ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​កើត​ចោរ បើ​ប្លន់​មិន​បាន គឺ​លួច

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ក្រុង​សៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​៤​នាក់ ខណៈ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារ​បង្អួច​ផ្ទះ កាល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​១​យប់​រំលង​អធ្រាត្រ

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ក្រុង​សៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​៤​នាក់ ខណៈ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារ​បង្អួច​ផ្ទះ កាល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​១​យប់​រំលង​អធ្រាត្រ ស្ថិត​នៅ​ចំណុច​ភូមិ​សណ្តាន់ សង្កាត់​ទឹក​វិល ខេត្តសៀមរាប​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ក្រុង​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៤ កញ្ញា  ឆ្នាំ​២០១៦ នេះ​ថា ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ស​.​ស​.​អ ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ សង្កាត់​ខាងលើ ដែល​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​យើង​អំពី​ការ​បាត់បង់ រួម​មាន​៖ ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង ក្នុង​នោះ​មាន អាយ​ហ្វូ​ន​ស៊ិ​ច (I phone6) ចំនួន​០១​គ្រឿង និង​អាយ​ហ្វូ​ន​ហ្វា​យ​អេស (I phone 5s) ចំនួន​០១​គ្រឿង លុយ​ដុល្លារ​ចំនួន​៤៥០​ដុល្លារ លុយ​បាត​ចំនួន​៥.៥០០​បាត មាស​ចំនួន​០២​ជី និង​ប្លា​ក​ទី​ន​ចំនួន​០៧​ជី ប័ណ្ណបើកបរ​រថយន្ត​ចំនួន​០១​សន្លឹក និង​អត្តសញ្ញាណ​ប​ណ្ណ័​ចំនួន​០២​សន្លឹក​ផង​ដែរ​។

ប្រភព​បាន​បន្ត​ថា បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ កម្លាំង​នគរបាល​នៃ​អធិការ​ក្រុង​សៀមរាប បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ទាំង​យប់​នៅ​ថ្ងៃ​ទី​២២ ព្រមទាំង​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​-​ស្រី​៤​នាក់ រួច​នាំ​យក​មក​ធ្វើការ​សួរនាំ​នៅ​អធិការ​ក្រុង​សៀមរាប​។ ប្រភព​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់​នោះ​មាន ១-​ឈ្មោះ ឆាត់ ឌី​ម៉​ង់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (​ជា​មុខសញ្ញា​ចាស់​ដ៏​សកម្ម និង​មាន​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​ផង​ដែរ​)​។ ២-​ឈ្មោះ ប៊ុ​ន សំ​បាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀម​រាម ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន ៣-​ឈ្មោះ សៅ សា​លួត ហៅ សំ ប៊ុ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅ ភូមិ​ត្រាវ​គៀត ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។ ដោយឡែក​ជនសង្ស័យ ទី​៤-​ឈ្មោះ សា លី​ន ភេទ​ស្រី អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រាវ​គៀត ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ក្រោយ​ធ្វើការ​សាកសួរ​ចប់ នឹង​ដោយ​មាន​អ្នក​ធានា កម្លាំង​នគរបាល​ក្រុង​សៀមរាប បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​បណ្តោះអាសន្ន​។ នេះ​ជា​រដូវ​កើត​ចោរ ខ្លះ​ប្លន់ ខ្លះ​លួច ។​ល​។