ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចម៉ែ​យាង​គោរព​វិញ្ញាណក្ខន្ធ​សព​ស្ថាបនិក​អង្គការ​ភាព​ញញឹម​នៃ​កុមារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦​នេះ បាន​យាង​ …

រាជធានី​ភ្នំពេញ ៖ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦​នេះ បាន​យាង​មក​គោរព​វិញ្ញាណក្ខន្ធ​សព​ស្ថាបនិក​អង្គការ​ភាព​ញញឹម​នៃ​កុមារ (PSE) គឺ​លោក គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ (Christian GAUQUELIN des PALLIERES) ដោយ​ផ្ទាល់ នៅ​ទីតាំង​របស់​អង្គការ ស្ថិត​ក្នុងផ្ទះ​លេខ​៤០២ ភូមិ​ទ្រា សង្កាត់​ស្តឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ក្នុង​កិច្ច​យាង​មក​ដល់​នោះ ក៏​បានការ​សម្តែង​នូវ​គារវកិច្ច​ទទួល​ពី​សំណាក់​ក្រុម​កុមា​រា​កុមារី សិស្សានុសិស្ស​តូច​ធំ និង​លោកគ្រូ​អ្នកគ្រូ រួម​ទាំង​ភរិយា​លោក គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ គឺ​លោកស្រី រី​ម៉ា​រី​ហ្វ្រ​ង់ ដេ​ប៉ា​លី​យ៉ែ​រ យ៉ាង​កក់ក្តៅ​ជាទី​សោ​មនោ​ស​ផង​ដែរ ។

សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក៏​បាន​សម្តែង​នូវ​ទឹកចិត្ត​សោក​ស្តាយស្រណោះ​យ៉ាង​ពន់ពេក​ជូន​ចំពោះ​សាច់ញាតិ​នៃ​សព រួម​ទាំង​ក្រុម​សិស្សានុសិស្ស​ទាំងអស់​ចំពោះ​ការ​បាត់បង់​ជីវិត​របស់​លោក គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ ដែល​លោក​ជា​បុគ្គល​បាន​ជួយ​សង្គ្រោះ និង​កែប្រែ​វាសនា​មនុស្ស​រាប់​ពាន់​នាក់​ឲ្យ​រួច​ផុត​ពី​ភាព​តោកយ៉ាក លំបាក ក្រីក្រ និង​គ្មាន​ទីជម្រក​ជាដើម ។ ឆ្លៀត​ក្នុង​ឱកាស​ដដែល​នោះ សម្តេចម៉ែ​ក៏​បាន​ចូលរួម​បច្ច័យ​ជា​ថវិការ​មួយ​ចំនួន​ធំ​ជូន​ដល់​សាច់ញាតិ​នៃ​សព​ផង​ដែរ ។

គួរ​រំលឹក​ថា លោក​គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ ដែល​សិស្ស​ទូទៅ​ហៅ​លោក​ថា PaPi បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង ៧​យប់ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​រោគាពាធ ក្នុង​វ័យ​៨២​ឆ្នាំ ។ លោក និង​ប្រពន្ធ គឺ​លោកស្រី​ម៉ា​រី​ហ្វ្រ​ង់ ដេ​ប៉ា​លី​យ៉ែ​រ ជា​ជនជាតិ​បារាំង និង​បាន​ចូល​មក​រស់នៅ​ក្នុងស្រុក​ខ្មែរ​តាំងពី​ឆ្នាំ​១៩៩០​មក​ម្ល៉េះ ហើយ​ពួក​គាត់​បាន​ស្នើ​ទៅ​ដល់​ព្រះមហាក្សត្រ ដើម្បី​សុំ​ចូល​ជា​សញ្ជាតិ​ខ្មែរ ក៏​ត្រូវ​បាន​ព្រះ​បរម​រតនៈ​កោដ្ឋ នរោត្តម សីហ​នុ ឡាយ​ព្រ​ហស្ត​ឯកភាព​តាំងពី​ឆ្នាំ​២០០៤ ។

សូម​បញ្ជាក់​បន្ថែម​ថា គិត​មក​ត្រឹម​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៦​កញ្ញា​នេះ គេ​ស​ង្គេ​ត​ឃើញ​មាន​វត្តមាន​សិស្ស និង​អតីត​សិស្ស​ជា​ច្រើន ដែល​ធំធាត់​នៅ​ក្នុង​អង្គការ​ខាងលើ​បាន​នាំ​គ្នា​មក​គោរព​វិញ្ញាណក្ខន្ធ​លោក ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ​យ៉ាងច្រើន​កុះករ​ផង​ដែរ ។

យ៉ាងណាមិញ សព​នឹង​ត្រូវ​ដង្ហែ​យក​ទៅ​បូជា​តាម​ប្រពៃណី​នៅ​វត្ត​ឫស្សី​សាញ់ ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦​នេះ ៕