ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ព្នង​ប្តឹង​ទៅ​តុលាការ ករណី​ឈូស​ឆាយដី​បំផ្លាញ​​​ព្រៃ​ស្រោង​

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មនុស្ស៣​នា​ក់ត្រូវ​បាន​តំណាង​សហ​គម​ន៍​ជនជាតិ​ដើ​ម​ភាគតិ​ច​ព្នង​ប្តឹងទៅ​តុលាកា​រ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ២០២២ ក្នុង​បណ្ដឹង​បរិហារ ​ក្រោយ​ប្រជា​សហ​គម​ន៍​កើតទុក្ខ​មិនសុខចិត្ត​រឿង​ក្រុ​មហ៊ុ​ន​ដាំ​កៅស៊ូ​មួយ​ប្រើ​គ្រឿងចក្រ​កា​យដី​ធ្វើ​ព្រំ កាលពី​ខែ​មីនា ឆ្នាំ២០២២កន្លងទៅ​…

ខេត្តមណ្ឌលគិរី ៖ មនុស្ស៣​នា​ក់ត្រូវ​បាន​តំណាង​សហ​គម​ន៍​ជនជាតិ​ដើ​ម​ភាគតិ​ច​ព្នង​ប្តឹងទៅ​តុលាកា​រ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ២០២២ ក្នុង​បណ្ដឹង​បរិហារ ​ក្រោយ​ប្រជា​សហ​គម​ន៍​កើតទុក្ខ​មិនសុខចិត្ត​រឿង​ក្រុ​មហ៊ុ​ន​ដាំ​កៅស៊ូ​មួយ​ប្រើ​គ្រឿងចក្រ​កា​យដី​ធ្វើ​ព្រំ កាលពី​ខែ​មីនា ឆ្នាំ២០២២កន្លងទៅ​ ។

យោ​ង​តាម​ខ្លឹមសារ​នៃ​លិខិត​ពាក្យ​បណ្តឹង​បាន​ឲ្យដឹង​ថា កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ខាង​ក្រុមហ៊ុ​ន​វី​ឡា​ឌី​វី​ឡុប​មេន ខូ​អិល​ធី​ឌី បាន​យក​គ្រឿងចក្រ ម៉ាក CAT3200 ធ្វើសកម្មភាព​ឈូ​ស​ឆាយ កាយដី បំផ្លិ​ច​បំផ្លាញ​ព្រៃ​ស្រោង ដែល​ជាទី​កន្លែង​ព្រៃ​អាស្រ័យ​ផល​សម្រាប់​រក្សា​ដើម​ជ័រ​ទឹក រួម​និង​ដើមឈើ​ចម្រុះ​ផ្សេង​ៗ​របស់ប្រជា​ពល​រដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង នៅ​ទីតាំង​ចំណុច​អូរ​អញ្ចូ​ស ស្ថិត​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ក្នុង​ភូមិ​ឡៅ​កា សង្កាត់​​​​សុខដុម ក្រុង​សែនមនោរម្យ ។

ក្នុង​លិខិត​ពាក្យបណ្ដឹង​ដដែល​នេះ​បាន​បន្ត​ថា ភា​គី​ក្រុ​មហ៊ុន​បាន​ធ្វើសកម្មភាព​ប្រព្រឹត្ត​បទល្មើស​នៃ​ការ​ឈូស​ឆាយ​​កាយដី​បំផ្លិច​បំផ្លាញ​ទីតាំង​ដែល​សហគមន៍​យើងខ្ញុំ ធ្លាប់តែ​អាស្រ័យផល​ចិញ្ចឹមជីវិត​រស់នៅ​ប្រចាំថ្ងៃ​បែ​បនេះ សហគមន៍​យើងខ្ញុំ​បាន​នាំគ្នា​ចុះ​ទៅ​ទប់ស្កាត់​បទល្មើស​ជាក់​ស្ដែង ដែល​កំពុងតែ​ប្រព្រឹត្ត​ដើម្បី​រារាំង​កុំ​ឲ្យ​ឈូស​ឆាយ​បំផ្លិច​បំផ្លាញ ធ្វើឲ្យ​ប៉ះពាល់​ដល់​តំបន់​ការពារ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ព្រៃស្រោង ជាពិសេស​ដើម​ជ័រទឹក​និង​ធន​ធាន​ផ្សេង​ៗ ដែល​មាន​ក្នុង​ទីតាំង​ដែលគេ​បាន​ឈូស​ឆាយ​ ។

