ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​នឹង​ជំរុញ​ឱ្យ​មាន​អណ្តូងរ៉ែ​អំបិល​ប៉ូ​តា​ស្យូ​ម​បន្ថែម​ដើម្បី​បំពេញតម្រូវការ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ថៃ លោកស្រី Atchaka Sibunruang ឱ្យ​ដឹង​ថា ក្រសួង​នឹង​បន្ត​ជំរុញ​ឲ្យ​មានការ​ជីក​អំបិល​ប៉ូ​តា​ស្យូ​ម​ក្នុង​ប្រទេស​ថៃ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ឧស្សាហកម្ម​ជី

ប្រទេស​ថៃ ៖ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ថៃ លោកស្រី Atchaka Sibunruang ឱ្យ​ដឹង​ថា ក្រសួង​នឹង​បន្ត​ជំរុញ​ឲ្យ​មានការ​ជីក​អំបិល​ប៉ូ​តា​ស្យូ​ម​ក្នុង​ប្រទេស​ថៃ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ឧស្សាហកម្ម​ជី និង​កាត់​បន្ថយ​ការ​នាំ​ចូល ។

លោកស្រី​ថ្លែង​ថា ៖ « តម្រូវការ​អំបិល​ប៉ូ​តា​ស្យូ​ម​ដែល​ជា​ធាតុ​ផ្សំ​យ៉ាង​សំខាន់​សម្រាប់​ការ​ផលិត​ជី គឺ​កំពុង​តែ​កើនឡើង​ជាមួយនឹង​កំណើន​តម្រូវការ​កសិផល និង​កំណើន​ប្រជា​ជន​។ ការ​ជំរុញ​ឲ្យ​មាន​អណ្តូងរ៉ែ​អំបិល​ប៉ូ​តា​ស្យូ​ម​នេះ អាច​នឹង​ជួយ​កាត់​បន្ថយ​ការ​នាំ​ចូល​ជី​ប្រមាណ​៩​ប៊ី​លាន​បាត​ក្នុង​១​ឆ្នាំ » ។

អង្គការ​អាហារ និង​កសិកម្ម​សហប្រជាជាតិ​បានឱ្យ​ដឹង​ថា តម្រូវការ​អំបិល​ប៉ូ​តា​ស្យូ​ម​ជាស​កល​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​កើនឡើង​ដល់​៣៨,៧​លាន​តោន​ក្នុង​ឆ្នាំ​២០១៨ ខណៈ​ឆ្នាំ​២០១៤ មាន​តែ​៣៤,៩​លាន​តោន​ប៉ុណ្ណោះ ។ រីឯ​តម្រូវការ​សរុប គឺ​៥៦%​មាននៅ​អាស៊ី​, ២៧% នៅ​ទ្វីបអាមេរិក​, ១១%​នៅ​អឺរ៉ុប និង​៦%​នៅ​អាហ្វ្រិក ។

ចំណែក​ផ្នែក​ផ្គត់ផ្គង់​ផលិតកម្ម​ជាស​កល ត្រូវ​បាន​គេ​ព្យាករណ៍​ថា ស្មើនឹង​៥១,៤​លាន​តោន ។ អ្នក​ផលិត​ធំ​ក្នុង​ទ្វីបអាមេរិក និង​អឺរ៉ុប​អះអាង​ថា នឹង​អាច​ផលិត​បាន​១៧​លាន​តោន​ក្នុង​ទ្វីប​នីមួយ​ៗ​។ ទ្វីបអាស៊ី ត្រូវ​បាន​គេ​ព្យាករណ៍​ថា អាច​ផលិត​បាន​៨,៥​លាន​តោន ។ រីឯ​តំបន់​អាស៊ាន​វិញ​បាន​នាំ​ចូល​ប្រមាណ​៤,៥​លាន​តោន​ក្នុង​១​ឆ្នាំ ក្នុង​នោះ​៤៧​ម៉ឺន​តោន​បាន​នាំ​ចេញពី​ប្រទេស​ថៃ ។

លោកស្រី Atchaka បន្ត​ថា ប្រទេស​ថៃ​មាន​សក្តានុពល​ក្នុង​ការ​ផលិត​អំបិល​ប៉ូ​តា​ស្យូ​ម​ដល់​ទៅ​២​លាន​តោន​ក្នុង​១​ឆ្នាំ ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​នេះ​អាច​នាំ​ចេញ​ទៅ​កាន់​បណ្តា​ប្រទេស​អាស៊ាន ។ លោកស្រី​បន្ថែម​ថា ៖ «​រដ្ឋាភិបាល​គិត​ថា ការ​មាន​អណ្តូងរ៉ែ​អំបិល​ប៉ូ​តា​ស្យូ​ម​បន្ថែម គឺ​អាច​កាត់​បន្ថយ​បរិមាណ​ជី​នាំ​ចូល ។ ប្រទេស​ថៃ​មាន​តំបន់​ផ្ទុក​អំបិល​ទាំងនេះ​ជា​ច្រើន​កន្លែង​ដែល​អាច​ជីក​យក​បាន » ។

ថ្មី​ៗ​នេះ ក្រសួង​ឧស្សាហកម្ម​បាន​ផ្តល់​ដី​សម្បទាន​ទៅ​ឱ្យ​ក្រុមហ៊ុន​ចំនួន​២ ដើម្បី​ជីក​អំបិល​ប៉ូ​តា​ស្យូ​ម គឺ​ក្រុមហ៊ុន Asean Potash Mining Co ដែល​បាន​វិនិយោគទុន​ប្រមាណ​៤៥​ប៊ី​លាន​បាត និង​ក្រុមហ៊ុន Thai Kali Co វិនិយោគទុន​៣​ប៊ី​លាន​បាត ។

លោក Chat Hongtiamchant នាយក​ផ្នែក​ឧស្សាហកម្ម​កែ​ច្នៃ​វត្ថុធាតុដើម និង​អណ្តូងរ៉ែ​នៃ​ក្រសួង​ឧស្សាហកម្ម ឱ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​ជីក​រ៉ែ​ចំនួន​៣៩ បាន​ចុះ​ឈ្មោះ​សុំ​ដី​សម្បទាន​ដើម្បី​ដំណើរការ​អាជីវកម្ម​ក្នុង​ប្រទេស​ថៃ ហើយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងនោះ ក្រសួង​កំពុង​តែ​ពិចារណា​លើ​ក្រុមហ៊ុន​៦ ។ លោក​ថ្លែង​ថា ៖ «​ពួក​យើង​មិន​ទាន់​អនុញ្ញាត​នៅឡើយ​ទេ ព្រោះតែ​ក្រុមហ៊ុន​មួយ​ចំនួន​មាន​ជម្លោះ​ជាមួយ​ប្រជាជន​ក្នុង​តំបន់ ។ រដ្ឋាភិបាល​ត្រូវ​ប្រើប្រាស់​ពេលវេលា​យូរ​ដើម្បី​សិក្សា​ទៅ​លើ​ភាគី​ទាំង​ពីរ​សិន មុន​នឹង​ធ្វើ​សកម្មភាព​ណាមួយ » ៕