ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​មាន​ទស្សនវិស័យ​វិជ្ជមាន​ចំពោះ​ការ​នាំ​ចេញ​របស់​ខ្លួន​ក្នុងឆ្នាំនេះ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ អ្នក​ផ្តល់​ប្រឹក្សា​ពាណិជ្ជកម្ម​របស់​ថៃ មក​ពី​៥៨​កន្លែង​នៃ​ប្រទេស​ចំនួន​៤៤ បាន​មើលឃើញ​ពី​កំណើន​នាំ​ចេញ​អវិជ្ជមាន​របស់​ថៃ​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​កត្តា​ខាង​ក្រៅ​មិន​អាច​គ្រប់គ្រង​បាន​ដូច​ជា

ប្រទេស​ថៃ ៖ អ្នក​ផ្តល់​ប្រឹក្សា​ពាណិជ្ជកម្ម​របស់​ថៃ មក​ពី​៥៨​កន្លែង​នៃ​ប្រទេស​ចំនួន​៤៤ បាន​មើលឃើញ​ពី​កំណើន​នាំ​ចេញ​អវិជ្ជមាន​របស់​ថៃ​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​កត្តា​ខាង​ក្រៅ​មិន​អាច​គ្រប់គ្រង​បាន​ដូច​ជា ការ​ធ្លាក់​ចុះ​នៃ​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ទីផ្សារ​កំពុង​រីក​ចម្រើន​ជា​ច្រើន ហើយ​អាជីវកម្ម​ថៃ​មួយ​ចំនួន​ដែល​បាន​វិនិយោគ​នៅ​ក្នុង​ប្រតិបត្តិការ​ផលិតកម្ម​ក្រៅប្រទេស គឺ​មាន​តម្លៃ​នាំ​ចេញ​ទាប ។

បើ​ទោះបីជា​មាន​កត្តា​អវិជ្ជមាន​ជា​ច្រើន​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ក្តី ក៏​ក្រសួងពាណិជ្ជកម្ម​ថៃ បាន​ព្យាករ​ថា ការ​នាំ​ចេញ​នឹង​មាន​ភាព​វិជ្ជមាន​នៅ​ឆ្នាំ​ក្រោយ ។ ទន្ទឹម​នឹង​នេះ ក្រសួង​នឹង​លើកទឹកចិត្ត​ដល់​ក្រុម​មន្ត្រី​ពាណិជ្ជកម្ម ដើម្បី​ជំរុញ​កំណើន​នៃ​ការ​នាំ​ចេញ នៅ​ក្រោម​យុទ្ធសាស្ត្រ​វិនិយោគ​ខាងក្រៅ​ថ្មី​របស់​រដ្ឋាភិបាល និង​លើកកម្ពស់​យុទ្ធសាស្ត្រ​នៃ​ការ​នាំ​ចេញ ។

លោកស្រី Malee Choklumlerd ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អន្តរជាតិ បាន​ថ្លែង​ថា ទោះបីជា​មាន​ទស្សនវិស័យ​អាប់អួ​សម្រាប់​ការ​នាំ​ចេញ​ក្នុងឆ្នាំនេះ​ក្តី រដ្ឋា​ភិបាល​​នឹង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អ្នក​នាំ​ចេញ និង​មន្ត្រី​ពាណិជ្ជកម្ម ដើម្បី​ពង្រីក​ខ្លួន​ចូល​ទៅ​ក្នុង​ទីផ្សារ​បរទេស​ឲ្យ​កាន់តែ​ខ្លាំង ។ លោកស្រី​បន្ត​ថា ៖ « យើង​នឹង​មិន​ជំរុញ​ការ​នាំ​ចេញ​ទំនិញ​តែ​ម្យ៉ាង​នោះ​ទេ តែ​យើង​នឹង​ជំរុញ​ទាំង​ពាណិជ្ជកម្ម សេវាកម្ម និង​ការ​វិនិយោគ​ផង​ដែរ ដើម្បី​បង្កើត​ប្រាក់​ចំណូល​ប្រកបដោយ​និរន្តរភាព » ។

ការ​នាំ​ចេញ​ទៅ​កាន់​តំបន់​អាស៊ាន ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្លាក់​ចុះ​០,៨% ពី​កំណើន​៧,៤% កាលពី​ឆ្នាំ​មុន ។ ចំណែក​កំណើន​នៃ​ការ​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក ធ្លាក់​ចុះ​ពី​៥% ទៅ​១%​។ ការ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​បាន​ធ្លាក់​ចុះ​ពី​១%​ដល់​ចន្លោះ​ពី​០%-១% ខណៈ​ការ​លក់​ទៅ​កាន់​ប្រទេស​ជប៉ុន បាន​កើនឡើង​១%​នៅ​ក្នុង​ឆ្នាំ​២០១៥ អាច​នឹង​នៅ​ថេរ​ក្នុងឆ្នាំនេះ ។

