ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ប្រកាស​មុខ​តំណែង​អគ្គ​លេខា​ធិការ​រង

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​នៅ​អាជ្ញា​ធរ​​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កាល​ពី​ថ្ងៃ​ទី​១១ មីនា បាន​រៀប​ចំ​ពិធី​ប្រកាស​មុខ​តំណែង​អគ្គ​លេខា​ធិការ​រង​នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​​ប្រឆាំង​គ្រឿង​​ញៀន និង​បំពាក់​គ្រឿង​ឥស្សរិយ​យស​ដល់​មន្ត្រី​ដែល​មាន​ស្នា​ដៃ​ក្រោម​អធិបតី​​ភាព​ លោក​កៅ ខុន​ដារ៉ា អនុ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​។

តាម​ព្រះ​រាជ​ក្រឹត្យ​ លោក​ជំទាវ​​អ៊ីវ ​ស្រ៊ី ត្រូវ​បាន​តែង​តាំង​ជា​អគ្គ​លេខា​ធិការ​រង​នៃ​អគ្គ​លេខា​ធិការ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​​មាន​ឋានៈ​ស្មើអនុរដ្ឋ​​លេខា​ធិការ​។​ ចំណែក​គ្រឿង​ឥស្សរិយ​យសត្រូវ​ផ្តល់​ជូន​នៅ​ក្នុង​ឱកាស​នោះ​មាន​ចំនួន​៤០​នាក់​ ក្នុង​នោះ​អ្នក​ដែល​​ទទួល​​បាន​គ្រឿង​ឥស្សរិយ​យស​ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ថ្នាក់​ធិប​ឌិន្ទ​ចំនួន​៤​នាក់​ ថ្នាក់​សេនា​១៨​នាក់​ និង​ថ្នាក់​អស្ស​ឫទ្ធិ​១៨​នាក់។

លោក​កៅ ខុន​ដា​រ៉ា ​បាន​ថ្លែង​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ខិត​ខំ​ដោះ​ស្រាយ​ការ​ងារ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​ ការ​លើក​កំពស់​ការ​អប់​រំ​ផ្សព្វ​ផ្សាយ​ឱ្យ​មាន​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​គ្រោះ​ថ្នាក់​នៃ​គ្រឿង​ញៀន​ក្នុង​ចំណោម​ប្រជា​ជន​ទូ​ទៅ​ និង​ក្រុម​ដែល​ងាយ​រង​គ្រោះ​តាម​រយៈ​ការ​ចូល​រួម​យ៉ាង​ផុស​ផុល​ពី​ក្រសួង​​-ស្ថាប័ន​ក្នុង​ការ​​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​ និង​ការ​ផលិត​ឯក​សារ​ និង​​សារ​អប់រំ​​គ្រឿង​ញៀន។ ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​​ការ​ល្អ​ក្នុង​ការ​ងារ​អនុវត្ត​ច្បាប់​ជាមួយ​ប្រទេស​នានា​នៅ​ក្នុង​តំបន់​ បំផ្លាញ​បាន​ជា​បន្ត​បន្ទាប់​នូវ​អង្គ​ការ​ចាត់​តាំង​ពួក​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​។ ការ​កែ​សំរួល​ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន ដោយ​​បំពេញ​ចន្លោះ​​ប្រហោង​ផ្នែក​នីតិ​វិធី​ និង​បង្កើន​កំរិត​ទំងន់​ទោស​ចំពោះ​ជន​ល្មើស​។ ការ​កសាង​បាន​នូវ​បទ​ដ្ឋាន​មួយ​ចំនួន​​ពាក់​ព័ន្ធ​​នឹង​ការ​បង្កើត​​មជ្ឈ​មណ្ឌល​ជាតិ​ព្យា​បាល​ និង​ស្តារ​នីតិ​សម្បទា​អ្នក​ញៀន​គ្រឿង​ញៀន​។ ការ​ផ្តល់​នូវ​របប​ឧបត្ថម្ភ​​ដល់​ជន​រងគ្រោះ​ដោយ​សារ​គ្រឿង​ញៀន​នៅ​តាម​មជ្ឈ​មណ្ឌល​បណ្តោះ​អាសន្ន​ ព្យា​បាល​ និង​ស្តារ​នីតិ​ស​ម្បទា​អ្នក​ញៀន​គ្រឿង​ញៀន​​ជា​ដើម​។​

លោក​បញ្ជាក់​ថា ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​មាន​បញ្ហា​ប្រឈម​​មួយ​ចំនួន​ដែល​ត្រូវ​បន្ត​ដោះ​ស្រាយ​ចំពោះ​មុខ​ដូច​ជា​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ ការ​កសាង​ប្រព័ន្ធ​ទិន្ន​ន័យ​ព័ត៌​មាន​ ការ​ងារ​ព្យាបាល​ និង​ស្តារ​នី​តិ​សម្បទា​ និង​ការ​ធ្វើ​សមា​ហរណ​កម្ម​អ្នក​ញៀន​ទៅ​ក្នុង​សហ​គមន៍​ជាតិ​វិញ៕