ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​រៀបចំ​ចង្ហាន់ ទាំង​ព្រះសង្ឃ​ទាំង​ពុទ្ធបរិស័ទ​រត់​ចេញពី​ក្នុង​សាលាឆាន់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​​​ព្រះសង្ឃ​កំពុង​​សូត្រធម៌​សម្មាទានសីល​ឆាន់ចង្ហាន់​ថ្ងៃត្រង់​ ស្រាប់តែ​ឮ​សំឡេង​គ្រឹប បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​នាំ​គ្នា​រត់​​ចេញពី​សាលាឆាន់ …

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មាន​ឧប្បទ្ទវហេតុ​បាក់​ស្រុត​ធ្នឹម​ពិ​ដាន និង​ក្បាលសសរ​នៅ​ក្នុង​សាលាឆាន់​មួយ​ដែល​មាន​វ័យ​ចំណាស់ និង​អាយុកាល​ប្រមាណ​ជា​ជិត​៦០​ឆ្នាំទៅ​ហើយ​នោះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ទៅ​ដល់​ព្រះសង្ឃ​ជា​ច្រើន​អង្គ និង​ពុទ្ធ​បរិ​ស័​ទ្ធ​ដែល​កំពុង​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ​ក្នុង​វេន​ទី​៣​ទាំង​ព្រឹក​នៅ​ក្នុង​វត្ត​មហាមន្ត្រី ហើយ​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត​ក៏​ប្រជុំ​សម្រេច​ចាក់សោ​បិទទ្វារ​សាលាឆាន់​ខាងលើ និង​ធ្វើ​រោង​ថ្មី​មួយទៀត​ដើម្បី​ឱ្យ​ពុទ្ធបរិស័ទ​អញ្ជើញ​មក​ចូលរួម​ធ្វើបុណ្យ​កាន់បិណ្ឌ​បាន​រហូត​ទៅ​ដល់​ចប់​ចុង​ចប់​ដើម​ក្នុង​កម្មវិធី​បុណ្យ​ភ្ជុំបិណ្ឌ​ទៅ​តាម​ប្រពៃណី​ជា​ធម្មតា​វិញ ។

ហេតុការណ៍​បាក់​ធ្នឹម​សាលាឆាន់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ក្នុង​វត្ត​មហាមន្ត្រី ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ព្រះសង្ឃ​ព្រះ​នាម ជឹ​ម សុភាព ព្រះ​វិន័យ​ធម៌​វត្ត​មហាមន្ត្រី មាន​សង្ឃដីកា ឱ្យ​ដឹង​ថា ក្រោយ​ពី​កើត​មាន​ឧប្បទ្ទវហេតុ​ដោយសារ​តែ​ការ​បាក់​ស្រុត​ធ្នឹម​សាលា​ធម្មសភា​(​សាលាឆាន់​)​ត្រង់​ក្បាលសសរ និង​ធ្នឹម​ពិ​ដាន ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ព្រះសង្ឃ​ជា​ច្រើន​អង្គ និង​ពុទ្ធបរិស័ទ​ទាំងចាស់ទាំងក្មេង​យ៉ាងច្រើន​កុះករ​ខណៈ​កំពុង​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ក្នុង​វេន​ទី​៣​កាលពី​ព្រឹក​មិ​ញ​នោះ គណៈកម្មការ​វត្ត និង​ព្រះសង្ឃ​ក៏​បាន​បង្កើត​គណៈកម្មការ​មួយ​ធ្វើការ​ប្រជុំ​ពិភាក្សា​គ្នា ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ពុទ្ធបរិស័ទ​បាន​ចូលរួម​ធ្វើបុណ្យ​កាន់បិណ្ឌ​ឲ្យ​បាន​ចប់​ចុង​ចប់​ដើម​ជា​ធម្មតា​វិញ ដោយ​គណៈកម្មការ​វត្ត និង​ព្រះសង្ឃ​បាន​សម្រេច​ធ្វើ​ជា​រោង​បុណ្យ​មួយ​ដែល​មា​នទី​តាំងនៅ​ខាង​ចំ​ពីមុខ​សាលាឆាន់​កើតហេតុ​ខាងលើ​នេះ និង​សម្រេច​ចាក់សោ​បិទទ្វារ​សាលាឆាន់​ខាងលើ​ទាំងស្រុង​តែ​ម្តង ដើម្បី​ជៀសវាង​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​កើតឡើង​ទៅ​ដល់​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត ក៏​ដូច​ជា​ពុទ្ធបរិស័ទ ដែល​បាន​ចូល​មក​ធ្វើបុណ្យ​ផង​ដែរ ។

ព្រះ​អង្គ​ក៏​មាន​សង្ឃដីកា​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ពេល​ដែល​ព្រះសង្ឃ​ជា​ច្រើន​អង្គ និង​ពុទ្ធបរិស័ទ​មក​ពី​ទី​ជិត​ទី​ឆ្ងាយ​យ៉ាងច្រើន​កុះករ​កំពុង​តែ​ចូលរួម​បុណ្យកាន់បិណ្ឌ​ក្នុង​វេន​ទី​៣ ដោយ​រៀបចំ​ចង្ហាន់​ថ្ងៃត្រង់​យ៉ាង​សំបូរ​បែប​ដើម្បី​ប្រគេន​ព្រះសង្ឃ​នោះ ខណៈ​ព្រះសង្ឃ​កំពុង​តែ​សូត្រធម៌​សម្មាទានសីល​ឆាន់ចង្ហាន់​ថ្ងៃត្រង់​នៅ​ក្នុង​សាលាឆាន់​ខាងលើ​នោះ ស្រាប់តែ​ឮ​សំឡេង​លាន់​គ្រឹប និង​មាន​ធ្លាក់​កំទេច​ថ្ម​ពីលើ​ពី​ដាន​ផង​ដែរ បន្ទាប់​មក​ក៏​ឃើញ​មាន​ស្នាម​ប្រេះ​២​កន្លែង​នៅ​លើ​ធ្នឹម​ពី​ដាន និង​ក្បាលសសរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​នាំ​គ្នា​រត់​ចែក​ជើង​គ្នា​ចេញពី​សាលាឆាន់​មួយ​នោះ​មក​ខាងក្រៅ ខ្លាចក្រែង​មានការ​បាក់រ​លំដោយ​ប្រការ​ណាមួយ តែ​ទោះជា​យ៉ាងណា​គ្មាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ។

សូម​បញ្ជាក់​ថា កាលពី​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ សាលាឆាន់​ខាងលើ​ធ្លាប់​មានការ​បាក់​ធ្លាក់​ផ្ទាំង​បេតុង​ម្តង​រួច​មក​ហើយ តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ដែរ ។ ម្យ៉ាងទៀត​សាលាឆាន់​ខាងលើ​នេះ​មាន​វ័យ​ចំណាស់​ណាស់​ទៅ​ហើយ ដោយ​បាន​កសាង​តាំងពី​ឆ្នាំ​១៩៥៩​មក​ម្ល៉េះ រ​ហុត​មក​ដល់​ពេល​នេះ​គឺ​មាន​អាយុកាល​៥៧​ឆ្នាំទៅ​ហើយ ទើប​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​ស្រុត​បាក់​ធ្នាក់​ធ្នឹម​បែប​នេះ​កើតឡើង ៕