ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នាក់ងារទេសចរណ៍​តែងតែ​ជួយ​សង្គ្រោះ​ភ្ញៀវ​នៅ​ឧទ្យាន​អង្គរ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ភ្នាក់ងារទេសចរណ៍ មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ណែនាំ​ទិស​ដៅ​ទស្សនា មើល​សកម្មភាព​នានា​របស់​ភ្ញៀវ​ទេសចរ ពន្យល់​ណែនាំ ក៏​ដូច​ជា​ជួយ​ដោះស្រាយ​បញ្ហា ផ្សេង​ៗ​ដែល​កើតឡើង​

ខេត្តសៀមរាប ៖ ភ្នាក់ងារទេសចរណ៍ មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ណែនាំ​ទិស​ដៅ​ទស្សនា មើល​សកម្មភាព​នានា​របស់​ភ្ញៀវ​ទេសចរ ពន្យល់​ណែនាំ ក៏​ដូច​ជា​ជួយ​ដោះស្រាយ​បញ្ហា ផ្សេង​ៗ​ដែល​កើតឡើង​ជាយថាហេតុ​ក្នុង​ការ​ទស្សនា​នៅ​តំបន់​អង្គរ ។

សកម្មភាព​ដែល​ភ្នាក់ងារទេសចរណ៍​តែងតែ​យកចិត្តទុកដាក់ និង​ជួប​ជា​ប្រចាំ គឺ​ការ​ជួយ​សង្គ្រោះ​ភ្ញៀវ​ពេល​មាន​គ្រោះថ្នាក់ ការ​រើស​បាន​របស់​ភ្ញៀវ និង​ទប់ស្កាត់​ករណី​ភ្ញៀវ​ប្រព្រឹត្ត​មិន​សមរម្យ​នៅ​ក្នុង​ពេល​ទស្សនា ។ យោង​តាម​របាយការណ៍​សកម្មភាព​ការងារ​នៅ​ខែសីហា ឆ្នាំ​២០១៦ របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្ហាញ​ថា ក្រុមការងារ​ជួយ​សង្គ្រោះ​ភ្ញៀវ​បាន​ចំនួន​១៥​ករណី​ដែល​រង​របួស​ដោយ​រអិល ជំពប់​ជើង បណ្តាល​ឱ្យ​ដួល គ្រេច ថ្លោះ​ដៃជើង ងងឹតមុខ ចុកពោះ ប៉ះ​ក្បាល​នឹង​ហោជាង ឬ​រោងទង និង​ធ្លាក់​ពីលើ​រ៉ឺ​ម៉ក ។ បញ្ហា​ទាំងនេះ​មិន​មាន​ច្រើន​ទេ​នៅ​តំបន់​អង្គរ ដែល​ពេល​ខ្លះ​កើតឡើង ដោយសារ​ភ្ញៀវ​ធ្វេសប្រហែស​មិន​គោរព​តាម​ការ​ណែនាំ ឬ​ស្លាក​សញ្ញា​ហាមឃាត់ និង​សុខភាព​ផ្ទាល់ខ្លួន​របស់​ពួក​គាត់​ជាដើម ។

ទោះជា​យ៉ាងណា​ក្តី ក្រុម​ភ្នាក់ងារទេសចរណ៍​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​នគរបាល​ទេសចរណ៍ និង​នគរបាល​ការពារ​បេតិកភណ្ឌ បាន​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​នៅ​នឹង​កន្លែង​ចំពោះ​ករណី ស្រាល​ៗ រីឯ​ករណី​ធ្ងន់​គឺ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។

