ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ឥណ្ឌូ​ណេ​ស៊ី​ប្ដេជ្ញា​ជំរុញ​ពាណិជ្ជកម្ម​ទេ្វ​ភាគី​ឱ្យ​មាន​កំណើន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​មាន​កំណើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ និង​ទាក់ទាញ​វិនិយោគិន ក៏​ដូច​ជា​ផ្តល់​ឱកាស​ដល់​ពាណិជ្ជករ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ឥណ្ឌូ​ណេ​ស៊ី ចាប់​ដៃគូ​ពាណិជ្ជកម្ម​កាន់តែ​ងាយស្រួល

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​មាន​កំណើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ និង​ទាក់ទាញ​វិនិយោគិន ក៏​ដូច​ជា​ផ្តល់​ឱកាស​ដល់​ពាណិជ្ជករ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ឥណ្ឌូ​ណេ​ស៊ី ចាប់​ដៃគូ​ពាណិជ្ជកម្ម​កាន់តែ​ងាយស្រួល ស្ថានទូត​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី​ប្រចាំ​កម្ពុជា បាន​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម និង​ទេសចរណ៍ ដែល​មាន​ក្រុមហ៊ុន​ចូលរួម​តាំង​បង្ហាញ​ផលិតផល និង​សេវាកម្ម​ប្រមាណ​៦១​ស្តង់ ។

ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ពិព័រណ៍​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ កញ្ញា កន្លង​មក នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ លោក​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី​ប្រចាំ​កម្ពុជា បានឱ្យ​ដឹង​ថា ស្ថានទូត​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី តែងតែ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​នៅ​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ ចាប់តាំងពី​២០០៦​មក ដើម្បី​បង្ហាញ​នូវ​ផលិតផល និង​សេវាកម្ម​ជា​ច្រើន ហើយ​នៅ​ឆ្នាំ​នេះ ក្រុមហ៊ុន​មក​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ចំនួន​២២ និង​ក្រុមហ៊ុន​ឥណ្ឌូ​ណេ​ស៊ី​នៅ​កម្ពុជា​ចំនួន​៣៩​ក្រុមហ៊ុន បាន​យក​ផលិតផល​និង​សេវាកម្ម​របស់​ខ្លួន​មក​ចូលរួម​តាំង​បង្ហាញ​ដើម្បី​ចូលរួម​បង្កើត​ឱកាស​ធ្វើ​ពាណិជ្ជកម្ម ធ្វើ​យ៉ាងណា ជំរុញ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​មាន​កំណើន​ជា​វិជ្ជមាន ។

លោក Pitono Purnomo ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី បាន​ថ្លែង​ថា ៖ «​ពិព័រណ៍​ពាណិជ្ជកម្ម និង​ទេសចរណ៍​ឆ្នាំ​២០១៦​នេះ ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី ។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ដែល​បានឃើញ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​យើង​កើន​ឡើងជា​វិជ្ជមាន ។ ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ ទំហំ​ពាណិជ្ជកម្ម​រួម​រវាង​កម្ពុជា និង​ឥណ្ឌូ​ណេ​ស៊ី មាន​ទឹកប្រាក់​សរុប​៤៥០​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​១៦​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ។ ដូច្នេះ ខ្ញុំ​ជឿជាក់​ថា បើ​យើង​ព្យាយាម​ខិតខំ​ធ្វើការ នោះ​តួលេខ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នឹង​កើនឡើង​មួយ​ទ្វេ​ជា​ពីរ​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ » ។

ថ្លែង​នា​ឱកាស​នោះ​ដែរ លោក ឈួ​ន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​លើក​ឡើង​ថា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ជា​ដៃគូ​សំខាន់​របស់​កម្ពុជា ។ លោក​បន្ដ​ថា ៖ « ឥណ្ឌូ​ណេ​ស៊ី ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​នៅ​ក្នុង​ទីផ្សារ​អាស៊ាន និង​បាន​ដើរតួ​នាទី​ជា​អ្នក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ផង​ដែរ តាម​រយៈ​ការ​ធ្វើ​ពិព័រណ៍​ពាណិជ្ជកម្ម តួយ៉ាង​ដូច​ជា កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ឥណ្ឌូ​ណេ​ស៊ីពេល​នេះ នឹង​បាន​ចូលរួម​ធ្វើ​ឱ្យ​មាន​ទំ​ទាក់​ទំនង​ល្អ និង​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឱ្យ​កើនឡើង​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ»។

ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Salak K.A.K ដែល​នាំ​ចូល​ផ្លែ​សា​ឡាក់​ឥណ្ឌូ​ណេ​ស៊ី​មក​កម្ពុជា អ្នកស្រី ទូច ភក្តី បានឱ្យ​ដឹង​ថា អ្នកស្រី​បាន​នាំ​ចូល​ផ្លែ​សា​ឡាក់​ពី​ឥណ្ឌូ​ណេ​ស៊ី ដំបូង​ក្នុង​អំឡុង​ដើមឆ្នាំ​២០១៦ ។ កាល​ណោះ គឺ​មាន​តែ​និស្សិត និង​អ្នក​ធ្វើ​ដំណើរ​ចេញ ចូល​ទៅ​បរទេស​ប្រមាណ​៣០%​ទេ​ដែល​បាន​ស្គាល់ ប៉ុន្តែ​ដោយសារ​ការ​ព្យាយាម​ផ្សព្វផ្សាយ និង​ចូលរួម​តាម​រយៈ​ការ​តាំងពិព័រណ៍​នានា ឃើញ​ថា ផ្លែ​សា​ឡាក់​ឥណ្ឌូ​ណេ​ស៊ី ទទួល​បានការ​គាំទ្រ​ច្រើន ធ្វើ​ឱ្យ​បរិមាណ​នាំ​ចូល​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ។
អ្នកស្រី​ថា ៖ « សព្វ​ថ្ងៃនេះ ផ្លែ​សា​ឡាក់​ឥណ្ឌូ​ណេ​ស៊ី ទទួល​បានការ​គាំទ្រ​ពី​ពលរដ្ឋ​កម្ពុជា​ច្រើន ។ មក​ដល់​ពេល​នេះ យើង​បាន​ចែកចាយ​នៅ​តាម​ផ្សារ​ទំនើប  និង​ហាង​លក់​ផ្លែ​ឈើ​ធំ​មួយ​ចំនួន​នៅ​ក្រុងភ្នំពេញ និង​មួយ​ផ្នែក​ទៀត​បាន​បោះ​ទៅ​ឱ្យ​អ្នក​ផ្គត់ផ្គង់​ផ្លែ​ឈើ​ដើម្បី​ចែកចាយ​ទៅ​តាម​បណ្តា​ខេត្ត » ។

ទន្ទឹម​នឹង​នេះ អ្នកស្រី​សង្ឃឹមថា បន្ទាប់​ពី​ការ​ចូលរួម​តាំង​បង្ហាញ​ផលិតផល​នៅ​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម និង​ទេសចរណ៍​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ីពេល​នេះ នឹង​ធ្វើ​ឱ្យ​អាជីវកម្ម​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន​កាន់តែ​ច្រើន​ថែម​ទៀត ។ មិន​ត្រឹម​ប៉ុណ្ណោះ អ្នកស្រី​ថា ៖ « ការ​ទទួលទាន​ផ្លែ​សា​ឡាក់ គឺ​ផ្តល់​គុណប្រយោជន៍​យ៉ាងច្រើន​ចំពោះ​សុខភាព » ៕