ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កងរាជអាវុធហត្ថ​សក្ដិ​៤​ម្នាក់ បា.ញ់​គំរាម​ប្រជាពលរដ្ឋ

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​សំបូរ​បាន​ចាត់​ទុក​អំពើរ​បា.ញ់ប្រហារ​របស់​មន្ត្រី​កងរាជអាវុធហត្ថ សក្ដិ​៤​ម្នាក់ គឺជា​ចេតនា​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ការ​រស់នៅ​ក្នុង​ព្រៃ

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​សំបូរ​បាន​ចាត់​ទុក​អំពើរ​បាញ់ប្រហារ​របស់​មន្ត្រី​កងរាជអាវុធហត្ថ សក្ដិ​៤​ម្នាក់ គឺជា​ចេតនា​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ការ​រស់នៅ​ក្នុង​ព្រៃរបស់​ពួក​គាត់ និង​ធ្វើ​ឲ្យ​ពួក​គាត់​មាន​អារ​ម្ម​ភិតភ័យ​តក់ស្លុត​ជា​ខ្លាំង​។ កា​រលើ​កឡើ​របស់​ប្រ​ជាំ​ពលរដ្ឋ​ប្រមាណ​ជា​ជាង​២០០​គ្រួសារ ដែល​កំពុង​តែ​រស់នៅ​ធ្វើស្រែ​ចម្ការ អាស្រ័យ​អនុ​ផល​ព្រៃឈើ និង​ធ្វើ​រ៉ែ​មាស នៅ​ក្នុង​ព្រៃ​ចំណុច​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ  គឺ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មានការ​បំផ្ទុះ​អាវុធ​វែង​អស់​ជិត​៣០​គ្រាប់ ពី​មន្ត្រីជាន់ខ្ពស់​កង​រាជ​អាវុធ​ខេត្ត ពាក់​សក្ដិ​៤​ម្នាក់ ឈ្មោះ​ទេព សុភា និង​មាន​ភារកិច្ច​យាម​ការពារ​ព្រៃ ក្រុមហ៊ុន​រ៉ែ​មាស របស់​ក្រុមហ៊ុន​ចិន​មួយ​នៅ​ចំណុច​ខាងលើ​។

តែបើ​ទោះជា​យ៉ាងណា​ស្ថានភាព​ការ​រួម​គ្នា​ប្តឹង ពី​សំណាក់​ប្រជាពលរដ្ឋ​ទាំង​ជាង​២០០​គ្រួសារ មក​អាជ្ញាធរ​ទៅ​លើ​ទ​ង្វើ​រ​របស់​មន្ត្រី​កងរាជអាវុធហត្ថ​រូប​នេះ ត្រូវ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ក្រោយ​ពី​មន្ត្រី​កងរាជអាវុធហត្ថ​រូប​នោះ​ត្រូវ​បាន​ដក​មក​អង្គភាព​វិញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សុខ យឿ​ន មេ​ភូមិ​អូរ​ត្រូ​ន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា​នេះ​។ បើ​តាម​របាយការណ៍​មួយ​របស់​មេ​ភូមិ​អូរ​ត្រូ​ន​លោក សុខ យឿ​ន ដែល​បាន​ស​សេរ​ជា​ពាក្យបណ្តឹង​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ក្រោយ​ពី​មានការ​បំផ្ទុះ​អាវុធ​ភ្លាម​ៗ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២២ កញ្ញា មន្ត្រី​កងរាជអាវុធហត្ថ​ឈ្មោះ ទេព សុភា និង​កូនចៅ​ម្នាក់​ទៀត បាន​ផឹកស៊ី​ជាមួយនឹង​លោក​មេ​ភូមិ រួម​ជាមួយ​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​នៅ​ក្រោមផ្ទះ​អ្នកស្រុក​ក្នុងភូមិ​មួយ​កន្លែង​។

