ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ណាស់​… សង្ស័យ​គីង្គក់​លក់​ថ្នាំ​ស្រែង​… លើកគ្នា​ទៅ​បង្ក្រាប បែរជា​ចរចា​ទៅ​វិញ

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​ជា​ច្រើន​ហិ​កតា ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​កសិកម្ម និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ ត្រូវ​បាន​ប្រភព​រាយការណ៍​មក​ថា

ខេត្តកំពង់ស្ពឺ ៖ ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​ជា​ច្រើន​ហិ​កតា ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​កសិកម្ម និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ ត្រូវ​បាន​ប្រភព​រាយការណ៍​មក​ថា ឈ្មួញ​បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយដី​ព្រៃ​ជាប់ជើង​ភ្នំ ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ ដែល​ការ​ឈូស​ឆាយ​នេះ​អាច​ធ្វើ​ទៅ​បាន​ដោយសារ​តែ​មានការ​បើកដៃ​ពី​សំណាក់​លោក យឹ​ម ណ​ន អនុប្រធាន​មន្ទីរ​កសិកម្ម និង​លោក ផល មុ​នី្ន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ តែ​ម្ដង​។

ការ​ឈូស​ឆាយដី​នេះ ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ មួយ​រូប​បាន​បង្ហើប​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា អ្នក​ដែល​ធ្វើ​សកម្មភាព​ឈូស​ឆាយ​បាន​ត្រូវរ៉ូវ​ជាមួយ​លោក យឹ​ម ណ​ន ជា​អនុប្រធាន​មន្ទីរ​កសិកម្ម និង​លោក ផល មុ​នី្ន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ ទើប​ឈ្មួញ​ហ៊ាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយដី​គម្រប​ព្រៃឈើ​យ៉ាង​គឃ្លើន​បែប​នេះ (​ដី​អត់​ប្លង់​) ដី​ដែល​ឈ្មោះ កុយ ចំរុង កំពុង​ឈូស​នៅ​ខាងកើត​ទំនប់​ថ្ម​ពូក ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ត្រពាំង ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ អ្នក​ដែល​ឈូស​ឆាយ​រំ​លោ​.​ភយ​ក​ដី​ព្រៃរបស់​រដ្ឋ​នេះ ត្រូវ​បាន​ប្រភព​បង្ហើប​ប្រាប់​ថា មានឈ្មោះ កុយ ចំរុង​។

ប្រភព​បន្ត​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន លោក យឹ​ម ណ​ន និង​លោក ផល មុ​នី្ន បាន​ប្រមូល​កម្លាំង​មេព្រៃ​ទូ​ទាំង​ខេត្ត ដែល​មើលទៅ​ហាក់បីដូចជា​ចុះ​បង្ក្រាប​បទល្មើស​ធំ​ណាស់ តែ​ពេល​កម្លាំង​ចុះ​ទៅ​ដល់ទី​តាំង ស្រាប់តែ​ស្ថានការណ៍​បាន​ប្រែប្រួល​ក្រឡាប់ចាក់ ព្រោះ​គ្រប់​គ្នា​បានដឹង​ថា នេះ​ជា​ល្បិច​របស់​លោក យឹ​ម ណ​ន និង​លោក ផល មុ​នី្ន ប្រើប្រាស់​កម្លាំង ដើម្បី​បន្លាច​ឲ្យ​ឈ្មោះ កុយ ចំរុង ចេញ​មុខ​មក​ចរចា​ជាមួយ​ខ្លួន បើ​មិន​ដូច្នេះ​ទេ គ្រឿងចក្រ​ដែល​កំពុង​តែ​ធ្វើ​សកម្មភាព​ច្បាស់​ជា​ត្រូវ​ចាប់​បង្ក្រាប បញ្ជូន​ទៅ​តុលាការ​ជាក់​ជា​មិន​ខាន​។

ទោះជា​យ៉ាងណា នៅ​ពេល​ដែល​គេ​ចរចា​ត្រូវរ៉ូវ​គ្នា លោក យឹ​ម ណ​ន និង​លោក ផល មុនី បាន​បញ្ជា​ឱ្យ​កម្លាំង​មេព្រៃ​ក្រោម​ឱវាទ​ទាំងអស់​ដកថយ​ត្រឡប់​ទៅ​កន្លែង​រៀង​ៗ​ខ្លួន​វិញ ដែល​សកម្មភាព​នេះ​ធ្វើ​អោយ​មន្ត្រី​គ្រប់​រូប​ដែល​ចុះ​ទៅ​មានការ​ស្រងាកចិត្ត​គ្រប់​គ្នា ព្រោះ​ចុះ​ទៅ​ដល់ទី​តាំង​ឃើញ​មាន​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ហើយ បែរជា​មិន​ចាប់​បង្ក្រាប នៅ​ពេល​ដែល​គ្រប់​គ្នា​ទៅ​ដល់​កន្លែង​រៀង​ៗ​ខ្លួន ទើប​មន្ត្រី​ទាំងអស់​ដឹង​ថា លោក យឹ​ម ណ​ន និង​លោក ផល មុនី បាន​ជួប​ចរចា​ជាមួយ​ឈ្មោះ កុយ ចំរុង ដើម្បី​ទទួល​លាភសក្ការៈ​ចំពោះ​ការ​មិន​ចាប់​បង្ក្រាប​នេះ​។