ក្នុង​លិខិត​ពាក្យ​បណ្តឹង​បាន​បញ្ជាក់​ថា ក្នុងអំឡុងពេល​យើងខ្ញុំ​ចុះ​ទប់ស្កាត់​ខាង​តំណាង​ក្រុមហ៊ុន គេ​មិនបាន​បញ្ឈប់​សកម្មភាព​ទេ ហើយ​បាន​អះអាង​ថា​ ដី​ដែល​កំពុងតែ​ឈូស​ឆាយ​នេះ ជា​ដី​ក្រ​វ៉ាត់​ព្រំ​របស់​ក្រុមហ៊ុន​មិន​ពាក់ព័ន្ធ​ទៅ​នឹង​ដី​សហគមន៍​ទេ​។ ​ក៏ប៉ុន្តែ​ជាក់ស្ដែង​ ដី​នេះ​ជា​ដី​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​និង​ជា​ព្រៃ​សហគមន៍ មិនដែល​ធ្លាប់​ស្នើសុំ​ចុះបញ្ជី​តាំងពី​ឆ្នាំ​២០០៤ មិនមែន​ដូច​ការ​អះអាង​របស់​តំណាង​ក្រុមហ៊ុន​ទេ​ ។

នៅក្នុង​ពាក្យបណ្ដឹង​របស់​សហ​គម​ន៍​បាន​សំណូមពរ​ចំនួន​បួន​ចំណុច ទីមួយ​សុំ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​វាស់វែង​ដី​ក្រុមហ៊ុន​ជាក់ស្តែង​ដោយមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។ ទីពីរ​សុំ​ឲ្យ​ក្រុមហ៊ុន​ប្រគល់​ដី​ដែល​បាន​ឈូស​ឆាយ​ប្រគល់ឲ្យ​សហគមន៍​វិញ​។ ទីបី​ស្នើសុំ​កុំ​ឲ្យ​ក្រុមហ៊ុន​បន្តសកម្មភាព​ឈូស​ឆាយ​បំផ្លិច​បំផ្លាញ​បន្ត​ទៅទៀត​។ ទី​បួន​ស្នើសុំ​ឲ្យ​មានការ​ផ្ដន្ទាទោស​តាមច្បាប់​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស​។

សូម​បញ្ជាក់​ថា ក្នុង​ពាក្យ​បណ្តឹង​បរិហារ​របស់​សហ​គម​ន៍ ​ក្នុង​នោះ​រួមមាន មេភូមិ​ឡៅ​កា ចៅសង្កាត់​សុខដុម និង​នាយិកា​ក្រុមហ៊ុន​វីឡា ឌី​វេ​ឡុប​មេន ខូ​អិល​ធី​ឌី ពី​បទ កាប់​រុករាន​ឈូស​ឆាយដី​ព្រៃ​សាធា​រណៈ និង​បំផ្លិច​បំផ្លាញ​ដើម​ជ័រទឹក នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច និង​អនុគ្រោះ​បទល្មើស​ព្រៃឈើ​។

