ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មឿ​ន សុខ​ហ៊ុ​ច និង​ធី តុង​ហ៊ី ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​មុនគេ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ព្រែក​តា​ទែន និង​ធី តុង​ហ៊ី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​មុនគេ

រាជធានី​ភ្នំពេញ ៖ មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ព្រែក​តា​ទែន និង​ធី តុង​ហ៊ី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​មុនគេ នៅ​លើ​សង្វៀន​ទូរទស្សន៍ CNC ថ្ងៃ​សៅរ៍ ទី​២៤ កញ្ញា ស្អែកនេះ​។

មឿ​ន សុខ​ហ៊ុ​ច ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ នឹង​ត្រាក់​កាន រីឯ​ធី តុង​ហ៊ី ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ចម​ភព ស​.​វីរ​វ៉ា​ន ។ កីឡាករ​ថៃ​ទាំង​២​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក​ទេ​ប៉ុន្តែ​បើ​ពិនិត្យ​ទៅ​លើ​ប្រវត្តិ​ប្រកួត​មិន​អន់​ជាង​កីឡាករ​កម្ពុជា​ប៉ុន្មាន​ឡើយ​។

មឿ​ន សុខ​ហ៊ុ​ច ធ្លាប់​ប្រកួត​បាន​៩៤​ដង ឈ្នះ​៦៧​ដង ចាញ់​២២​ដង ស្មើ​៥​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៣​ដង ខណៈ​កីឡាករ​ថៃ​នឹង​ត្រាក់​កាន ធ្លាប់​ប្រកួត​បាន​៨៥​ដង ឈ្នះ​៧៣​ដង ចាញ់​១០​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​១៥​ដង​។ ដូច្នេះ​បើ​ប្រៀបធៀប​ទៅ​លើ​ប្រវត្តិ​ប្រកួត​រវាង​គូ​នេះ​អាច​ស៊ីសង​គ្នា​បាន ​គ្រាន់តែ​មិនដឹង​ថា សំណាង​ឈ្នះរអិល​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់ដៃ​អ្នក​ណា ។

ធី តុង​ហ៊ី ធ្លាប់​ប្រកួត​បាន​១១៤​ដង ឈ្នះ​៨៦​ដង ចាញ់​២៦​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៣៣​ដង  ខណៈ​កីឡាករ​ថៃ​ចម​ភព ស​.​វីរ​វ៉ា​ន ធ្លាប់​ប្រកួត​បាន​៩៥​ដង ឈ្នះ​៨០​ដង ចាញ់​១០​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​១៥​ដង ។ ​យោង​តាម​ប្រវត្តិ​កីឡាករ​កម្ពុជា​មាន​ប្រៀប​ជាង ​ប៉ុន្តែ​គេ​មិន​អាច​មើល​ស្រាល​លើ​កីឡាករ​ថៃ​រូប​នេះ​បាន​ទេ​ ព្រោះ​កីឡាករ​ទាំង​២​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក ដូច្នេះ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​ឡើយ​។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​វិញ​មាន កីឡាករ ខាំ ខ្លា​នាង មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ជួប​ប្រកួត​ជាមួយ​កីឡាករ ថា​ន រ៉ា​ឌី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ។ កីឡាករ ទេស ជីវ៉ា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ សេក គឹ​ម​រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប​។

ដោយឡែក​សមាសភាព​គូប្រកួត​ប្រដាល់​នៅ​ថ្ងៃអាទិត្យ​លើ​សង្វៀន​ដដែល​មាន​កីឡាករ ឡុ​ង សុធា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ សិទ្ធ រ៉ា​វី មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ។ កីឡាករ លី​ន កុសល មក​ពី​ក្លិប​បុរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ សាន ហាក់​ឡាយ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ។ កីឡាករ លី ហៀ​ង​មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ វ​ណ្ឌី រង្សី មក​ពី​ក្លិប​កងទ័ពជើងទឹក ។ កីឡាករ ឡាញ់ ផល្លា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡាករ ឈិ​ន ធា​រ៉ា មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ។ កីឡាករ សោម វិ​ឆ័​យ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ លាស់ យី​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​គូ​ចុង​ក្រោយ​កីឡាករ សំអាត រស់ជាតិ​មក​ពី​ក្លិប​កុលបុត្រ​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ ជា ប្រុស​ល័​ក្ខ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​៕