ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់ចាម រំពឹងថា មានអ្នកមកលេងច្រើន នៅពេល​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខាងមុខ

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ នៅតាមរមណីយដ្ឋាននានា ក្នុងនោះ រួមមាន វត្តនគរបាជ័យ វត្តភ្នំហាន់ជ័យ រមណីយដ្ឋានទឹកឆា ឆ្នេរខ្សាច់កោះប៉ែន និងតំបន់ជាច្រើនទៀត នៅក្នុងខេត្តកំពង់ចាម…

ខេត្តកំពង់ចាម៖ នៅតាមរមណីយដ្ឋាននានា ក្នុងនោះ រួមមាន វត្តនគរបាជ័យ វត្តភ្នំហាន់ជ័យ រមណីយដ្ឋានទឹកឆា ឆ្នេរខ្សាច់កោះប៉ែន និងតំបន់ជាច្រើនទៀត នៅក្នុងខេត្តកំពង់ចាម បានរៀបចំសង្រ្កាន សម្រាប់អបអរសាទរបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលកាន់តែខិតជិតមកដល់​។

លោក ស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម មានប្រសាសន៍ថា ក្រោយពីខកខានបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ២ឆ្នាំ ដោយសារតែផ្ទុះជំងឺកូវីដ មកដល់ឆ្នាំ២០២២ នេះ​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាតឲ្យមានការជួបជុំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឡើងវិញ។ ជាមួយនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានស្នើឲ្យអង្គភាពនានា ជុំវិញខេត្ត រួមទាំងរមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋាន​កែច្នៃ ត្រូវរៀបចំតុបតែងលម្អ និងធ្វើសង្ក្រាន ដើម្បីលេងល្បែងប្រជាប្រិយ ក្នុងនោះ មានបោះអង្គុញ ចោលឈូង ទាញព្រ័ត្រ ជាដើម​។

ប្រធានមន្ទីរទេសចរណ៍ខេត្ត បញ្ជាក់​ថា បើសិនជាភ្ញៀវចង់ទៅលេងរមណីយដ្ឋានកែច្នៃឆ្នេរខ្សាច់កោះប៉ែន គឺអាច​ធ្វើដំណើរតាមប្រដឹសឫស្សី ពីក្រុងកំពង់ចាម ហើយបើមានរថយន្តវិញ ត្រូវបើកឆ្លងតាមស្ពានកោះប៉ែន។ ពេល​ដែល​ត្រឡប់មកវិញ ភ្ញៀវមួយចំនួន បាននាំគ្នាទិញក្រូចថ្លុង ព្រមទាំងផ្លែឈើជាច្រើនទៀត ដែលប្រជាពលរដ្ឋ​ដាំដុះតាមបែបធម្មជាតិ សម្រាប់យកទៅទទួលទាន។

ចំពោះការរំពឹងទុកភ្ញៀវ ដែលមកលេងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លើទឹកដីខេត្តកំពង់ចាម ត្រូវបានលោកប្រធានមន្ទីរ លើកឡើងថា នឹងមានចំនួនកើនឡើងច្រើន ព្រោះដោយសារយើងខានចូលឆ្នាំ​ពីរឆ្នាំមកហើយ។

ចំណែក​អ្នកស្រី អាន សុខរស់ អាយុ ៤៣ឆ្នាំ នៅភូមិចុងខ្សាច់ឃុំកោះមិត្ត ស្រុកកំពង់សៀម ប្រាប់​ថា គាត់ និងប្ដី ព្រមទាំងកូន បាននាំគ្នាមកលក់ដូរ នៅចំការគ ជាប់នឹងមាត់ទន្លេមេគង្គ ដោយមានលក់ភេសជ្ជៈ ព្រមទាំង​មុខម្ហូបខ្មែរជាច្រើនប្រភេទ សម្រាប់ទទួលភ្ញៀវ ដែលមកលេងជារៀងរាល់ថ្ងៃ។ ក្នុងនោះ ចាប់ពីម៉ោង ១​រសៀល រហូតដល់ល្ងាច គឺមានមនុស្សមកលេងច្រើន ពិសេសនៅថ្ងៃចុងសប្តាហ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មកលេង កាន់តែច្រើនធ្វើឲ្យការលក់ដូររបស់គាត់ ដាច់គ្រាន់បើ សម្រាប់យកថវិកាផ្គត់ផ្គង់ជីវភាពគ្រួសារ។

អ្នកស្រី សុខ រស់ ប្រាប់​ទៀតថា ចំពោះភ្ញៀវ ដែលមកលេងកន្លែងរបស់គាត់ គឺលក់ឆ្នាំដំបូង គ្រាន់តែមានកន្ទេល សម្រាប់ឲ្យភ្ញៀវអង្គុយលេង។ តែមកដល់ឆ្នាំ២០២២ នេះ គឺមានគ្រែ សម្រាប់ឲ្យភ្ញៀវអង្គុយ ដោយមិនគិតថ្លៃ ចំពោះភ្ញៀវ ដែលចូលមកទិញម្ហូបអាហារ នៅកន្លែងរបស់គាត់ យកទៅទទួលទាន ជាលក្ខណៈគ្រួសារ ឬមានមិត្តភក្តិ មកជាក្រុម។ សម្រាប់តម្លៃមុខម្ហូបវិញ គឺមិនលក់ថ្លៃនោះទេ ទោះបីជាថ្ងៃចូលឆ្នាំ កាន់តែខិត​ជិតមកដល់យ៉ាងណាក៏ដោយ យ៉ាងច្រើនតម្លៃខុសគ្នា តែបន្តិចបន្តួចប៉ុណ្ណោះ។

ពេលដែលមានភ្ញៀវមកលេងច្រើន នៅចំការគ លោកមេឃុំកោះមិត្ត បានដឹកនាំកម្លាំងប្រជាការពារ រួមទាំង​នគរបាលមូលដ្ឋាន មករក្សាការពារសន្តិសុខ ជូនដល់ភ្ញៀវ និងអ្នកលក់ដូរផងដែរ។

ជាមួយនោះ ពេលដែលធ្វើដំណើរតាមដងផ្លូវ និងនៅតាមរមណីយដ្ឋាននានា លោកប្រធានមន្ទីរ អំពាវនាវ​សូមឱ្យមានការយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម នឹងមានប្រជាការពារ និងកម្លាំងនគរបាល ប្រចាំការនៅទីនោះ ដើម្បីរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ជូនពររដ្ឋ។

ទោះជាយ៉ាងណាក៏ដោយ លោកប្រធានមន្ទីរ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តន៍តាមការ​ណែនាំ​របស់ក្រសួងសុខាភិបាល គឺ ៣កុំ ៣ការពារ ដើម្បី​ការពារ ​និងទប់ស្កាត់​នូវការឆ្លងជំងឺកូវីដ១៩​។

ក្រៅពីនោះ កម្លាំងស.ស.យ.ក សហការជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក៏នឹងដឹកនាំលេងល្បែងប្រជាប្រិយ នៅតាម​សាលារៀន និងតាមវត្ត នៅក្នុងខេត្តកំពង់ចាម ដើម្បីឱ្យយើងម្នាក់ៗ ចងចាំពីប្រពៃណីរបស់ជាតិខ្មែរ មិនអាច​បំភ្លេចបាននោះទេ ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ​៕ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