ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​ជាង​៤​ពាន់​នាក់​ប្រឡង​ចូល​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​ប្រឡង​ជ្រើសរើស​បេក្ខជន​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ី​វិល​របស់​ខ្លួន​សម្រាប់​ទូ​ទាំង​ប្រទេស មាន​ចំនួន​២៦៩​រូប​បន្ថែម​ទៀត ក្នុង​ចំណោម​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ចំនួន​៤.២២៩​នាក់

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​ប្រឡង​ជ្រើសរើស​បេក្ខជន​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ី​វិល​របស់​ខ្លួន​សម្រាប់​ទូ​ទាំង​ប្រទេស មាន​ចំនួន​២៦៩​រូប​បន្ថែម​ទៀត ក្នុង​ចំណោម​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ចំនួន​៤.២២៩​នាក់ ។ ពិធី​ប្រឡង​បាន​ធ្វើ​ឡើង​រយៈពេល​មួយ​ព្រឹក និង​ពេលវេលា​ព្រម​គ្នា​នៅ​ទូ​ទាំង​ប្រទេស គឺ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ ក្នុង​នោះ​មាន​មន្ត្រី​ក្របខ័ណ្ឌ​រដ្ឋបាល​ជាន់ខ្ពស់​, ក្របខ័ណ្ឌ​មន្ត្រី​ក្រមការ ក្របខ័ណ្ឌ​លេខាធិការ​រដ្ឋបាល និង​ក្របខ័ណ្ឌ​អនុរក្ស​ពន្ធនាគារ ។ ដោយឡែក​សម្រាប់​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ចូល​ក្នុង​ក្របខ័ណ្ឌ​ទី​ស្តី​ក្រសួងមហាផ្ទៃ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល បាន​យក​មណ្ឌល​ប្រឡង​មួយ​រួម​គ្នា គឺ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ រាជធានី​ភ្នំពេញ ដែល​មាន​ចំនួន​៥០​បន្ទប់​ប្រឡង ។ ចំពោះ​វិញ្ញាសា​ដែល​ត្រូវ​ប្រឡង​មាន​ជំនាញ​ឯកទេស  ភាសា​អង់គ្លេស វៀតណាម ឡាវ ចំណេះដឹង​ទូទៅ គណិត​វិទ្យា និង​វិញ្ញាសា​តែងសេចក្តី ឬ​ការ​សរសេរ​លិខិត​រដ្ឋបាល ។

សម្រាប់​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ លោក ប្រាក់ សំ​អឿ​ន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ  លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ទៅ​កាត់ វិញ្ញាសា​សម្រាប់​ការ​ប្រឡង​នេះ ក្រោម​ការ​អង្កេត និង​ត្រួតពិនិត្យ​ពី​មន្ត្រី​មក​ពី​ស្ថាប័ន​ពាក់ព័ន្ធ​លោកគ្រូ អ្នកគ្រូ ដែល​បាន​រៀបចំ ចាត់ចែង​ជា​គ្រូ​អនុរក្ស និង​មេ​ប្រយោគ​យ៉ាង​ម៉ត់ចត់​ផង​ដែរ ។

មន្ត្រី​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ដែល​រៀបចំ​មណ្ឌល​ប្រឡង​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​២០១៦ នេះ​ក្រសួងមហាផ្ទៃ​បាន​ជ្រើស​យក​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ជា​មណ្ឌល​ប្រឡង​រួម​សម្រាប់​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​ទី​ស្តី​ក្រសួងមហាផ្ទៃ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ហើយ​ការ​ប្រឡង​នេះ​មាន​៥០​បន្ទប់​ប្រឡង ។ ចំពោះ​វិញ្ញាសា​ដែល​ត្រូវ​ប្រឡង​សម្រាប់​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ជំនាញ​ភាសាបរទេស​មាន ចំណេះដឹង​ទូទៅ​រយៈពេល​១​ម៉ោង​៣០​នាទី  ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់ និង​ក្របខ័ណ្ឌ​មន្ត្រី​ក្រមការ​មាន ៖ ជំនាញ​ឯកទេស​រយៈពេល​១​ម៉ោង​៣០​នាទី​, វិញ្ញាសា​ភាសា​អង់គ្លេស រយៈពេល​១​ម៉ោង​៣០​នាទី ។ ដោយឡែក​សម្រាប់​មន្ត្រី​ក្របខ័ណ្ឌ​លេខាធិ​ការ​រដ្ឋបាល និង​មន្ត្រី​ពន្ធនាគារ​មាន​វិញ្ញាសា​ចំណេះដឹង​ទូទៅ ចំណេះដឹង​កិច្ចការរដ្ឋបាល និង​គណិត​វិទ្យា​មាន​រយៈពេល​១​ម៉ោង ៣០​នាទី​, វិញ្ញាសារ​តែងសេចក្តី ឬ​ការ​សរសេរ​លិខិត​រដ្ឋបាល​រយៈពេល​១​ម៉ោង​៣០​នាទី ។ ចំណែកឯ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ដោយ​បានការ​អនុញ្ញាតិ​ពី​រាជរដ្ឋាភិបាល ឆ្នាំ​២០១៦​នេះ ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​ប្រឡង​ជ្រើសរើស​មន្ត្រី​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​ក្រោម​ឱ​វាត​ក្រសួង​ចំនួន​២៦៩​នាក់ ហើយ​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​មាន​ចំនួន​៤.២២៩​នាក់ ។ មូលហេតុ​ដែល​មានការ​ប្រឡង​ជ្រើសរើស​បែប​នេះ មក​ពី​ក្រសួង​មានការ​ខ្វះខាត​មន្ត្រី​បំរើ​ការ ដើម្បី​រើស​បំពេញបន្ថែម​ដោយសារ​មន្ត្រី​ក្នុង​ក្របខ័ណ្ឌ​មួយ​ចំនួន​ខ្លះ​បាន​ផ្ទេរ​ទៅ​ក្រសួង ឬ​ស្ថាប័ន​ផ្សេង​ៗ មន្ត្រី​ខ្លះ​ចូល​និវត្តន៍ និង​មន្ត្រី​ខ្លះ​បាន​ស្លាប់  ហើយ​ការ​រើស​នេះ​ក៏​នៅ​មិន​ទាន់​គ្រប់​ចំនួន​នោះ​ទេ ដែល​ត្រូវ​ប្រឡង​ជ្រើសរើស​នៅ​ឆ្នាំ​ក្រោយ​ៗ​ជា​បន្តបន្ទាប់​ទៀត ។

