ឈាម​ជោក​ខ្លួន ! រត់​ចេញ​បណ្ដើរ ស្រែកហៅ​គេ​ជួយ​បណ្ដើរ


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​គេ​កាប់​ជា​ច្រើន​កាំបិត​របួស​សុស​សាច់ឈាម​ហូរ​ជោក​ខ្លួន បាន​ប្រឹង​រត់​ចេញ​បណ្ដើរ​ស្រែកហៅ​គេ​ជួយ​បណ្ដើរ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១ និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦ ក្នុង​តំបន់​មិន​រៀបរយ តាម​បណ្តោយ​ផ្លូវដែក​(​មុខ​ក្តាន់​ពីរ​) ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ សាម ផា​ន់​ណា ហៅ​ថុ​នា អាយុ​៣៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​រង​របួស​យ៉ាងធ្ងន់ធ្ងរ​) ដោយ​ត្រូវ​គ្រាប់​បាក់ជើង​ម្ខាង និង​ត្រូវ​របួស​ជា​ច្រើន​កាំបិត​ហូរ​ឈាម​ជោគ​ពេញ​ខ្លួន ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ខណៈ​យប់​ជ្រៅ​ស្ងាត់ជ្រងំ គេ​ឮ​សំឡេង​ឈ្លោះ​គ្នា​យ៉ាង​ខ្លាំង​បាន​កើតឡើង ដោយ​ពុំ​មាន​អ្នក​ណា​ម្នាក់​ដឹង​ពី​មូលហេតុ​ឡើយ ។ មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឮ​សំឡេង​ផ្ទុះអាវុធ​១​គ្រាប់ និង​ឮ​សំឡេង​ស្រែក​របស់​ជន​រង​គ្រោះ​ឱ្យ​គេឯង​ជួយ ក៏​ធ្វើ​ឱ្យ​មានការ​រ​ភ្ញាក់ផ្អើល​ដល់​អ្នក​រស់នៅ​ជិតខាង​តែ​ម្តង ។ ភ្លាម​នោះ​គេ​ក៏​បានឃើញ​បុរស​ម្នាក់​បាន​រត់​ចេញ​មក​ខាងក្រៅ​បណ្ដើរ ស្រែក​ឲ្យ​គេ​ជួយ​បណ្ដើរ ដោយ​មាន​ឈាម​ហូរ​ជោក​ខ្លួន ដោយសារ​តែ​ក្រុម​ជន​ដៃដល់​បាន​កាប់​ប្រហារ​ជា​ច្រើន​កាំបិត​រង​របួស​ពេញ​ខ្លួន ហើយ​បាញ់​១​គ្រាប់​បណ្តាល​ឱ្យ​បាក់​ភ្លៅ​ខាងឆ្វេង​ម្ខាង​ទៀត​ផង ។ ចំណែក​ជនសង្ស័យ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​តែ​ម្តង​។

ក្នុង​ជម្លោះ​នោះ​ដែរ​ត្រូវ​បាន​ប្រភព​មួយ​ចំនួន​បាន​បញ្ជាក់​ថា អាច​បណ្តាល​មក​ពី​ករណី​ពាល​ស៊ី​ពាល ឬ​រឿង​ស៊ីដាច់​គ្នា​ក្នុង​រឿង​អ្វីមួយ ដោយសារ​តែ​បុរស​រង​គ្រោះ និង​ក្រុម​ជន​ដៃដល់​ទាំង​ពីរ​នាក់​ជា​បក្សពួក​តែ​មួយ ហើយ​ក្នុង​តំបន់​មិន​រៀបរយ​កើតហេតុ​ខាងលើ​ក៏​សំបុក​ចែកចាយ និង​ជាទី​តាំង​ប្រើប្រាស់​ថ្នាំ​ញៀន​ដ៏​ធំ​មួយ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ បុរស​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ទាំង​យប់ ទើប​កម្លាំង​មាន​សម្ថ​កិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ក្រុម​ជន​ដៃដល់​ទាំង​២​នាក់ ដែល​គេ​បាន​ស្គាល់ និង​ដឹង​អ​ពី​អត្តសញ្ញាណ​អស់ហើយ​ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