ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ក្ស័យធន​ថៅកែ​រត់​ចោល មិន​បើក​ប្រាក់ខែ​ឲ្យ​កម្មករ

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ ហ្គ្រេ​ត​អន​នើ GREAT HONOUR ចំនួន​៩៧០​នាក់ ដែល​មា​នទី​តាំងនៅ​ភូមិ​លេខ​៤ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា​នេះ

ខេត្តកណ្ដាល ៖ កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ ហ្គ្រេ​ត​អន​នើ GREAT  HONOUR ចំនួន​៩៧០​នាក់ ដែល​មា​នទី​តាំងនៅ​ភូមិ​លេខ​៤ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង  កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា​នេះ បាន​នាំ​គ្នា ជិះ​រ៉ឺ​ម៉ក មក​លើក​បដា នៅ​មុខ​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ និង​ស្ថាប័ន​តុលាការ​ជួយ​អន្តរាគមន៍ រក​យុត្តិធម៌​ដល់​ពួក​គាត់ ដែល​ត្រូវ​បាន​ថៅកែ​រោងចក្រ រត់​ចោល មិន​បើក​ប្រាក់ខែ​ឱ្យ​កម្មករ ហើយ​បិទទ្វារ​រត់​ចោល​បាត់​។

ក្រុម​កម្មករ​បាន​នាំ​គ្នា​មក​ឈរ​លើក​បដា មាន​រូប​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ឈប់​រ៉ឺ​ម៉ក ត្រៀបត្រា​នៅ​មុខ​សាលាដំបូង ដោយ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ និង​មន្ត្រី មន្ទីរ ការងារ ពិសេស​ស្ថា​ប​ន័​តុលាការ ជួយ​រក​យុត្តិធម៌​ដល់​ពួក​គាត់​ផង​។ ដោយសារ​តែ​ថៅកែ​រោងចក្រ បាន​រត់​ចោល​កម្មករ និង​មិន​បើក​ប្រាក់ខែ​ឱ្យ​កម្មករ​រយៈពេល​ជាង​២​ខែ​មក​ហើយ ហើយ​ថៅកែ​រោងចក្រ មិន​គោរព​ច្បាប់​ស្ដី​ពី​ការងារ​ទេ​។ កម្មករ​លើក​ឡើង​ថា ពួក​គាត់​ធ្វើការ​ជា​កម្មករ សង្ឃឹមលើ​ប្រាក់ខែ​ជាង​១០០​ដុល្លារ សម្រាប់​ចាយវាយ ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​។

បើ​ថៅកែ​រោងចក្រ រត់​ចោល​មិន​បើក​ប្រាក់ខែ​មិន​ដោះស្រាយ​ឱ្យ​កម្មករ តើ​ពួក​គាត់​មាន​អ្វី​សង្ឃឹម​នោះ​។ កម្មករ​បាន​សំណូមពរ​ដល់​អាជ្ញាធរ និង​តុលាការ ជួយ​ដោះស្រាយ​ឲ្យ​បាន​ឆាប់ បើ​រោងចក្រ​នេះ​ក្ស័យធន បិទទ្វារ សូម​ឱ្យ​ថៅកែ​រោងចក្រ​ទូទាត់​ប្រាក់​ផ្សេង​ៗ​ទាំងអស់​ដល់​កម្មករ តាម​ច្បាប់​ស្ដី​ពី​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ​ផង​។ តំណាង​កម្មករ​បានឱ្យ​ដឹង​ថា ខាង​តំណាង​រោងចក្រ​នេះ កាលពី​ថ្ងៃ​ទី​១១ ខែសីហា បាន​ប្រកាសប្រាប់​កម្មករ និង​បុគ្គលិក​ថា រោងចក្រ​ក្ស័យធន បាន​បិទទ្វារ​ហើយ​។

នៅ​រសៀល​ថ្ងៃ​ទី​១១ ខែសីហា​ដដែល​នោះ អាជ្ញាធរ​ខេត្ត មន្ត្រី ក្រសួង មន្ទីរ​ការងារ  បាន​ចុះ​ទៅ​ពិនិត្យ នៅ​រោងចក្រ​នោះ​ផ្ទាល់ និង​បាន ធ្វើ​កំណត់ហេតុ​រាប់​សម្ភារ​ក្នុង​រោងចក្រ​នោះ និង​ចាក់សោ​ទុក​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ពិភាក្សា ដោះស្រាយ​ជូន​កម្មករ​ជា​ក្រោយ​។ ចាប់តាំងពី​ពេល​នោះ​មក កម្មករ​បាន​រង់ចាំ​ដំណោះស្រាយ​ពី​អាជ្ញាធរ មួ​យស​ប្ដា​ហ៍​ហើយ មួ​យស​ប្ដា​ហ៍​ទៀត ចេះ​តែ​បាត់​ដំណឹង​ពី​ដំណោះស្រាយ​ឈឹង និង​ខាង​តំណាង​កម្មករ បាន​ដាក់​ពាក្យបណ្ដឹង​ចូល​តុលាការ​ទៀត ក៏​មិន​មាន​ចំណាត់ការ​ដែរ ទើប​ពួក​គាត់​ជា​កម្មករ នាំ​គ្នា​មក​ស្នើ​សុំ​ឱ្យ​តុលាការ ប្រញាប់​ចាត់ការ​បណ្ដឹង​របស់​កម្មករ​នេះ​។

លោក លឹ​ម សុ​គ​ន្ថា ព្រះ​រា​ជ្ញា​សាលាដំបូង ខេត្តកណ្ដាល បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​រោងចក្រ​នេះ​ក្ស័យធន បិទទ្វារ និង​បន្ទាប់​ពី​មាន​បណ្ដឹង​ពី​តំណាង​កម្មករ អាជ្ញាធរ និង​ព្រះ​រា​ជ្ញា​សាលាដំបូង​ខេត្ត បាន​ធ្វើ​កំណត់ហេតុ និង​រាប់​សម្ភារ​នៅ​ក្នុង​រោងចក្រ  ហើយ​បាន​ចេញ​ដីកា​រក្សា​ការ​រួចរាល់ ព្រមទាំង​បាន​ប្រកាស ដាក់​លក់​សម្ភារ​នៅ​ក្នុង​រោងចក្រ​នេះ​ទាំងស្រុង​ផង​ដែរ ដើម្បី​យក​លុយ​មក​សង​កម្មករ ប៉ុន្តែ​មិន​ទាន់​មាន​អ្នក​ដាក់​ពាក្យ​ទិញ នៅឡើយ​ទេ​។

លោក​ព្រះរាជអាជ្ញា បាន​ពន្យល់់​ពី​នីតិវិធី របស់​តុលាការ​ដល់​តំណាង​កម្មករ  ក្រុម​កម្មករ​ក៏​បាន​នាំ​គ្នា​ត្រឡប់​ទៅ​វិញ​។ ទោះជា​បែប​ណា កម្មករ និង​បុគ្គលិក រោងចក្រ​នេះ​បាន​សំណូមពរ ដល់​អាជ្ញាធរ និង មន្ទីរ ក្រសួង​ការងារ ពិសេស​តុលាការ ធ្វើ​យ៉ាងណា​សូម​ជួយ​ដោះស្រាយ ឱ្យ​កម្មករ​ទួល​បាន​ប្រាក់ ផ្សេង​ៗ​គ្រប់​ចំនួន​តាម​ច្បាប់​ស្តី​ពី​ការងារ​ផង​៕