ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ចម្បង​នាំ​ឱ្យ​កើត​ជំងឺ​ទាច​ទឹក​មក​ពី​ការ​ក្រិន​ថ្លើម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្វី​ទៅ​ជា​ជំងឺ​ទាច​ទឹក? ជំងឺ​ទាច​ទឹក (Ascites) គឺជា​វត្តមាន​ទឹក​ដក់​នៅ​ក្នុង​ស្រោមពោះ ដែល​មិនមែន​ជា​ឈាម​ទេ ។ តើ​មូលហេតុ​អ្វីខ្លះ ដែល​អាច​បង្ក​ឱ្យ​មាន​ជា​ជំងឺ​ទាច​ទឹក? ក៏​មូលហេតុ​សំខាន់​ៗ

រាជធានី​ភ្នំពេញ ៖ អ្វី​ទៅ​ជា​ជំងឺ​ទាច​ទឹក? ជំងឺ​ទាច​ទឹក (Ascites) គឺជា​វត្តមាន​ទឹក​ដក់​នៅ​ក្នុង​ស្រោមពោះ ដែល​មិនមែន​ជា​ឈាម​ទេ ។  តើ​មូលហេតុ​អ្វីខ្លះ ដែល​អាច​បង្ក​ឱ្យ​មាន​ជា​ជំងឺ​ទាច​ទឹក? ក៏​មូលហេតុ​សំខាន់​ៗ ដែល​អាច បណ្តាល​ឱ្យ​កើត​ទាច​ទឹក​មាន​៖

-​ជំងឺ​ក្រិន​ថ្លើម (Liver Cirrhosis) ដែល​មាន​ប្រមាណ​ជា​៨០%
-​ជំងឺ​ខ្សោយតម្រងនោម​រ៉ាំរ៉ៃ (Chronic Renal Failure)
-​ជំងឺខ្សោយបេះដូង
-​ជំងឺរបេង​ស្រោមពោះ ឬ​ពោះវៀន (Peritoneal or Intestinal Tuberculosis)

-​ជំងឺមហារីក​ស្រោមពោះ (Primary Peritoneal Cancer) ឬ​ការ​រាលដាល​មក​ក្នុង​ស្រោមពោះ (Peritoneal Metastases) នៃ​ជំងឺមហារីក​ផ្សេង​ៗ​ដូច​ជា មហារីក​ថ្លើម លំពែង ក្រពះ ពោះវៀនធំ ឬ​ក្រពេញ​អូវែរ​ជាដើម ។

ដកស្រង់​ប្រសាសន៍​លោកស្រី​វេជ្ជបណ្ឌិត វង ច័ន្ទ​លី​ណា ឯកទេស​ថ្លើម ក្រពះ ពោះវៀន​នៃ​មន្ទីរពេទ្យ​កាល់​មែ​៉​ត ដែល​បាន​ធ្វើការ​កត់​សម្គាល់ថា រោគ​សញ្ញា​ដែល​អាច​ឱ្យ​យើង​ដឹង​ថា អ្នកជំងឺ​ម្នាក់​មាន​ជំងឺ​ទាច​ទឹក​មាន​ដូច​ជា ៖

-​ពោះ​ឡើង​តឹង​ធំ និង​ភ្លឺ​រលោង 
-​ផ្ចិត​ប៉ោង​ធំ​ខុស​ពី​ធម្មតា​(​ករណី​មានទឹក​ដក់​ច្រើន​)
-​ការ​ថយ​ចុះ​នូវ​បរិមាណ​ទឹកនោម 
-​ហើមជើង​ទាំង​សងខាង 
-​ឡើង​ទម្ងន់​ខុស​ពី​ធម្មតា ប៉ុន្តែ​រូបរាង​អ្នកជំងឺ​ស្គមស្គាំង (​ឡើង​តឹង​ធំ​តែ​ពោះ​) ។ គេ​អាច​រក​ឃើញ​ទាច​ទឹក​ដោយ​ការ​ពិនិត្យ​រាង​កាយ​អ្នកជំងឺ​ដោយ​ឱ្យ​គាត់​សម្រាន្ត​ផ្អៀង រួច​សង្កេត​មើលទៅ​លើ​ពោះ និង​យកដៃ​ស្ទាប ហើយ​គោះ​លើ​ពោះ​រក​សំឡេង​ទឹក​ក្នុង​ស្រោមពោះ ។ គ្រូពេទ្យ​អាច​ស្វែងរក​ឃើញ​នូវ​រោគ​សញ្ញា​នៃ​ជំងឺ​ផ្សេង​ៗ ដែល​ជា​មូលហេតុ​ដូច​បាន​រៀបរាប់​ខាងលើ ។

