ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ស្ទះចរាចរណ៍ លោក​ឧកញ៉ា​ម្នាក់​ដក​កាំភ្លើង​បា.ញ់​មេឃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា លោក ឧកញ៉ា អៀង ចាន់​ថា អគ្គនាយក​ក្រុម​ផែស្ងួតរ​អូ​ល័​រ​វើ​ល​វ៉ា​យ៏ និង​ជា​ឧត្តម​សេនី​យ៏​យោធា​ផង​នោះ បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​បា.ញ់​មេឃ​១​គ្រាប់

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា លោក ឧកញ៉ា អៀង ចាន់​ថា អគ្គនាយក​ក្រុម​ផែស្ងួតរ​អូ​ល័​រ​វើ​ល​វ៉ា​យ៏ និង​ជា​ឧត្តម​សេនី​យ៏​យោធា​ផង​នោះ បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​បាញ់​មេឃ​១​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ និង​អ្នក​រស់នៅ​ជិត​កន្លែង​កើតហេតុ​នោះ ។

ការ​បាញ់ប្រហារ​មេឃ​នោះ ក៏​ព្រោះតែ​នៅ​ពេល​នោះ​តាម​ដងផ្លូវ​ខាងលើ​មានការ​កកស្ទះ​ចរាចរណ៍ ហើយ​លោក​ឧកញ៉ា​ម្នាក់​នោះ​ជិះ​រថយន្ត​មិនកើត បាន​ឲ្យ​សន្តិសុខ​ម្នាក់​ដែល​យាម​នៅ​ក្រុមហ៊ុន​របស់​ខ្លួន ជិះ​ម៉ូតូឌុប​ខ្លួន​ទៅ​ផ្ទះ​ប៉ុន្តែ​នៅ​តែ​ជិះ​មិន​រួច ហើយ​មាន​អ្នក​ជ្រែ​ទៀត ទើប​គាត់​បាន​ដក​កាំភ្លើង​បាញ់​ឡើង​លើ​១​គ្រាប់ សម្ញែង​ឫក​រួច​ចុះ​ពីលើ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​តែ​ម្ដង​។

បន្ទាប់​មក​កម្លាំង​បាន​ចុះ​ទៅ​អន្តរា​គម​ន៏​និង​ឃាត់ខ្លួន​សន្តិសុខ ដែល​ជិះ​ម៉ូតូឌុប​ឧកញ៉ា​នោះ​បាន​ម្នាក់ នាំ​ទៅ​សាកសួរ​ដើម្បី​បានដឹង​ពី អត្តសញ្ញាណ​អ្នក​ផ្ទុះអាវុធ​នោះ​ច្បាស់​លាស់ ហើយ​ពេល​នេះ​សន្តិសុខ​ខាងលើ ត្រូវ​បាន​ដោះ​លែង​ទៅ​វិញ​ហើយ ព្រោះ​មិន​មានការ​ពាក់ព័ន្ធ និង​បាន​កសាង​សំណុំរឿង​លោក​ឧកញ៉ា​ម្នាក់​នោះ បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ដីការ​តាម​ចាប់ខ្លួន​ហើយ ប៉ុន្តែ​ចាត់ការ​ឬ​មិន​ចាត់ការ​សម្រេច​នៅ​លើ​តុលាការ​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ថា ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ កញ្ញា ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ខ្មាន់កាំភ្លើង​ដែល​បាញ់​មេឃ​នោះ ឈ្មោះ អៀង ចាន់​ថា អាយុ​ជាង​៥០​ឆ្នាំ គាត់​មាន​ងារ​ជា​ឧកញ៉ា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ផែស្ងួត​អូ​ល័​រ​វើ​ល​វ៉ា​យ៏ ដែល​មា​នទី​តាំងនៅ​ខាងក្រោយ​វត្ត​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ហើយ​ក៏​ជា​ឧត្តម​សេនី​យ៏​យោធា​ម្នាក់​ផង​ដែរ មាន​ទីលំនៅ​ក្នុង​បុរី លឹ​ម​ឈាង​ហាក់ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ។

ដោយឡែក​សន្តិសុខ​ម្នាក់​ដែល​ត្រូវ​ចាប់ខ្លួន ហើយ​ដោះ​លែង​វិញ​នោះ ឈ្មោះ ព្រី​ម គី​ម អាយុ ៣៥​ឆ្នាំ មាន​មុខរបរ​សន្តិសុខ​យាម នៅ​ផែស្ងួត អូ​ល័​រ​វើ​ល​វ៉ា​យ​នោះ​និង ស្នាក់​នៅ​ក្នុង​ផែស្ងួត​ខាងលើ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​ចាប់ខ្លួន​រួម​ជាមួយ​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី វី​វ៉ា​ព​ណ៏​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BT-1084 ។

