ជាតិ » បរិស្ថាន

ស្រុក​ចំនួន​ពីរ​បាក់​ច្រាំង​ទន្លេ ដោយ​ទាញ​យក​ទាំង​ផ្ទះ​ទៅ​ជាមួយ

ដោយ ៖ យ៉ាន់ ចាន់ថេត   

ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង ១៩:៣៨   (16-09-2016 19:38)

ខេត្តកំពង់ចាម ៖ បាតុភូត​ធម្មជាតិ​ដោយ​ច្រាំង​ទន្លេមេគង្គ  បាន​បាក់​ស្រុត​ច្រើន​កន្លែង​នៅ​ក្នុង​រដូវវស្សា​នេះ​មាន​ចំនួន​២​ស្រុក​ក្នុង​នោះ​មាន ស្រុក​កងមាស ដោយ​ផ្ទះ​១​ខ្នង​ត្រូវ​បាន​ស្រុតចូល​ក្នុង​ទន្លេ និង​៦​ខ្នង​ទៀត​ត្រូវ​បាន​រុះរើ រីឯ​ស្រុក​ស្រី​សន្ធរ ច្រាំង​បាន​បាក់​តែ​មិន​ទាន់​មាន លំនៅ​ឋាន​ណាមួយ​ត្រូវ​បាន​រុះរើ​នៅឡើយ​ទេ​។

លោក មឿ​ន ផា អភិបាលស្រុក​កងមាស  ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា ២០១៦​ថា ទឹកទន្លេ​មេគង្គ​បាន​ឡើង​មក​ប្រៀប​ច្រាំង​នោះ ខ្យល់​បាន​បោកបក់​ខ្លាំង​បង្ក​ឲ្យ​មាន​រលក​បោក​មក​លើ​ច្រាំង ជា​ហេតុ​បណ្តាល​ឲ្យ​បាក់​ច្រាំង​ទទឹង​១០​ម៉ែត្រ និង​បណ្តោយ​៥០០​ម៉ែត្រ កាលពី​យប់​ថ្ងៃ​ទី​១៤ ខែកញ្ញា នៅ​ភូមិ​ល្វា​លើ ឃុំ​ស្តៅ ស្រុក​កងមាស  គឺ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង ក្នុង​នោះ​មាន​ឃុំ​ស្តៅ​៥​ខ្នង និង​ឃុំ​អង្គ​បាន​២​ខ្នង ក្នុង​នោះ​១​ខ្នង​បាន​ស្រុត​ចូល​ទន្លេ ហើយ​៦​ខ្នង​ត្រូវ​បាន​រុះរើ​ទៅ​កន្លែង​សុវត្ថិភាព​ឆ្ងាយ​ពី​ឆ្ងាយ​ទន្លេមេគង្គ​។

លោក មឿ​ន ផា អភិបាលស្រុក​កងមាសប្រាប់​បន្ត​ថា ចំពោះ​ផ្ទះ​ដែល​រង​គ្រោះ​ទាំងនោះ​មាន​ទី​១-​ផ្ទះ​ឈ្មោះ សៀង ដា​នី មាន​សមាជិក​៥​នាក់ ផ្ទះ​ទំហំ​៣​គុណ​៤​ម៉ែត្រ ត្រូវ​បាន​ស្រុត​ចូល​ទន្លេ ចំណែក​មនុស្ស​ម្នា​បាន​ចុះ​ចេញ​ទាន់​ពេលវេលា នៅ​ភូមិ​ល្វា​លើ ឃុំ​ស្តៅ ទី​២-​ផ្ទះ​ឈ្មោះ វ៉ា​ន់ វុន មាន​ទំហំ​៥​គុណ​៤​ម៉ែត្រ សមាជិក​៧​នាក់ ប្រក់​ស្លឹក​រុះរើ  ទី​៣-​ផ្ទះ​ឈ្មោះ សាំង ទី​ម ទំហំ​៤​គុណ​៥​ម៉ែត្រ ប្រក់​សង្ក​សី មាន​សមាជិក ៧​នាក់ នៅ​ភូមិ​ស្តៅ​លើ ត្រូវ​បាន​រុះរើ ទី​៤-​ផ្ទះ​ឈ្មោះ ផៃ ផ​ល្លី​ន មាន​ទំហំ​៤​គុណ​៥​ម៉ែត្រ ប្រក់​សង្ក​សីនៅ​ភូមិ​ល្វា​លើ ត្រូវ​បាន​រុះរើ ៥-​ផ្ទះ​ឈ្មោះ ឃ្លោក ឃី​ម មាន​ទំហំ​៥​គុណ​៦​ម៉ែត្រ ប្រក់​សង្ក​សី​នៅ​ភូមិ​ល្វា​លើ​ត្រូវ​បាន​រុះរើ  ទី​៦-​ផ្ទះ​ឈ្មោះ ម៉េ​ត រឿ​ន ទំហំ​៩​គុណ​៧​ម៉ែត្រ ប្រក់​ក្បឿង ភូមិ​អង្គ​របា​នទី​៦ ឃុំ​អង្គរ​បាន មាន​សមាជិកគ្រួសារ​៣​នាក់ ត្រូវ​បាន​រុះរើ ទី​៧-​ផ្ទះ​ឈ្មោះ ពឹង ធឿ​ន  ទំហំ​៥​គុណ​៤​ម៉ែត្រ ប្រក់​សង្ក​សី នៅ​ភូមិ​អង្គ​របា​នទី​៦ ឃុំ​អង្គរ​បាន ត្រូវ​បាន​រុះរើ ។

  ផ្ទះ​ទាំង​៦​ខ្នង​នេះ​ត្រូវ​បាន​រូប​លោក​ដឹកនាំ​សហការ​ជាមួយនឹង​ទាហាន នគរបាល​ស្រុក​កងមាស ជា​ច្រើន​នាក់​ជួយ​រើរុះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា និង​បាន​រាយការណ៍​ទៅ​កាកបាទក្រហម​ខេត្ត​ផង​ដែរ​។ ចំណែក​លោក​វរសេនីយ៍ទោ ហេង វ​ណ្ណា អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ វិញ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ កញ្ញា ២០១៦ ច្រាំង​ទន្លេ​បាក់​មាននៅ​ឃុំ​ឫស្សីស្រុក ត្រង់​ចំណុច​ក្បាលជ្រោយ​បាក់​មាន​ទទឹង​២​ម៉ែត្រ និង​បណ្តោយ​១០០​ម៉ែត្រ នៅ​ឃុំ​ព្រែក​ពោធិ៍ មាន​បាក់​២​កន្លែង​គឺ​១-​ភូមិ​ទូ​រី​លើ ទទឹង​២​ម៉ែត្រ បណ្តោយ​៥០​ម៉ែត្រ ២-​ភូមិ​ទូ​រី​កណ្តាល បាក់​ទទឹង​២​ម៉ែត្រ បណ្តោយ​២០​ម៉ែត្រ ការ​បាក់​ច្រាំង​ទន្លេ​នេះ  មិន​ទាន់​បង្ក​ឲ្យ​ប៉ះពាល់​លំនៅ​ឋាន​ពលរដ្ឋ​នោះ​ទេ​៕