ខេត្តបាត់ដំបង ៖ មានសេចក្តីរាយការណ៍ពីសមត្ថកិច្ចស្រុកសំពៅលូន ជាប់ព្រំដែនប្រទេសសៀម មកថា ពួកទាហានសៀមដែលឈរជើងនៅក្បែរព្រំដែនបានភ័យស្លន់ស្លោ រហូតរត់ជាន់គ្នាចូលលេណដ្ឋានស្ងាត់អស់ ក្រោយពីមានការផ្ទុះមីនស្គរចំនួន២គ្រាប់បន្តបន្ទាប់គ្នាក្នុងដីកម្ពុជា ដោយសារស្ត្រីកសិករខ្មែរម្នាក់កាប់ដីដាំដំណាំក្បែរអូរព្រំដែននោះ ប៉ះចំមីនស្គរបណ្តាលឱ្យផ្ទុះ កាលពីព្រឹកថ្ងៃទី១ មីនា ។ ចំណុចដែលផ្ទុះនេះមានចង្ងាយពីមាត់អូរប្រហែល២ម៉ែត្រ ស្ថិតក្នុងភូមិស្ពានយោល ឃុំជ្រៃស៊ីម៉ា ស្រុកសំពៅលូន ប៉ុន្តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ទេ ។
មន្ត្រីនគរបាលស្រុកសំពៅលូន បាននិយាយថា ស្ត្រីឈ្មោះម៉ាន់ លី អាយុ៥០ឆ្នាំ ជាកសិករបានកាប់ដីដោយចបដាំដំណាំក្បែរមាត់អូរនៅចំណុចខាងលើ ហើយប៉ះចំលើគ្រាប់មីនដែលសេសសល់កាលពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះបន្តបន្ទាប់ចំនួន២គ្រាប់ ប៉ុន្តែមិនបណ្តាលឱ្យរូបគាត់ ឬអ្នកនៅក្បែរនោះរងរបួសទេ លើកលែងតែចបកាប់របស់គាត់តែប៉ុណ្ណោះ ដែលខូចខាត ព្រោះជាមីនខ្យល់។
កសិករវ័យ៥០ឆ្នាំរូបនេះបានប្រាប់សមត្ថកិច្ចថា រូបគាត់ និងមនុស្សផ្សេងទៀតដែលនៅក្បែរនោះគ្រាន់តែទទួលរងនូវកំទេចដី និងផ្សែងរកកល់ចង់ពុលតែប៉ុណ្ណោះ មិនប៉ះពាល់រលាត់សាច់ទេ ។ មីនស្គរបែបនេះ បើមនុស្សជាន់ផ្ទុះតែងតែដាច់ជើងមិនលើកលែងឡើយ ។ ស្ត្រីឈ្មោះម៉ាន់ លី បានបន្តទៀតថា គាត់តែងកាប់ដីក្បែរមាត់អូរជាប់ព្រំដែនសៀមនេះដាំដំណាំរៀងរាល់ឆ្នាំ មិនដែលប៉ះគ្រាប់កាំភ្លើងអ្វីទេ លុះលើកនេះកាប់ជ្រៅបន្តិចប៉ះគ្រាប់មីនតែម្តង ។ គាត់និយាយថា គ្រាប់មីននេះនៅ ក្បែរគ្នា ពេលគាត់កាប់ចំ១គ្រាប់ផ្ទុះ ស្រាប់តែមាន១គ្រាប់ទៀតផ្ទុះដែរបន្តបន្ទាប់ ។
លោកឈិត សេង នាយផ្នែកព្រហ្មទណ្ឌនៃ អធិការដ្ឋានស្រុកសំពៅលូន បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា មីននោះជាប្រភេទគ្រាប់មីនស្គរកប់ក្នុងដីសេសសល់ ពីសម័យសង្គ្រាមច្រើនឆ្នាំកន្លងមកហើយ ។ លោកបានបញ្ជាក់ថា ការផ្ទុះគ្រាប់មីនដោយចៃដន្យនេះបានធ្វើឱ្យពួកទាហានសៀមនៅក្បែរព្រំដែននៃតំបន់នោះរត់ចូលលេណដ្ឋានទាំងព្រលឹងចុងសក់ ព្រោះស្មានថា ភាគីខ្មែរបាញ់។ ប៉ុន្តែពេលសួរនាំមកភាគីខ្មែរយើង ទើបធូរទ្រូងបន្តិចវិញ ដោយសារតែដឹងថា ផ្ទុះគ្រាប់មីនដែលសេសសល់ពីសម័យសង្គ្រាម ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ កុម្ភៈ កន្លងទៅ ក៏មានការផ្ទុះមីនសេសសល់ពីសង្គ្រាមចំនួន២លើកបន្តបន្ទាប់ដែរ គឺនៅស្រុកភ្នំព្រឹក និងស្រុកសំឡូត បណ្តាលឱ្យមនុស្ស២នាក់ របួសធ្ងន់ និងខូចខាតត្រាក់ទ័រ១គ្រឿង ៕
ចែករំលែកព័តមាននេះ