ប្រទេសអង់ហ្គោឡា កាលពីពេល ថ្មីៗកន្លងមកផ្សាយថា មានការផ្លាស់ប្តូរប៉ូលិសប្រហែល៤០០នាក់ បន្ទាប់ពីប្រជាពលរដ្ឋស្នើសុំឱ្យដោះស្រាយរឿងប៉ូលិសចរាចរណ៍មួយក្រុមជម្រិតទារប្រាក់ និងទទួលប្រាក់សំណូកពីអ្នកប្រើយានយន្តនៅលើដងផ្លូវក្នុងក្រុងលូអង់ដា ។
លោកឧត្តមសេនីយ៍ត្រី Ambrosio De Lemos មេបញ្ជាការប៉ូលិសរបស់អង់ហ្គោឡា ចេញបញ្ជាឱ្យប្តូរប៉ូលិសចរាចរណ៍ជាង៤០០នាក់នោះ កាលពីយប់ថ្ងៃទី១៤ កញ្ញាឱ្យទៅបំពេញតួនាទីនៅកន្លែងផ្សេង ដើម្បីរង់ចាំការត្រួតពិនិត្យកំហុស ក្រោយពីប្រជាពលរដ្ឋរិះគន់ថា ប៉ូលិសជម្រិតទារប្រាក់និងទទួលសំណូក។ ប៉ូលិសចរាចរណ៍ទាំង៤០០នាក់នោះ ឱ្យទៅបំពេញតួនាទីជាប៉ូលិសល្បាតតាមព្រំដែន ដរាបណាការស៊ើបអង្កេតពីកំហុសបញ្ចប់ ។ ប្រសិនបើមានកំហុសដូចការចោទរបស់ពលរដ្ឋអាចប្រឈមមុខជាប់ទោស ឬត្រូវបណ្តេញចេញ ។
លោកឧត្តមសេនីយ៍ត្រីអំពាវនាវដល់អ្នកបើកបររថយន្ត និងយានយន្ត ផ្សេងៗត្រូវចៀសវាងការបង់ប្រាក់សំណូកដើម្បីជាថ្នូរការមិនចេញប័ណ្ណពិន័យ ព្រោះជាទិសដៅមួយផ្តល់ឱកាសឱ្យប៉ូលិសប្រព្រឹត្តអំពើពុករលួយ ។
លោកឧត្តមសេនីយ៍ដដែលបញ្ជាក់ថា «ខ្ញុំបានផ្ទេរផ្លាស់ប្តូរប៉ូលិសចរាចរណ៍ ខ្ញុំនឹងបណ្តេញពួកគេ ប្រសិនបើលទ្ធផលត្រួតពិនិត្យឃើញថាបានប្រព្រឹត្តខុស ប៉ុន្តែមួយផ្នែកទៀតខ្ញុំក៏សុំឱ្យពលរដ្ឋយល់ព្រមទទួលប័ណ្ណពិន័យជំនួសការបង់សំណូកដល់ប៉ូលិស ។ ប្រសិនបើពលរដ្ឋនៅតែប្រព្រឹត្តអំពើបង់ប្រាក់ដល់ប៉ូលិស បញ្ហាអំពើពុករលួយរបស់ប៉ូលិសក៏មិនចេះចប់ទេ» ៕
ចែករំលែកព័តមាននេះ