ករណី​ទាច​ទឹក​ដែល​មាន​បរិមាណ​តិចតួច ការ​ធ្វី​រោគវិនិច្ឆ័យ អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​រូបភាព​វេជ្ជសាស្ត្រ​ផ្សេង​ៗ​ដូច​ជា អេកូ​សាស្ត្រ (Abdomen Ultrasound) ឬ​ស៊ី​ធី​ស្កែ​ន (CT Scan) ។

ចំណាំ​៖ ករណី​មួយ​ចំនួន​អាច​បង្ក​ឱ្យ​ពោះ​របស់​អ្នក​ឡើង​រីក​តឹង​ធំ​ខុស​ពី​ធម្មតា ដែល​វា​មិនមែន​ជា​ជំងឺ​ទាច​ទឹក​ដូច​ជា ៖
-​ប្លោក​នោម​ដែល​ពេញ​ទៅ​ដោយ​ទឹកនោម នៅ​ពេល​ស្ទះ​ទឹកនោម
-​ពេល​មាន​ផ្ទៃពោះ (​ចំពោះ​ស្ត្រី​)
-​ខ្យល់​ក្នុង​ពោះវៀន ករណី​ស្ទះ​ពោះវៀន
-​ដុំ​គីស​នៅ​ក្នុង​ដៃ​ស្បូន (​ចំពោះ​ស្ត្រី​) ។ ល​។

ដូច្នេះ​មាន​តែ​ការ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រួ​ពេទ្យ​ទេ ដែល​អាច​បញ្ជាក់​ច្បាស់​ពី​រោគវិនិច្ឆ័យ​នេះ​បាន ។

តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច នៅ​ពេល​ដែល​អ្នក​សង្ស័យ​ថា មាន​ជំងឺ​ទាច​ទឹក? អ្នក​គួរ​ទៅ​ជួប​ពិគ្រោះ​ជំងឺ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​រក​មូលហេតុ និង​ធ្វើការ​ព្យាបាល​តាម​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ ។ មូលហេតុ​មួយ​ចំនួន​អាច​ព្យាបាល​ជា​សះស្បើយ​ដូច​ជា ជំងឺរបេង​ស្រោមពោះ ឬ​របេង​ពោះវៀន ។​ល​។

ផ្ទុយ​ទៅ​វិញ មូលហេតុ​ផ្សេង​ៗ​ទៀត អាច​ក្លាយជា​ជំងឺ​រ៉ាំរ៉ៃ ឬ​អាច​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​លោក​អ្នក​ទៀត​ផង ។ ជៀសវាង​ការ​ប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង ដោយ​ពំ​ុ​មាន​វេជ្ជបញ្ជា និង​ថ្នាំបុរាណ​ទាំងឡាយ​ណា​ដែល​ពុំ​មាន​ប្រភព​ច្បាស់លាស់ ។

បញ្ជាក់ ៖ ជំងឺ​ក្រិន​ថ្លើម (Liver cirrhosis) ជា​មូលហេតុ​ចម្បង​នៃ​ជំងឺ​ទាច​ទឹក ។ ជំងឺ​ក្រិន​ថ្លើម​នេះ អាច​បណ្តាល​មក​ពី​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ បង្ក​ដោយ​វីរុស បេ និង​សេ (Hepatitis B and C) ឬ​ការ​ទទួលទាន​ស្រា​លើស​កម្រិត​យូរ​រ៉ាំរ៉ៃ និង​ខ្លាញ់​រុំ​ថ្លើម (Steato-Hepatitis)​។ «​សូម​មេត្តា​មក​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺថ្លើម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ជំងឺ​ទាំងនេះ និង​ទទួលយក​ការ​ព្យាបាល​ឱ្យទាន់​ពេលវេលា ៕