ក្រោយ​ពេល​ចរចា​គ្នា​ត្រូវ​ហើយ លោក យឹ​ម ណ​ន និង​លោក ផល មុ​នី្ន រួច​មក​លោក កុយ ចំរុង ដែល​ជា​ម្ចាស់​គ្រឿងចក្រ​នៅ​តែ​បន្ត​ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ​តទៅ​ទៀត នេះ​បើ​តាម​ប្រភព​ច្បាស់​ការណ៍ គឺ​លោក កុយ ចំរុង ចំណាយ​លុយរាប់​លាន​រៀល​ទៅ​ឱ្យ​លោក​ទាំង​ពីរ ជា​ថ្នូរ​នឹង​ការ​មិន​ចាប់​បង្ក្រាប ហើយ​បើកដៃ​ឲ្យ​គេ​បាន​ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ​នេះ​។

មន្ត្រី​មន្ទីរ​កសិកម្ម​ជា​ច្រើន​ក៏​បាន​ប្រាប់​ផង​ដែរ​ថា លោក យឹ​ម ណ​ន និង​លោក ផល មុ​នី្ន កំពុង​ត្រូវប៉ាន់​ខ្លាំង​ណាស់ ក្នុង​ការ​បើកដៃ​ឲ្យ​ឈ្មួញ​ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ​នេះ ជា​ពិសេស​បើ​មាន​ក្រុមហ៊ុន​ណា​ចូល​មក​វិនិយោគ គឺ​លោក​ទាំង​ពីរ​តែងតែ​បង្គាប់បញ្ជា​ឲ្យ​តំណាង​ក្រុមហ៊ុន​កាត់​ដី​ទុក​រាប់រយ​ហិ​កតា​ឲ្យ​ជា​ចំណែក​របស់​ខ្លួន​មិន​ថា នៅ​ស្រុក​ភ្នំស្រួច ឬ​នៅ​ស្រុក​សំរោង​ទង​នោះ​ទេ បើ​មិន​ដូច្នេះ​ទេ គេ​មិន​ចុះ​ធ្វើការ​បំពេញបែបបទ​ឲ្យ​ឡើយ​។

នៅ​មានរឿង​រ៉ាវ​ស៊ីសំណូក​ក្នុង​ការ​បើកដៃ​អោយ​គេ​ឈូស​ដី​ព្រៃរបស់​រដ្ឋ​នេះ ជា​ច្រើន​ទៀត​ពី​លោក​ទាំង​ពីរ​។ យើង​នឹង​បន្ត​ផ្សាយ​រឿង​លោក យឹ​ម ណ​ន និង​លោក ផល មុ​នី្ន នៅ​លេខ​ក្រោយ​ទៀត ពេល​ដែល​ទទួល​បាន​ឯកសារ​គ្រប់គ្រាន់។

ហើយ​មហាជន​រង់ចាំ​មើល​ថា តើ​ក្រោយ​ពេល​បែកធ្លាយ​រឿង​នេះ​ចេញ​មក តើ​ថ្នាក់ដឹកនាំ​ក៏​ដូច​ជា​ក្រសួង​សាមី​ចាត់វិធានការ​បែប​ណា​ចំពោះ​បុគ្គល​ទាំង​២​នាក់​នេះ? ឬ​មួយ​ក៏​បន្ត​ទុក​អោយ​បន្តសកម្មភាព​ពុក​រលួយ​បែប​នេះ​តទៅ​ទៀត?​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​មានការ​លើក​ឡើងជា​សំណួរ​ថា តើ​លោក ឈៀង តុលា ប្រធាន​មន្ទីរ​កសិកម្ម បានដឹង​រឿង​នេះ​ដែរ​ឬទេ? ឬ​មួយ​ក៏​មនុស្ស​២​នាក់​នោះ ជា​អ្នករក​ផលប្រយោជន៍​ជូន​លោក?

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ដែរ លោក យឹ​ម ណ​ន អនុប្រធាន​មន្ទីរ​កសិកម្ម​ក៏​បាន​និយាយ​ថា ដី​ដែល​លោក​ចុះ​ទៅ​ពិនិត្យ​នោះ ជា​ដី​របស់​យោធា ហើយ​មិន​បាន​ថត​ឯកសារ​នោះ​ទេ មិនមែន ឈ្មោះ កុយ ចំរុង​ទេ ហើយ​រឿង​ពាក់ព័ន្ធ​រឿង​ទទួល​លុយ​ពី កុយ ចំរុង​នោះ លោក​មិនដឹង​ទេ​។

ដោយឡែក​លោក កុយ ចំរុង ដែល​រង​ការ​ចោទប្រកាន់​នោះ លោក​បាន​និយាយ​ដែរ​ថា ដី​ក្នុងភូមិ​ស្រែ​ត្រពាំង ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច​នោះ ជា​ដីស្រែ​លោក​បាន​ទិញ​បន្ត​ពី​ប្រជាពលរដ្ឋ ជាង​២០​ហិ​កតា ដើម្បី​ធ្វើ​កសិកម្ម​តែ​ប៉ុណ្ណោះ មិន​ប៉ះពាល់​ដី​របស់​រដ្ឋ​នោះ​ទេ​.!

ពាក់ព័ន្ធ​ការ​លើក​ឡើង​រឿង​ឃុបឃិត​គ្នា និង​បើកដៃ​អោយ​ឈូស​ដី​ព្រៃ​នេះ​ដែរ លោក ផល មុន្នី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ អ្នក​យក​ព​ត៌​មាន​យើង​បាន​ព្យាយាម​សុំ​ការ​ពន្យល់​ដែរ តែ​ខ​ល​ចូល​២​ដង​មិន​មាន​អ្នក​លើក រីឯ​លោក ឈៀង តុលា វិញ​ក៏​ខ​ល​ចូល​២​ដង​ដែរ ប៉ុន្តែ​គ្មាន​អ្នក​លើក​ដូច​គ្នា​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