បេក្ខជន​ម្នាក់​ដែល​បាន​ប្រឡង​នៅ​មណ្ឌល​ភ្នំពេញ ប្រឡង​ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា រូបគេ​ទើបបាន​រៀន​ចប់​បរិញ្ញាប័ត្រ ដោយសារ​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ប្រឡង​ជ្រើសរើស ម្យ៉ាង​អត់​ការងារ​ធ្វើ​ទៀត​នោះ រូបគេ​ក៏​បាន​ដាក់​ពាក្យ​ប្រឡង​ចូល​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​នេះ ។ ប៉ុន្តែ​ឆ្លងកាត់​តាម​រយៈ​ការ​ប្រឡង​រួច​មក រូបគេ​ហាក់ដូចជា​គ្មាន​សង្ឃឹម​នឹង​បាន​ជាប់​នោះ​ទេ ដោយសារ វិញ្ញាសា​ប្រឡង​មានការ​លំបាក និង​ខុស​ប្លែក​កាលពី​នៅ​រៀន ជា​ពិសេស​ផ្នែក​ជំនាញ​ឯកទេស និង​ភាសា​អង់គ្លេស ។ យុវជន​ម្នាក់​នោះ​បាន​បញ្ជាក់​ថា ទោះជា​យ៉ាងណា គេ​នៅ​មិន​ទាន់​អស់សង្ឃឹម​ឡើយ​នឹង​សន្យា​ថា នឹង​ព្យាយាម​ដាក់​ពាក្យ​ប្រឡង​នៅ​ឆ្នាំ​ក្រោយ​ទៀត ។  ចំណែកឯ​បេ​ក្ខ​នារី​ម្នាក់​ទៀត​ឈ្មោះ ស្រី នាង ដែល​បាន​រៀន​ចប់​បរិញ្ញាប័ត្រ និង​ដាក់​ពាក្យ​ប្រឡង​ចូល​ក្របខ័ណ្ឌ​ដូច​បេក្ខជន​ខាងលើ​នេះ​ដែរ បាន​ឲ្យ​ដឹង​ថា ខ្លួន​ហាក់​មាន​សង្ឃឹម​នឹង​ជាប់ ព្រោះ​កិច្ចការ ឬ​វិញ្ញាសា​ដែល​គេ​ដាក់​ឲ្យ ខ្លួន​ធ្វើ​បាន​ទាំងអស់ ហើយ​ក៏​មានការ​ជឿជាក់​ទៀត​ផង ។

ទាក់ទិន្ន​ទៅ​នឹង​ការ​ប្រឡង​នោះ មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ការ​ប្រឡង​នេះ ធ្វើ​ឡើង​ពេល​ព្រម​ៗ​គ្នា​នៅ​ទូ​ទាំង​ប្រទេស រាប់​ទាំង​ការ​ប្រមូល​វិញ្ញាសា ឬ​ឯកសារ​ដែល​បេក្ខជន​ធ្វើ​ហើយ ។ ប៉ុន្តែ​លទ្ធផល​ប្រឡង​មិន​ទាន់​កំណត់​រយៈពេល​បាន​នៅឡើយ​ទេ គឺ​អាស្រ័យ​ទៅ​លើ​គណៈកម្មការ​ឲ្យ​ពិន្ទុ ឬ​ក្រសួង​ជា​អ្នក​កំណត់ និង​ចាត់ចែង ៕