សូម​រំលឹកថា ​ជនជាតិ​ដើម​ភាគតិច រស់នៅ​ភូមិ​ឡៅ​កា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ បាន​ចោទ​ដល់​ក្រុម​ហ៊ុន Villa development ថា​បាន​ឈូស​ឆាយ​ទន្ទ្រាន​ដី​ដើម​ជ័រ​ច្បោះ​របស់​ប្រជាពលរដ្ឋ ដែល​បាន​អាស្រ័យផល​ជាច្រើន​ឆ្នាំ​មក​ហើយ​។ សហ​គម​ន៍បាន​ឲ្យដឹង​ថា កាលពី​ថ្ងៃទី ១៥ ខែមីនា ២០២២ បងប្អូន​ជនជាតិ​ដើម​ភាគតិច​ប្រុសស្រី​ជាច្រើន​នាក់ បាន​ទៅ​ហាមឃាត់​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័រ នៅ​ចំនុច​ភូមិ​សង្កាត់​ខា​ង​លើ ដែល​កំពុង​ធ្វើ​សកម្មភាព​កាយដី​ធ្វើជា​ព្រំ ឲ្យ​បញ្ឈប់​ជាបន្ទាន់​ក្រោយ​ពួកគាត់​ប្រទះ​ឃើញ ប៉ះពាល់​ដល់​ដើម​ជ័រ​ច្បោះ​សម្រាប់​ប្រជា​សហគមន៍​អាស្រ័យផល​។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​ឡៅ​កា​បាន​ឲ្យដឹង​ថា គេ​បានឃើញ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​វីឡា ចូល​ទៅ​កាយ​អូរ​ធ្វើ​ក្រ​វ៉ាត់​ព្រំ​កំណត់​ដី​។​ដី​ដើម​ជ័រ​នៅសល់​តិចតួច​ពី​ក្រ​ញ៉ាំ​របស់​ក្រុមហ៊ុន​វី​ឡា​ឌី​វិ​ឡុប​មិន ហើយ​ក្នុង​កិច្ចសន្យា​របស់​ក្រុមហ៊ុន​វី​ឡា​ឌី​វី​ឡុប​មិន គឺ​មានផ្ទៃ​ដី៧២៧ហិច​តា តែ​ក្រុមហ៊ុន​នេះ​កំពុង​រំលោភ​លើ​ដី​ព្រៃ​ដើម​ជ័រ​អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច​ព្នង ដែល​រស់នៅ​ក្នុង​ភូមិ​ឡៅ​កា យ៉ាង​អានាធិបតេយ្យ​ហួសពី​កិច្ចសន្យា​។

ប្រជា​សហ​គម​ន៍បន្ត​ថា ដី​ព្រៃ​ចំនុច​នោះ​គឺ​អ្នកភូមិ​បាន​អាស្រ័យផល​ត​កូនចៅ​ជាច្រើន​ជំនាន់​ហើយ ដូចជា រក​ឃ្មុំ រក​ជ័រចុង ជ័រ​រាំង ជ័រទឹក ចុង​ផ្តៅ ស្លឹក​ព្រិច​ជាដើម​។​សហ​គម​ន៏​បញ្ជាក់​ថា នៅពេល​គ្រឿងចក្រ​កំពុង​ធ្វើសកម្មភាព​នោះ គេ​ឃើញ​មាន​ប៉ូលិស និង​សន្តិសុខ​ក្រុមហ៊ុន​ចុះទៅ ដោយ​គេ​បាន​ហាមឃាត់​មិន​ឲ្យ​អ្នកភូមិ​ចូល​ទៅ​តំបន់​កើតហេតុ​ទេ​។

ចៅសង្កាត់​សុខដុម លោក ពៅ សុខ​ផា​ត បាន​ឲ្យដឹង​ថា ករណី​ខាងលើ​នេះ​ក្រុមហ៊ុន​គេ​កាយ​ព្រំ​ដី​ដែល​សម្បទាន​ដោយ​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ ដើម្បី​ងាយស្រួល​គ្រប់គ្រង មិនបាន​កាប់​កាយដី​អ្នកភូមិ​ទេ​។​លោក​ចៅសង្កាត់​បន្ត​ថា ចំពោះ​សកម្មភាព​របស់​អ្នកភូមិ​ដែល​បាន​ថត​បង្ហោះ​ពី សកម្មភាព​គ្រឿងចក្រ​កាយដី​ធ្វើ​ព្រំ​នោះ សូម​បង្ហោះ​ដី​ដែល​ពួកគាត់​បាន​កាប់កន្លងមក ។

អត្ថបទសរសេរ ដោយ