ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យ​ពេក​យក​ទៅ​ឲ្យ​វិញ​ខ្លះ ត្រូវ​ចាប់ខ្លួន​ទាំង​ម្តាយ​ទាំង​កូន

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់​ម្តាយ​និង​កូន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល …

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់​ម្តាយ​និង​កូន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

លោក​អនុសេនីយ៍ឯក វង សែ អធិការរង​ស្រុក​កៀនស្វាយ ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ តុ​ប ស្រី​ទូច ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ជា​ម្តាយ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១០ និង​៥២​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ តាម​បទបញ្ជា​របស់​លោក ហេង ផេង ព្រះរាជអាជ្ញា​រង​ខេត្តកណ្តាល ចំណែក​ជនសង្ស័យ​ឈ្មោះ ទេព សម្បត្តិ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​កូន ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​៥ និង​៥០​នាទី​ល្ងាច ថ្ងៃ​ដដែល​ខណៈ​ធ្វើ​សកម្មភាព​រួច​រត់គេច​ខ្លួន​បាន​៨​ថ្ងៃ ហើយ​ចូល​ផ្ទះ​វិញ ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ង​ន ព្រាប ភេទ​ស្រី អាយុ​៨៥​ឆ្នាំ ។ ទាំង​ជនសង្ស័យ​ទាំង​ជន​រង​គ្រោះ​រស់នៅ​ភូមិ​កើតហេតុ​ជាមួយ​គ្នា ។

លោក​អនុសេនីយ៍ឯក វង សែ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ ស្ត្រីជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថា កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦ ខណៈ​រូប​គាត់​មិន​នៅផ្ទះ មាន​ចោរ​គាស់​ទ្វារ​ក្នុងផ្ទះ​របស់​គាត់​ចូល​ទៅ​រើ​កក​កាយ​លួច​យក​ប្រាក់​អស់​ចំនួន​3​ម៉ឺន​ដុល្លារ​, មាស​៥​តម្លឹង​, ប្លា​ក​ទី​ន​១​តម្លឹង​, ខ្សែដៃ​ដាំ​ពេជ្រ​១​ខ្សែ ហើយ​បានដឹង​ពីមុខ​សញ្ញា​ជនសង្ស័យ​ឈ្មោះ ទេព សម្បត្តិ ជា​អ្នក​លួច ហើយ​រត់គេច​ខ្លួន​បាត់ ។ ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​មើល​ផ្ទះ​កើតហេតុ និង​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ តែ​រក​មិនឃើញ​ឡើយ ។ លុះដល់​យប់​ថ្ងៃ​ទី​២០​កញ្ញា ស្ត្រី​ឈ្មោះ តុ​ប ស្រី​ទូច ត្រូវជា​ម្តាយបង្កើត​ជនសង្ស័យ​បាន​យក​ប្រាក់​ចំនួន​៣៩០០​ដុល្លារ ខ្សែដៃ​៤​ខ្សែ​យក​មក​ឲ្យ​ស្ត្រី​រង​គ្រោះ​វិញ ដោយ​ប្រាប់​ថា ជនសង្ស័យ​ជា​កូន​បាន​ទូរស័ព្ទ​ប្រាប់​ឲ្យ​យក​មក​ឲ្យ​វិញ រូប​គាត់​មិនដឹង​ថា កូន​លួច​ទេ ។ ដោយ​ចំនួន​ទឹកប្រាក់ និង​គ្រឿងអលង្កា​ដែល​ម្តាយ​ជនសង្ស័យ​យក​មក​ឲ្យ​ជន​រង​គ្រោះ​វិញ​មិន​គ្រប់​ចំនួន​ដែល​បាត់ ទើប​លោក ហេង ផេង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បញ្ជា​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​រូប​នេះ​ពី​បទ​សមគំនិត​ជាមួយ​កូន​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ។

លោក​អធិការរង​បន្ត​ទៀត​ថា ក្រោយ​ពី​ឃាត់ខ្លួន​ម្តាយ​បាន​ហើយ នៅ​ល្ងាច​ថ្ងៃ​ដដែល​មាន​ព័ត៌មាន​រាយការណ៍​មក​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ ទេព សម្បត្តិ ជា​កូន​ដែល​រត់គេច​ខ្លួន​នោះ​បាន​លួច​ចូល​មក​ផ្ទះ​វិញ​ហើយ ។ ភ្លាម​ៗ​នោះ​កម្លាំង​ក៏​ចុះ​ទៅ​ព័ទ្ធ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​កូន​បាន​ភ្លាម​ៗ​នាំ​មក​កាន់​អធិការដ្ឋាន​ដើម្បី​សួរនាំ ។

លោក វង សែ បញ្ជាក់​បន្ថែម​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ ជនសង្ស័យ ទេព សម្បត្តិ បាន​និយាយ​សារភាព​ថា ទ្រព្យសម្បត្តិ​ដែល​ខ្លួន​លួច​នោះ​គឺ​មាន​១​ស្បោង ចំនួន​គ្រឿងអលង្កា​មាន​ដូច​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ប៉ុន្តែ​លុយ​មាន​តែ​១២៧០០​ដុល្លារ​ទេ មិនមែន​៣​ដុល្លារ​ដូច​ជន​រង​គ្រោះ​និយាយ​នោះ​ទេ ។ ប៉ុន្តែ​ខ្លួន​លក់​ខ្សែ​ក​២​ខ្សែ ប្លា​ក​ទី​ន​១​ខ្សែ​មាស​១​ខ្សែ បាន​លុយ​១៦០០​ដុល្លារ​ទិញ​ម៉ូតូ​១​គ្រឿង​ជិះ និង​លុយ​មួយ​ចំនួន​ស៊ីចាយ​អស់ហើយ នៅ​សល់​តែ​លុយ​ចំនួន​៣៩០០​ដុល្លារ និង​ខ្សែ​ក ខ្សែដៃ​៤​ខ្សែ ដែល​ខ្លួន​លាក់​ទុក​នៅផ្ទះ បាន​ប្រាប់​ឲ្យ​ម្តាយ​យក​មក​ឲ្យ​ជន​រង​គ្រោះ​វិញ និង​ម៉ូតូ​១​គ្រឿង​ជិះ​មក​ផ្ទះ​នេះ​ប៉ុណ្ណោះ ៕