ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ Google អាច​ដោះស្រាយ​បញ្ហា​កង្វះ​ស្ត្រី​ក្នុង​ប្រទេស​ឥណ្ឌា​ដែរ​ឬទេ ?

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ដោយសារ​តែ​ការ​ស្រឡាញ់​កូនប្រុស ឥណ្ឌា​បាន​ក្លាយទៅជា​ប្រទេស​មួយ​ដែល​គ្មាន​លំនឹង​នៃ​ភេទ​ជាងគេ​នៅ​លើ​សកលលោក ។ យោង​តាម​អង្គការសហ​ប្រជា​ជាតិ បច្ចុប្បន្ន​នេះ

ប្រទេស​ឥណ្ឌា ៖ ដោយសារ​តែ​ការ​ស្រឡាញ់​កូនប្រុស ឥណ្ឌា​បាន​ក្លាយទៅជា​ប្រទេស​មួយ​ដែល​គ្មាន​លំនឹង​នៃ​ភេទ​ជាងគេ​នៅ​លើ​សកលលោក ។ យោង​តាម​អង្គការសហ​ប្រជា​ជាតិ បច្ចុប្បន្ន​នេះ ចំនួន​បុរស​ក្នុង​ប្រទេស​នេះ​មាន​ច្រើន​ជាង​ស្ត្រី ប្រមាណ​៤៣​លាន​នាក់ ។

ភាព​គ្មាន​លំនឹង​នៅ​តែ​កើនឡើង បើ​ទោះជា​មានការ​ហាមឃាត់​មិន​ឲ្យ​យក​កូន​ចេញ ព្រោះ​ជា​កូនស្រី​ក៏​ដោយ ។ វា​ថែម​ទាំង​ខុសច្បាប់​ផង​ដែរ​សម្រាប់​វេជ្ជបណ្ឌិត ក្នុង​ការ​ឆ្លុះ​អេកូ​ដើម្បី​ឲ្យ​ដឹង​ពី​ភេទ​របស់​ទារក​ក្នុង​ផ្ទៃ​ម្តាយ​។ អ្នកវិភាគ​និយាយ​ថា យុទ្ធសាស្ត្រ​ទាំង​ពីរ​នេះ​មិន​បាន​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរឡើង​ឡើយ ។

ប៉ុន្តែ​បច្ចុប្បន្ន​នេះ ក្រសួងសុខាភិបាល​របស់​ប្រទេស​ឥណ្ឌា បាន​ទទួល​សំណើ​ពី​ក្រុមហ៊ុន Microsoft, Yahoo និង Google ក្នុង​ការ​ដាក់​កំហិត​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ពី​មធ្យោបាយ​ផ្សេង​ៗ​ដើម្បី​ដឹង​ពី​ភេទ​របស់​ទារក​មិន​ទាន់​កើត ។

ក្រុមហ៊ុន Google បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា ពួក​គេ​នឹង​គោរព​ទៅ​តាម​វិធានការ​របស់​ប្រទេស​ឥណ្ឌា និង​មិន​អនុញ្ញាត​ឲ្យ​មានការ​ផ្សាយពាណិជ្ជកម្ម ឬ​លើកកម្ពស់​សេវាកម្ម​ណាមួយ​ទាក់ទង​នឹង​ការ​ពិនិត្យ​ពី​ភេទ​របស់​ទារក​ដែល​មិន​ទាន់​កើត​ឡើយ ។

អ្នកនាំពាក្យ​ម្នាក់​និយាយ​ថា ៖ « វា​ជា​បញ្ហា​ដ៏​សំខាន់​មួយ និង​ដើម្បី​ធានា​ថា បច្ចេកវិទ្យា​របស់​ពួក​យើង​កំពុង​តែ​ប្រើប្រាស់​សម្រាប់​ប្រឆាំង​នឹង​ទ​ង្វើ​នេះ ។ យើង​សម្រេចចិត្ត​ថា នឹង​លុប​បំបាត់​ពាក្យ​មួយ​ចំនួន​ដែល​នឹង​បង្ហាញ​មក ពេល​ដែល​ពួក​គេ​ស្វែងរក​ព័ត៌មាន និង​បង្ហាញ​សារ​ព្រមាន​លើ​ការ​ស្វែងរក​ព័ត៌មាន​ដែល​ទាក់ទង ដើម្បី​ប្រាប់​ទៅ​ប្រជាជន​ពី​ភាព​ខុសច្បាប់​ទាំងនោះ » ។ ចំណែក Yahoo និង Microsoft មិន​ទាន់​ឆ្លើយ​តប​នៅឡើយ​ទេ ទាក់ទង​នឹង​រឿង​នេះ ។

ទោះបី​យ៉ាងណា នៅ​តែ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា តើ​យុទ្ធសាស្ត្រ ផ្នែក​ឌី​ជី​ថ​លអាច​នឹង​មាន​ប្រសិទ្ធភាព​ប៉ុនណា ។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​កន្លង​មកនេះ តុលាការ​ឥណ្ឌា​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ស្វែងរក​ព័ត៌មាន​ហាមឃាត់​នូវ​រាល់​ការ​ស្វែងរក​ព័ត៌មាន​ភេទ​របស់​ទារក និង​រាល់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផង​ដែរ ។

ការ​ស្រឡាញ់​ចង់បាន​កូនប្រុស​ច្រើន​ជាង​កូនស្រី នៅ​តែ​បន្ត​កើត​មាន​ក្នុង​ប្រទេស​នេះ ហើយ​ការ​ហាមឃាត់​ក្នុង​រឿង​ទម្លាក់​កូន​ព្រោះតែ​ភេទ និង​ការ​ឆ្លុះ​អេកូ គឺ​គ្មាន​ប្រសិទ្ធភាព​ឡើយ ។

តាម​ការ​សិក្សារ​ស្រាវជ្រាវ​ឲ្យ​ដឹង​ថា ភាព​គ្មាន​លំនឹង​នៃ​ភេទ​អាច​នាំ​ឲ្យ​មាន​ផលវិបាក​ដូច​ជា ការ​កើនឡើង​នៃ​បទល្មើស ការ​រំលោភ​បំពាន​ផ្លូវភេទ និង​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​ជាដើម ។

អង្គការសហប្រជាជាតិ​បាន​ប្រទះ​ឃើញ​ក្នុង​ឆ្នាំ​២០១៥​ថា ទោះបីជា​ក្មេង​ស្រី​កើតមក​ហើយ​ក្តី ក៏​ពួក​គេ​បាន​ជួបនឹង​គុណវិបត្តិ​ជា​ច្រើន​ក្នុង​ប្រទេស​នេះ ។

អង្គការសហប្រជាជាតិ​បាន​និយាយ​នៅ​ក្នុង​សេចក្តីរាយការណ៍​មួយ​ថា អត្រា​មរណៈ​របស់​ក្មេង​ស្រី​អាច​មាន​ទំនាក់ទំនង​យ៉ាង​ជិតដិត​ទៅ​នឹង​ការ​ស្រឡាញ់​ចង់បាន​កូនប្រុស​ក្នុង​ប្រទេស​ឥណ្ឌា តាម​រយៈ​ការ​ថែរក្សា​ដូច​ជា ផ្តល់​ជីវជាតិ​អាហារ ចាក់​វ៉ាក់សាំង និង​ព្យាបាល​សុខភាព ៕