អ្នកវិទ្យាសាស្ត្រនៃមហាវិទ្យាល័យវេជ្ជសាស្រ្តរដ្ឋហ្សកហ្ស៊ី សហរដ្ឋអាមេរិក ប្រទះឃើញពីងពាងពូជចេក ដែលមានឈ្មោះថា Phoneutria Nigriventer ជាប្រភេទពីងពាងរស់នៅតំបន់អាមេរិកកណ្តាល និងអាមេរិកខាងត្បូងដោយពិសរបស់វាមានឥទ្ធិពលធ្វើឱ្យអវយវៈភេទឡើងរឹងរយៈពេល៤ម៉ោង និងអាចប្រើប្រាស់សម្រាប់ព្យាបាលអវយវៈភេទមិនដំណើរការបាន តាមរយៈការពិសោធន៍នាពេលកន្លងមក ដោយប្រើម៉ូលេគុលមួយចំនួនរបស់ពិសពីងពាងប្រភេទនេះ ។
លោកសាស្ត្រាចារ្យកេននី នូនេស ជាមនុស្សម្នាក់ក្នុងចំណោមអ្នកស្រាវជ្រាវ បង្ហើបឱ្យដឹងថា ពិសរបស់ពីងពាងពូជនេះ អាចបង្កឱ្យកើតអាការរោគជាច្រើនប្រភេទរួមទាំងបាត់បង់លក្ខណៈធ្វើការរបស់សាច់ដុំអាការឈឺចាប់ធ្ងន់ៗ ពិបាកដកដង្ហើម និងប្រសិនបើមិនបានទទួលថ្នាំបំបាត់ពិស អាចឈានឆ្ពោះទៅរកការស្លាប់បាត់បង់ជីវិតដោយសារខ្វះអុកស៊ីហ្សែនបាន ។
ក្រៅពីអាការជំងឺទាំងនេះ ពិសរបស់វាថែមទាំងអាចប្រើសម្រាប់ព្យាបាលអាការអវយវៈភេទមិនដំណើរការបានផងដែរ ។ គួរបញ្ជាក់ថា តាមការពិសោធន៍នាពេលកន្លងមក ក្រុមវេជ្ជបណ្ឌិតបានប្រើម៉ូលេគុលដែលមានឈ្មោះថា “PnTx2” របស់ពិសពីងពាងខាងលើ ប្រើទៅលើសត្វកណ្តុរពិសោធន៍ដែលមានអវយវៈភេទអត់ដំណើរការ បង្ហាញឱ្យឃើញថា កណ្តុរខាងលើមានអាការរឹងផ្នែកផ្លូវភេទ និងការពិសោធន៍នេះធ្វើឱ្យមានការរំពឹងទុកថា អាចយកទៅប្រើផលិតថ្នាំវីយ៉ាហ្គ្រាថ្មីសម្រាប់បំបាត់អាការភេទដែលអសមត្ថភាពរបស់បុរស ។
លើសពីនេះទៀត ក្រុមវេជ្ជបណ្ឌិតនៅមានជំនឿចិត្តថា ពិសពីងពាងពូជចេក ឬពូជ “Phoneutria nigriventer” អាចព្យាបាលអាការភេទរបស់ស្ត្រីដែលចុះខ្សោយបាន ប៉ុន្តែនៅមិនទាន់មានការសិក្សាស្រាវជ្រាវលើផ្នែកនេះ នៅឡើយ៕
ចែករំលែកព័តមាននេះ