មន្ត្រី​នគរបាល​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ​នោះ នៅ​តាម​ផ្លូវជាតិ​លេខ​៤ មានការ​កកស្ទះ​ចរាចរ​យ៉ាង​ខ្លាំង ហើយ​កម្លាំង​នគរបាល​នៅ​តាម​បណ្ដា​ប៉ុស្ដិ៍ និង​ផ្នែក​នានា ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ជួយ​សម្រួល​ចរាចរណ៍​ផង​ដែរ ដោយសារ​តែ​ការ​កកស្ទះ បាន​ធ្វើ​ឲ្យ​ឧក​ញ៉​ម្នាក់​នោះ មិន​អាច​ជិះ​រថយន្ត​ចេញពី​ក្រុមហ៊ុន​ទៅ​ផ្ទះ​រួច គាត់​បាន​ឲ្យ​សន្តិសុខ​ម្នាក់​ជិះ​ម៉ូតូ​ជូន​ទៅ​ផ្ទះ​ព្រោះ ម៉ូតូ​អាច​ជ្រែ​ទៅ​បាន​ស្រួល​ជាង​រថយន្ត​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ នៅ​តែ​ស្ទះ​មិន​អាច​ទៅ​រួច ហើយ​ស្រប​ពេល​នោះ មាន​អ្នកដំណើរ​ផ្សេង​ទៀត​ជិះ​ម៉ូតូ​ជ្រែ ទើប​ធ្វើ​ឲ្យ​លោក​ឧកញ៉ា​ម្នាក់​នោះ​ខឹង ក៏​ដក​កាំភ្លើងខ្លី​បាញ់​ឡើង​លើ​មេឃ​១​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ ហើយ​អ្នកដំណើរ​ព្រលឹង​ចុង​សក់​គ្រប់​ៗ​គ្នា បន្ទាប់​មក​គាត់​បាន​ចុះ​ពីលើ​ម៉ូតូ រត់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​បាត់​ស្រមោល​។ ប្រភព​ខាងលើ​បាន​បន្ត​ថា ក្រោយ​ពេល​បាញ់បោះ​សេរី​បែប​អនាធិបតេយ្យ​រួច​មក ឧកញ៉ា​នោះ​បាន​រត់​បាត់ សន្តិសុខ​ដែល​ដឹក​គាត់​នោះ ក៏​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ដែរ ប៉ុន្តែ​ភ្លាម​ៗ​នោះ​រត់​មិន​រួច​ដោយសារ​តែ​ផ្លូវ​ស្ទះ​ផង មាន​ប្រជាពលរដ្ឋ​ជិះ​តាម​ផង ជា​ពិសេស​កម្លាំង​នគរបាល​កំពុង​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​នោះ បណ្ដាក់​គ្នា​ដូច​ខ្យង​ផង ទើប​ចាប់ខ្លួន​បាន​ភ្លាម​ៗ​នាំ​យក​ទៅ​សាកសួរ​។ ប៉ុន្តែ​ពេល​ដល់​ប៉ុស្ដិ៍​ចោម​ចៅ សន្តិសុខ​នោះ​បាន​ប្រាប់​ថា ពិតជា​លោក​ឧកញ៉ា អៀង ចាន់​ថា នោះ​បាញ់​មែន​ដោយសារ​តែ​មាន​ហ្វូង​ក្រុម​ក្មេង​ស្ទាវ​វាយ​គ្នា​តែ​ប៉ុណ្ណោះ​។ ដោយឡែក​ប្រភព​ពី​អ្នកដំណើរ​បាន​ប្រាប់​នគរបាល​នៅ​កន្លែង​កើតហេតុ​ថា មុន​ពេល​ផ្ទុះអាវុធ មាន​រថយន្ត​មួយ​ចំនួន​បាន​ចត​នៅ​ចិញ្ចើម​ផ្លូវ ខណៈនោះ​លោក​ឧកញ៉ា​ខាងលើ​បាន​ស្រែក​ខ្លាំង​ៗ​ថា « ដោយសារ​តែ​ពួក អា​ម្ចាស់​រថយន្ត​ម៉ែ​វា​ហ្នឹង​ចត​ចឹ​ង​បាន​ផ្លូវ​វា​ស្ទះ​ម្លឹ​ង​ៗ» លុះ​និយាយ​ចប់ លោក​ឧកញ៉ា​ក៏​បាន​ដក​កាំភ្លើង​មក​បាញ់​ឡើង​លើ​១​គ្រាប់​តែ​ម្ដង​។

ទាក់ទិន​ទៅ​នឹង​ហេតុ​ការ​ណ៏​នោះ កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក​ឧកញ៉ា អៀង ចាន់​ថា នោះ​បាន​ឡើយ ហើយ​សន្ដិសុខ​ម្នាក់​ដែល​ឌុ​បលោក និង​ត្រូវ​នគរ​បាន​ឃាត់ខ្លួន​នោះ ត្រូវ​បាន​នគរបាល​ប្រាប់​ថា បាន​ដោះ​លែង​ទៅ​វិញ​ហើយ ព្រោះ​ជន​នោះ​គ្រាន់តែ​ជា​អ្នក​ឌុ​ប និង​មិន​បានដឹង​ថា នៅ​សុខ​ៗ​ស្រាប់តែ​លោក​ឧកញ៉ា​នោះ​ដក​កាំភ្លើង​បាញ់​មេឃ​បែប​នេះ​ឡើយ​។

ដោយឡែក​សំណុំរឿង​លោក​ឧកញ៉ា​បាញ់បោះ​សេរី​នោះ ត្រូវ​បាន​កសាង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ដីកាចាប់ខ្លួន​ហើយ ប៉ុន្តែ​មិនដឹង​ថា តើ​តុលាការ​សម្រេច​បែប​ណា​នោះ​ទេ​៕