ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសភាព​វប្បធម៌ និង​ធម្មជាតិ​នៅ​ឧទ្យាន​អង្គរ​នា​រដូវវស្សា​ប្រណីត​គួរ​គាប់​ទស្សនា

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ មានការ​លើក​ឡើង​ថា​មានការ​ធ្លាក់​ចុះ​ភ្ញៀវ​ច្រើន​នា​រដូវវស្សា (Low season) ព្រោះ​មាន​ភ្លៀង ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ដើរ​កម្សាន្ត ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​វស្សានរដូវ​នៅ​ឧទ្យាន​អង្គរ ជា​រដូវ​ដែល​ទាក់ទាញ​បំផុត​ក្នុង​ការ​មក​ទស្សនា

ខេត្តសៀមរាប ៖ មានការ​លើក​ឡើង​ថា​មានការ​ធ្លាក់​ចុះ​ភ្ញៀវ​ច្រើន​នា​រដូវវស្សា (Low season) ព្រោះ​មាន​ភ្លៀង ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ដើរ​កម្សាន្ត ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​វស្សានរដូវ​នៅ​ឧទ្យាន​អង្គរ ជា​រដូវ​ដែល​ទាក់ទាញ​បំផុត​ក្នុង​ការ​មក​ទស្សនា និង​ថតរូប​ភាព​អនុស្សាវរីយ៍ ផ្សេង​ៗ ដោយ​ហេតុផល​ថា ក្នុង​រដូវ​នេះ​ភ្លៀង​ចាប់ផ្តើម​ធ្លាក់​ធ្វើ​ឲ្យ​រុក្ខជាតិ​ប្រែជា​ពណ៌​បៃតង ដ៏​ស្រស់​ត្រកាល (Green Season) ត្រជាក់​ភ្នែក​គ្រប់​ទីកន្លែង ។ ដើមឈើ​តូច​ធំ​ពណ៌​បៃតងចាស់ អម​សងខាង​ផ្លូវ​កៅស៊ូ គួរ​ឱ្យ​ស្រស់ថ្លា​ចិត្ត​។ ឯ​ផ្ទៃដី​ក្រាល​គ្រប​ដោយ​ស្មៅ​លាស់​ខ្ចី ប្រៀប​ដូច​កម្រាលព្រំ​ពណ៌​បៃតង​គ្រប់​ទីកន្លែង ដែល​ជួយ​លើក​សោភ័ណ​ភាព​ប្រាសាទ​ឱ្យ​កាន់តែ​ស្រស់​ស្អាត​មួយ​កម្រិត​ទៀត ។

ចំណែក​ត្រពាំង ក​សិន្ធ បារាយណ៍​វិញ បើ​ទោះ​មិន​មាន​ពណ៌​បៃតង​ដូច​វាលស្មៅ តែ​បាន​បង្អួត​ភាព​ស្រស់​ឆើតឆាយ​របស់​ខ្លួន​ដោយ​ទឹកថ្លា​យង់ លម្អ​ដោយ​ផ្កា​ជល​ជាតិ​ចម្រុះ មាន​ពណ៌​ស្រស់​ឆើតឆាយ​ដែល​អាច​ទាក់ទាញ​បេះដូង​អ្នកទេសចរ​គ្រប់​ជាតិ​សាសន៍​ឱ្យ​ចូល​គយគន់​និង​ថតរូប​ទុកជា​អនុស្សាវរីយ៍​មិន​ចង់​ឃ្លាត ។ រីឯ​ទិដ្ឋភាព​នៅ​ប្រាសាទនាគព័ន្ធ​នា​រដូវវស្សា​ក៏​មិន​គួរ​មើល​រំលង​ដែរ ជាមួយ​ស្ពានឈើ​ដែល​មាន​ផ្ទៃ​ទឹក​ល្ហល្ហេវ ថ្លាយង់​មើលឃើញ​បាតដី លាយឡំ​ដោយ​ព្រលឹត លំចង់ កំពីងពួយ មាន​ផ្កា​ពណ៌​ចម្រុះ​រីក​លម្អ​ផ្ទៃ​ទឹក​ទាក់ចិត្ត​អ្នក​ទស្សនា ។

ចំណែក​ភូមិដ្ឋាន​របស់​ប្រជា​សហគមន៍​ដែល​រស់នៅ​ក្នុង​ឧទ្យាន​អង្គរ ក៏​ប្រកបដោយ​ទេសភាព​ល្អ​ប្រណីត ដោយ​សន្ទូង សំណាប​ដ៏​ស្រស់​ខ្ចី លាយឡំ​នឹង​ទិដ្ឋភាព​រស់នៅ​របស់​អ្នកស្រុក ការ​ដក​ស្ទូង ភ្ជួរ​រាស់ និង​វាលស្រូវ​ពណ៌​បៃតង​ល្វឹងល្វើយ ជាមួយ​ខ្យល់អាកាស​បរិសុទ្ធ ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ បាត់​ទុក្ខ​កង្វល់​មួយ​គ្រា​មិន​ខាន ។ សម្រាប់​ភ្ញៀវ​ដែល​ចូល​ចិត្ត​ទស្សនា​ទេសភាព​វប្បធម៌ និង​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ និង​អ្នក​ដែល​ចូល​ចិត្ត​ថតរូប​ទេសភាព​ធម្មជាតិ​ស្អាត​ៗ កុំ​ភ្លេច​ទៅ​ទស្សនា​ក្នុង​វស្សានរដូវ​នេះ ជា​ពិសេស​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ ៕