ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​ព្រៃឈើ ចាប់​បាន​ទាំង​បទល្មើស​វត្ថុ​បុរាណ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ចម្លាក់​ថ្ម​បុរាណ​២​ដុំ​មាន​រូបរាង​ជា​កូន​ប្រាសាទ​ចម្លង​ធ្វើ​ពី​ថ្មភក់​ត្រូវ​បាន​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​បន្ទាយស្រី​រឹបអូស​បាន​ពី​ជនល្មើស​នៅ​ក្នុង​ករណី​ចុះ​បង្ក្រាប​ …

ខេត្តសៀមរាប ៖ ចម្លាក់​ថ្ម​បុរាណ​២​ដុំ​មាន​រូបរាង​ជា​កូន​ប្រាសាទ​ចម្លង​ធ្វើ​ពី​ថ្មភក់​ត្រូវ​បាន​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​បន្ទាយស្រី​រឹបអូស​បាន​ពី​ជនល្មើស​នៅ​ក្នុង​ករណី​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ចំណុច​ភូមិ​ត្បែង​លិច ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពី​យប់​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ ។

តាម​ការ​សន្និដ្ឋាន​បឋម​នៃ​បុរាណ​វិទូ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​ថា ចម្លាក់​នេះ​អាច​ស្ថិត​នៅ​ក្នុង​សតវត្ស​ទី​១០ តែ​អ្នកជំនាញ​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​បាន​ថា ចម្លាក់​នេះ​ត្រូវ​ជនល្មើស​នាំ​ចេញពី​តំបន់​ណា​នៅឡើយ​ទេ ។ អ្នកជំនាញ​នឹង​សិក្សា​លម្អិត​អំពី​ចម្លាក់​នេះ​នៅ​ពេល​ក្រោយ នៅ​ពេល​ដែល​នីតិវិធី​ផ្លូវច្បាប់​បាន​បញ្ចប់​ជា​ស្ថាពរ ។

ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក ម៉ុង ប៊ុ​ន​លី​ម នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​បន្ទាយស្រី ដោយ​ធ្វើការ​ឃាត់​រថយន្ត​ម៉ាក​កាម​រី ស៊េរី​ឆ្នាំ​១៩៩៣ ពណ៌​ស្លែ ស្លាក​លេខ​ភ្នំពេញ 2A 8316 ។ ជាមួយនឹង​ការ​រក​ឃើញ​បទល្មើស​ព្រៃឈើ សមត្ថកិច្ច​ក៏​បាន​រក​ឃើញ ថ្ម​ចម្លាក់​ជា​កូន​ប្រាសាទ​ចម្លង ដែល​ជា​វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ​របស់​ជាតិ​ផង​ដែរ ។ ថ្ម​ចម្លាក់​ប្រាសាទ​ចម្លង​ទាំង​២​ដុំ រាង​សាជី មាន​ទំហំ ៣៨x៣៨x៩០​សង្ទីម៉ែត្រ និង ៤៥x៤៥x៩០​សង្ទីម៉ែត្រ ។

តាម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បញ្ជាក់​ថា ប្រតិបត្តិការ​នេះ​មិន​ទាន់​ចាប់​បាន​ជនល្មើស​នៅឡើយ​ទេ ដោយ​ជនល្មើស​បាន​បោះបង់​ឡាន​ចោល ហើយ​រត់គេច​ខ្លួន​បាត់ ។

បន្ទាប់​ពី​ទទួល​បានការ​ជូនដំណឹង​ពី​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​បន្ទាយស្រី នៅ​រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា រួម​ជាមួយនឹង​នគរបាល​ការពារ​បេតិកភណ្ឌ បាន​ចុះ​ទៅ​ពិនិត្យ​ដល់​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ស្រុក​បន្ទាយស្រី ដោយ​ធ្វើ​កំណត់ហេតុ​ច្បាស់លាស់ និង​បញ្ជូន​វត្ថុ​តាង​ទាំងអស់ រួម​ទាំង​ចម្លាក់​ថ្ម​បុរាណ​២​ដុំ​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី ដើម្បី​ធ្វើ​ជា​វត្ថុ​តាង​បន្ត​នីតិវិធី​ផ្លូវច្បាប់ ។ ចម្លាក់​ថ្ម​បុរាណ​ទាំង​២​ដុំ​នេះ​នឹង​ត្រូវ​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​រក្សា​ទុក បន្ទាប់​ពី​នីតិវិធី​ច្បាប់​ត្រូវ​បាន​បញ្ចប់ ៕