេល​នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ​ផង​ដែរ ៕