ក្នុង​ពេល​ផឹកស៊ី​មន្ត្រី​កងរាជអាវុធហត្ថ រូប​នេះ បាន​បង្គាប់​ឲ្យ​លោក​មេ​ភូមិ​ដើរទារ​លុយ​រណ្តៅ​រ៉ែ​មាស របស់​អ្នក​ភូមិ​មក​ឲ្យ​រូបគេ​ក្នុង​មួយ​រណ្តៅ​ចំនួន​១០០​ដុល្លារ តែ​លោក​មេ​ភូមិ​បាន​បដិសេធ​មិន​ធ្វើ​តាម​។ បន្ទាប់​ពី​មានការ​ខ្វែងគំនិត​គ្នា​រួច​មន្ត្រី​កងរាជអាវុធហត្ថ​រូប​នេះ ក៏​បាន​ទៅ​ឃាត់​គោ​យន្ត​កន្ត្រៃ ដឹកឈើ​ដែល​មាន​ដឹក​កំណាត់ឈើ​តិចតួច​របស់​អ្នក​ភូមិ​ចំនួន​៣​គ្រឿង​។ ក្នុង​កំណត់ហេតុ បណ្តឹង​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​ការ​ចាប់​ឃាត់​គោ​យន្ត​កន្ត្រៃ​រួច​មក​កងរាជអាវុធហត្ថ​រូប​នោះ ក៏​បាន​ប្រើ​កាំភ្លើង​អាកា​ភ្ជង់​ទៅ​លើ​អ្នក​ភូមិ​ប្រុស​-​ស្រី​៤​នាក់​ទៀត ដែល​កំពុង​តែ​ឈរ​នៅ​លើ​គំនរ​ថ្ម​ក្បែរ​អណ្តូងទឹក​មួយ​ក្រោយ​ភូមិ និង​បាន​បាញ់​ឡើង​លើ​ប្រមាណ​ជិត​៣០​គ្រាប់ បណ្តាល​ឲ្យ​អ្នក​ភូមិ​ទាំងនោះ​រត់​ប្រសាច​ជើង របូត​ខោ របូត​សា​រ៉ុ​ង​។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​កើតហេតុ​ភ្លាម​ៗ​អ្នក​ភូមិ​ក្នុងភូមិ​ហាក់​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ទៅ​លើ​ទ​ង្វើ​រ​របស់​មន្ត្រី​កងរាជអាវុធហត្ថ​រូប​នេះ ដោយ​ចោទ​ថា មន្ត្រី​កងរាជអាវុធហត្ថ​រូប​នេះ​មាន​ចេតនា គំរាម​គំ​ហែង និង​ប៉ុនប៉ង​បាញ់​សម្លាប់​ពួក​គាត់ ហើយ​ក៏​បាន​នាំ​គ្នា​ស​សេរ​ពាក្យ បណ្តឹង​ផ្ដិត​មេដៃ​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​ចំណាត់ការ​មក​លើ​មន្ត្រី​កងរាជអាវុធហត្ថ​រូប​នេះ​។ តែ​យ៉ាងណា​ស្ថាន​ការ​ប្តឹងផ្ដល់ ក៏​ត្រូវ​បាន​ស្ងប់ស្ងាត់​វិញ​ក្រោយ​ពី​មន្ត្រី​កងរាជអាវុធហត្ថ​រូប​នេះ​ត្រូវ​មាន​ចំណាត់ការ​ដក​ចេញពី​តំបន់​នោះ​។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា មន្ត្រី​កងរាជអាវុធហត្ថ ដែល​រង​ការ​ប្តឹង​ពី​អ្នក​ភូមិ ត្រូវ​បាន​ដក​មក​នៅ​ទីបញ្ជាការ​វិញ​បន្ទាប់​ពី​បង្កហេតុ​រួច ហើយ​ក៏​រង់ចាំ​ចំណាត់ការ​បន្ត​ពី​ថ្នាក់លើ​ផង​ដែរ​៕