ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រុងប្រយ័ត្ន! ភ្លើងធូបដុតឆេះផ្ទះ ១ខ្នង ក្លាយជា​ផេះ ឆេះទាំងម្ចាស់ រលាកពងរលួយស្បែកធ្ងន់ធ្ងរ នៅស្រុកកំពង់រោទិ៍

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ បុរសវ័យ ៦៣ឆ្នាំ ម្នាក់ ត្រូវភ្លើងឆាបឆេះ ពងរលួយស្បែក យ៉ាងធ្ងន់ធ្ងរ នៅក្នុងផ្ទះ ខណៈរូបគាត់ កំពុង​ដេកលង់លក់​…

ខេត្តស្វាយរៀង៖ បុរសវ័យ ៦៣ឆ្នាំ ម្នាក់ ត្រូវភ្លើងឆាបឆេះ ពងរលួយស្បែក យ៉ាងធ្ងន់ធ្ងរ នៅក្នុងផ្ទះ ខណៈរូបគាត់ កំពុង​ដេកលង់លក់​ ហើយភ្លើងធូបបានធ្លាក់មកលើរនាប ក៏ឆាបឆេះផ្ទះយ៉ាងសន្ទោសន្ធៅ។ សំណាងល្អ បុរស​ម្នាក់​ផ្ទះនោះ ត្រូវបាន​អ្នកជិតខាង ជួយសង្គ្រោះបាន នាំចេញពីភ្នក់ភ្លើង។

ករណីនេះ បានកើតឡើង កាលពីម៉ោង ៣ និង ១៥នាទីរសៀល ថ្ងៃទី៤ មេសា ឆ្នាំ២០២២ ស្ថិតនៅ​ភូមិត្រពាំងកំពិស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍។

​សមត្ថកិច្ចបានឲ្យដឹងថា មានករណីអគ្គិភ័យ ឆាបឆេះផ្ទះមួយខ្នង សង់អំពីឈើ ទំហំទទឹង ៦ ម៉ែត្របណ្ដោយ ៨ ម៉ែត្រ កម្ពស់ ៥ម៉ែត្រ សសរបេតុង ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី បានឆេះអស់ទាំងស្រុង ក្លាយជាផេះ។

ប្រភព​បន្តថា សម្ភារៈខូចខាត រួមមាន៖ ១,ស្រូវ ១៧បេ ប្រាក់រៀល ចំនួន ៧០០,០០០​រៀល​ ទូរសព្ទ័ដៃ ០១គ្រឿង សំបុត្រកំណើត សៀវភៅគ្រួសារ បណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ​រួមនឹងប្លង់ដី និង​សម្លៀកបំពាក់មួយចំនួនធំ។ ចំណែកម្ចាស់ផ្ទះ ដែលជាជនរងគ្រោះ ឈ្មោះ អុំ ទឹត ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរកសិករ មានទីលំនៅ​ភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានរងរបួសធ្ងន់ធ្ងរ ព្រោះត្រូវភ្លើងឆេះ​រលាកខ្លួនទាំងស្រុង។

ជនរងគ្រោះ ត្រូវសមត្ថកិច្ចហៅរថយន្តសាមុយ ដឹកបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែក​ស្រុកស្វាយទាប។ សមត្ថកិច្ច សន្និដ្ឋានថា មូលហេតុ ដែលនាំឲ្យភ្លើងឆេះផ្ទះនោះ ដោយសារភ្លើងធូប ដែល​ជនរងគ្រោះ ដុតសែន​ ឆេង ម៉េង នៅក្នុងផ្ទះ។

សមត្ថកិច្ច បញ្ជាក់​ថា ​នៅ​ចំណុច​កើត​ហេតុនោះ រថយន្តពន្លត់អគ្គិភ័យ មិនអាចចូលពន្លត់បានទេ ដោយ​សារ​តែ​ផ្លូវតូចចង្អៀត៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