សាររំលែកទុក្ខរបស់រាជដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី១២ មីនា ២០១១ សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន បានសម្តែងភាពក្តុកក្តួលក្រៃលែង និងសូមចូលរួមរំលែកទុក្ខក្រៀមក្រំដល់រាជរដ្ឋាភិបាលជប៉ុន ក៏ដូចប្រជាពលរដ្ឋជប៉ុនដែលជួបឧប្បត្តិហេតុគ្រោះធម្មជាតិរញ្ជួយដី-រលកយក្សស៊ូណាមី បង្កឱ្យមនុស្សស្លាប់-របួសច្រើននាក់ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិច្រើនលើសលប់…ជាមួយនេះរដ្ឋាភិបាលកម្ពុជាបានចូលរួមផ្តល់វិភាគទាន១០ម៉ឺនដុល្លារដល់សោកនាដកម្ម និងមហន្តរាយរញ្ជួយដី-រលកយក្សស៊ូណាមីនៃប្រទេសជប៉ុនផងដែរ ។
សូមបញ្ជាក់ថា ការរញ្ជួយដីយ៉ាងខ្លាំងបំផុតមួយមានកម្លាំងដល់ទៅ៨,៩រីស្ទ័រ កើតមាននាថ្ងៃទី១១ មីនា នៅភាគឦសាន ប្រទេសជប៉ុនបង្កឱ្យមានស៊ូណាមីយ៉ាងសាហាវកំពស់ដល់ទៅ១០ម៉ែត្រ ដែលកំទេចរាល់អ្វីៗទាំងអស់តាមផ្លូវវាយប្រហាររបស់រលកយក្សទាំងនេះ ដែលមានទាំងផ្ទះ អគារទាំងឡាយ រថយន្ត កសិដ្ឋាន និងនាវា… ។
ទូរទស្សន៍រដ្ឋជប៉ុន NHK និយាយពីមនុស្ស ស្លាប់ និងរបួសជាច្រើននាក់ពិសេសដោយសារការបាក់ដីនៅភាគខាងជើងប្រទេស ។ ការរញ្ជួយដីបង្កឱ្យមានអគ្គីភ័យក្នុងនោះមានអគារស្តុកប្រេងមួយនៃរោងចក្រចំរាញ់ប្រេងកាតនៅ CHIBA ជិតក្រុងតូក្យូ ។ ទូរទស្សន៍បង្ហាញពីរូបភាពនានានៃស្ពានក្រុងសេនដៃជាទីក្រុងមួយមានប្រជាជន១លាននាក់ស្ថិតនៅភាគខាងជើង
ត្រូវរងការវាយប្រហារដោយរលកយក្សមានកំពស់១០ម៉ែត្រ ។ រលកយក្សមួយទៀតមានកំពស់៧ម៉ែត្រ កើតមានបន្ទាប់ពីរលកយក្សកំពស់១០ម៉ែត្រនោះ ។
ការប្រកាសអាសន្នស៊ូណាមីត្រូវបានធ្វើក្នុងផ្នែកមួយយ៉ាងធំនៃឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៅកោះ ហុនស៊ូជាកោះសំខាន់មួយរបស់ជប៉ុន ។ នៅតៃវ៉ាន់ និងនៅឥណ្ឌូណេស៊ីក៏មានការប្រកាសអាសន្នស៊ូណាមីដែរ ។ សាលាក្រុងវ៉ាកាយ៉ាម៉ា បានចេញបញ្ជាឱ្យជម្លៀសមនុស្ស២០.០០០នាក់ ជាការបង្ការចំពោះរលកស៊ូណាមីថ្មីៗទៀត ។ ការរញ្ជួយដីនេះកើតមាននាវេលាម៉ោង៥ និង៤៦នាទីម៉ោងសាកលនៅចម្ងាយ១៣០គ.ម ខាងកើតទីក្រុងសេនដៃក្នុងដែនទឹកនៃកោះហុនស៊ូ ក្នុងជម្រៅ២៤គ.មក្រោមសមុទ្រ ។ នៅទីក្រុងតូក្យូអគារទាំងឡាយញ័ររញ្ជួយយ៉ាងខ្លាំង ។
ទូរទស្សន៍ NHK បង្ហាញរូបភាពទាំងឡាយនៃពពកផ្សែងខ្មៅហុយចេញពីអគារមួយនៅ ODAIBA ជាយក្រុងតូក្យូ ហើយចរាចរណ៍ផ្លូវដែករបស់រថភ្លើងលឿនទៅកាន់ភាគខាងជើងប្រទេសត្រូវកាត់ផ្តាច់។ ព្រលានយន្តហោះក្រុងតូក្យូ ណារីតា បានត្រូវបិទទ្វារ ។ ផ្សែងខ្មៅក៏ហុយចេញផងដែរ ពីតំបន់ឧស្សាហកម្មមួយក្នុងសង្កាត់ ISOGO នៅជាយក្រុងយូកូហាម៉ា ។
ក្រសួងការពារប្រទេសជប៉ុនបានបញ្ជាឱ្យយន្តហោះយោធា៨គ្រឿងហោះឡើង ដើម្បី ពិនិត្យការខូចខាត ។ មជ្ឈមណ្ឌលនុយក្លេអែ៊រ និងរោងចក្រចំរាញ់ប្រេងកាតជាច្រើនត្រូវបិទ ហើយរោងចក្រស្លដែកមួយកំពុងត្រូវភ្លើងឆេះ។
ធនាគារជប៉ុនសន្យាពីជំនួយ ដើម្បីធានាដល់ស្ថេរភាពនៃទីផ្សារ ៕


ចែករំលែកព័តមាននេះ