មន្ត្រី​ក្រសួងពាណិជ្ជកម្ម លោកស្រី Apiradi Tantraporn បាន​និយាយ​ថា ក្រុម​មន្ត្រី​ពាណិជ្ជកម្ម និង​សហគ្រាស​ឯកជន នឹង​ដាក់​ចេញ​នូវ​គោលដៅ​នាំ​ចេញ​សម្រាប់​ឆ្នាំ​ក្រោយ​នៅ​ថ្ងៃ​សុក្រ​នេះ ។

ស្ថិត​ក្រោម​ផែនការ​លើកកម្ពស់​ការ​នាំ​ចេញ​ថ្មី ក្រសួង​នឹង​ផ្តោត​លើ​ការ​នាំ​ចេញ​នៃ​ផ្នែក​សេវាកម្ម និង​ទំនិញ​នៅ​ក្នុង​ទីផ្សារ ដូច​ជា ក្រុម​មនុស្ស​វ័យ​ចំណាស់ អ្នក​ស្រឡាញ់​សត្វ​ចិញ្ចឹម គ្រឿង​បរិភោគ​ហា​ឡា​ល់ ក្រុម​អ្នកមាន និង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន​ឡាញ ។ ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​អនុលោម​តាម​គោលនយោបាយ​របស់​ថៃ ដោយ​សង្កត់ធ្ងន់​លើ​តម្លៃបន្ថែម ផលិតផល​ច្នៃប្រឌិត​ថ្មី និង​សេវាកម្ម ។

លោក Ponpimon Petcharakul អ្នក​ផ្តល់​ប្រឹក្សា​ពាណិជ្ជកម្ម​ថៃ ប្រចាំ​ទីក្រុង​ហាណូយ ដែល​តំណាង​ឱ្យ​ទីផ្សារ​អាស៊ាន បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​របស់​ថៃ​ទៅ​កាន់​តំបន់​អាស៊ាន បាន​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ចំនួន​០,៨% ស្មើនឹង​៥៤,៧​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ខណៈ​ដែល​ក្រុម​ប្រទេស​ប្រចាំ​តំបន់​នេះ​ពឹងផ្អែក​លើ​ផលិតកម្ម ភាគច្រើន​ក៏​ជួប​ប្រទះ​នឹង​កំណើនសេដ្ឋកិច្ច​ធ្លាក់​ចុះ​ដូច​គ្នា ។

ទោះជា​យ៉ាងណា នៅ​ឆ្នាំ​ក្រោយ ការ​នាំ​ចេញ​ទៅ​កាន់​តំបន់​អាស៊ាន ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​វិល​ត្រឡប់​ទៅ​រក​ភាព​វិជ្ជមាន​វិញ និង​កើនឡើង​២,៥% ស្មើនឹង​៥៦,០៥​ប៊ី​លាន​ដុល្លារ ។

លោក Napadol Thongmee កុងស៊ុល​ពាណិជ្ជកម្ម​ថៃ ប្រចាំ​ក្រុង​ញូ​វ​យ៉​ក បានឱ្យ​ដឹង​ថា កំណើន​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក នឹង​ធ្លាក់​ចុះ​៥%​កាលពី​ឆ្នាំ​មុន ដល់​១%​នៅ​ឆ្នាំ​នេះ ផ្ទុយ​គ្នា​ទៅ​នឹង​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​អា​មេ​រិ​ក និង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ពេល​ខាង​មុខ ដោយសារ​តែ​ប្រជាជន​មាន​ទំនុកចិត្ត​តិច​លើ​ការ​ចំណាយ ។

លោក Supawadee Yamgamol អ្នក​ផ្តល់​ប្រឹក្សា​ពាណិជ្ជកម្ម​ថៃ ប្រចាំ​ទីក្រុង​ឡុ​ង​ដ៍ ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​របស់​ថៃ​ទៅ​កាន់​សហភាព​អឺរ៉ុប គួរតែ​កើនឡើង​១%​នៅ​ឆ្នាំ​នេះ ឬ​ស្មើនឹង​២២,១៦​ប៊ី​លាន​ដុល្លារ ផ្ទុយ​នឹង​ការ​ធ្លាក់​ចុះ​២,៤%​កាលពី​ឆ្នាំ​មុន ដោយសារ​ការ​បោះ​ឆ្នោត Brexit ធ្វើ​ឲ្យ​លុយ​ផោន​ធ្លាក់​ថ្លៃ និង​បណ្តាល​ឲ្យ​ទំនិញ និង​សេវាកម្ម​របស់​ថៃ​មាន​តម្លៃ​ខ្ពស់​ក្នុង​តំបន់​នោះ ៕