ក្រុម​ភ្នាក់ងារទេសចរណ៍​អាជ្ញាធរ​ជាតិ​អប្សរា នគរបាល​ទេសចរណ៍ និង​នគរបាល​ការពារ​បេតិកភណ្ឌ​ធ្លាប់​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជំនាញ​សង្គ្រោះ​បឋម និង​មាន​បរិក្ខារ​សង្គ្រោះ​បឋម​ជាប់​ខ្លួន​ស្រាប់ ។ ដោយឡែក​ចំពោះ​ការ​រើស​បាន​របស់របរ​ភ្ញៀវ​ដែល​ភ្លេច ឬ​ជ្រុះ​នៅ​តាម​បណ្តា​ប្រាសាទ​វិញ គឺ​មាន​១៨​ករណី ក្នុង​នោះ​រក​ឃើញ​១៥​ករណី និង​រក​មិនឃើញ​៣​ករណី​។ ឯ​ករណី​រក​មិនឃើញ ភ្នាក់ងារទេសចរណ៍​បាន​ណែនាំ​ឱ្យ​ភ្ញៀវ​ដាក់​ពាក្យបណ្តឹង​នៅ​អង្គភាព​នគរបាល​ទេសចរណ៍ ។

សម្ភារ​ដែល​ភ្ញៀវ​ភ្លេច និង​បាត់​ជា​ទូទៅ​មាន​ដូច​ជា​៖ ទូរ​សព្ទ​ដៃ កាបូបស្ពាយ កាបូប​លុយ ម៉ាស៊ីន​ថត កាត​អេ​ធី​អ៊ឹម លិខិតឆ្លងដែន ជើង​ទម្រ​ម៉ាស៊ីន​ថត ។ ក្នុង​ករណី​រក​ឃើញ​សម្ភារ ហើយ​រក​ម្ចាស់​មិនឃើញ ភ្នាក់ងារទេសចរណ៍​បាន​ប្រគល់​ជូន​នគរបាល​ទេសចរណ៍​ជា​អ្នករក្សា​ទុក ដើម្បី​រង់ចាំ​ម្ចាស់​មក​ទាក់ទង ។ រាល់​សកម្មភាព​ទាំងនេះ​ទទួល​បាន​នូវ​ការ​អរគុណ និង​កោតសរសើរ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​មិន​ដាច់​ពី​មាត់ ព្រមទាំង​ការ​បង្ហាញ​នូវ​ក្តី​ស្រឡាញ់ និង​ទំនុកចិត្ត​មក​លើ​ភ្នាក់ងារទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ទៀត​ផង ។

ក្រៅពី​នោះ ក្រុម​ភ្នាក់ងារទេសចរណ៍​ក៏​បាន​ហាមឃាត់​ភ្ញៀវ​ដែល​ប្រព្រឹត្ត​មិន​សមរម្យ​បាន​ចំនួន​២៨​ករណី​ផង​ដែរ ដូច​ជា​៖ ការ​បង្ហោះ Drone ថតរូប​បង្ហាញ​ម៉ូ​ដ បម្រុង​ថតរូប​លើក​បដា​ជា​ភាសាបរទេស ឡើង​កន្លែង​ហាមឃាត់ និង​គ្រោះថ្នាក់ ស្លៀក​សម្លៀក​បំពាក់​សិច​ស៊ី ជនបរទេស​ថតរូប​អាពាហ៍ពិពាហ៍​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ថតរូប​កាយវិការ​មិន​សមរម្យ ថតរូប​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ជក់បារី​ជាដើម ។

អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​យកចិត្តទុកដាក់​ជា​និច្ច​លើ​គ្រប់​បញ្ហា​ដែល​កើតឡើង​នៅ​ក្នុង​តំបន់​អង្គរ ពិសេស​គឺ​សន្តិសុខ សុវត្ថិភាព និង​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​សំដៅ​ធ្វើ​យ៉ាងណា​គឺ​ឱ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា​ម្តង​ហើយ​ចង់​មក​ម្តងទៀត ជា​ពិសេស​ជួយ​យកចិត្តទុកដាក់​ពេល​ភ្ញៀវ​មាន​បញ្ហា ដែល​នេះ​ជា​សន្តាន​ចិត្ត​ដែល​ខ្មែរ​មាន​តាំងពី​ដូនតា​មក ៕