ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែន​សង្វេគ​! រឿងរ៉ាវ​ដ៏​កំសត់​របស់​ស្ត្រី​ម្នាក់​ដឹក​ម្តាយ​ជរា​ដើរ​រើស​អេ​ត​ចាយ​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ឃើញ​រូបភាព​ជាក់ស្តែង និង​ស្តាប់​រឿងរ៉ាវ​អំពី​ជីវិត​ពិត​របស់​គ្រួសា​មួយ​ពិតជា​គួរ​ឲ្យ​អាណិត និង​មហា​ស​ង្វែ​គ​ណាស់ ខណៈ​ពេល​ស្ត្រី​ម្នាក់​ដែល​មាន​វ័យ​៥៩​ឆ្នាំទៅ​ហើយ​នោះ នៅ​តែ​បើក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ដឹក​ម្តាយ​ចាស់ជរា​វ័យ​អាយុ​៩១​ឆ្នាំ រើស​អេ​ត​ចាយ​តាម​ដងផ្លូវ​

ខេត្តបន្ទាយមានជ័យ ៖ ឃើញ​រូបភាព​ជាក់ស្តែង និង​ស្តាប់​រឿងរ៉ាវ​អំពី​ជីវិត​ពិត​របស់​គ្រួសា​មួយ​ពិតជា​គួរ​ឲ្យ​អាណិត និង​មហា​ស​ង្វែ​គ​ណាស់ ខណៈ​ពេល​ស្ត្រី​ម្នាក់​ដែល​មាន​វ័យ​៥៩​ឆ្នាំទៅ​ហើយ​នោះ នៅ​តែ​បើក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ដឹក​ម្តាយ​ចាស់ជរា​វ័យ​អាយុ​៩១​ឆ្នាំ រើស​អេ​ត​ចាយ​តាម​ដងផ្លូវ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​លក់​យក​ប្រាក់​ដោះស្រាយ​ជីវភាព និង​ចិញ្ចឹម​ប្តី​ពិការ​ថែម​ទៀត​ផង​។

បើ​តាម​ស្ត្រី​ឈ្មោះ ជឹ​ម អ៊ឺត អាយុ​៥៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​កោះសន្តិភាព​តាម​ដងផ្លូវ ខណៈ​ពេល​កំពុង​តែ​ឈប់​ចត​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ដោយ​មាន​ដឹក​ម្តាយ​ចាស់ជរា​ម្នាក់​អង្គុយ​ក្នុង​រទេះ​ផង​នោះ ដោយ​អះអាង​ថា គ្រួសារ​គាត់​ទីទាល់​ក្រ​ណាស់​។ ស្ត្រី​រូប​នេះ​បន្ត​ថា ជីវភាព​ក្នុង​គ្រួសារ​ទាំងមូល គឺ​គាត់​ជា​អ្នក​ដោះស្រាយ​គ្រប់​បែប​យ៉ាង ខណៈ​ប្តី​គាត់​ធ្លាក់ខ្លួន​ពិការ​បាក់ជើង​ម្ខាង ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​មិន​អាច​ធ្វើ​អ្វី​កើត​ជិត​១០​ឆ្នាំ​មក​ហើយ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ គាត់​ថា ម្តាយបង្កើត​របស់​គាត់​មាន​អាយុ​៩១​ឆ្នាំ ឈ្មោះ គឹ​ម ឡាយ ក៏​ពិការ​ស្លា​.​ប់​មួយ​ចំហៀង​ខ្លួន​ជាង​៣​ឆ្នាំ​ថែម​ទៀត ដែល​អ​ម្រែ​ក​ដ៏​ធ្ងន់ធ្ងរ​មួយ​នេះ ធ្លាក់​មក​លើ​រូប​គាត់​តែ​ម្នាក់ឯង​ជា​រៀង​រហូត​មក​។

ស្ត្រី​កំសត់​រូប​នេះ​បាន​ប្រាប់​បន្ត​ថា មុន​ពេល​រក​កន្លែង​ស្នាក់​នៅ​បាន គាត់​និង​ម្តាយ​ពេល​រើស​អេ​ត​ចាយ​ដល់​កន្លែង​ណា បើ​យប់​នាំ​គ្នា​ដេក​កន្លែង​នោះ ដោយ​ម្តាយ​គាត់​ដេក​លើ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ឯ​គាត់​វិញ​ចង​អង្រឹង​ដេក​ក្រោម​ដើមឈើ​ក្បែរ​នោះ ខណៈ​បុរស​ជា​ប្តី​វិញ ត្រូវ​បាន​បងប្អូន​យក​ទៅ​មើលថែ​នៅ​ឯ​ស្រុក​កំណើត ក្នុង​ខេត្តកំពង់ចាម​។

គាត់​បញ្ជាក់​ថា គាត់​ក៏​មានកូន​ប្រុស​ម្នាក់​ដែរ តែ​មិន​អាច​ជួយ​អ្វី​ពួក​គាត់​បាន​ទេ ព្រោះ​ដី និង​ផ្ទះ​របស់​កូន​គាត់​ដាក់បញ្ចាំ​នៅ​ធនាគា​ហើយ ហើយដោយ​សារ​គ្មាន​ប្រាក់​ឡើង​ឲ្យ​គេ​ទៀងទាត់ ឥឡូវ​ត្រូវ​គេ​ដាក់​លក់​ឡៃ​ឡុ​ង​ធ្វើ​ឲ្យ​កូនប្រុស​របស់​គាត់ និង​កូនប្រសា​នាំ​ចៅ​ៗ​បង្ខំចិត្ត​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​បាត់ មិន​ទាន់​ឃើញ​វិល​ត្រឡប់​មក​វិញ​ឡើយ​។

ដ្បិត​គ្រួសារ​នេះ​មើលទៅ​គួរ​ឲ្យ​ស​ង្វែ​ក​ណាស់ ប៉ុន្តែ​ស្ត្រី​ខាងលើ​បាន​អះអាង​ថា មិន​ដែល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​តាម​រយៈ​អាជ្ញាធរ​ទេ​។ ប៉ុន្តែ​ធ្លាប់​ទទួល​បាន​អំណោយ​តិចតួច​ពី​អាជ្ញាធរ និង​សប្បុរសជន​តាម​ដងផ្លូវ​នៅ​ភូមិ​នានា ខណៈ​ពេល​ដឹក​ម្តាយ​រើស​អេ​ត​ចាយ​។ គ្រួសារ​មួយ​នេះ អំពាវនាវ​ចង់បាន​ដី និង​ផ្ទះ ជា​ពិសេស​អំណោយ​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​ដង្ហើម​ចុង​ក្រោយ​ម្តាយ​របស់​គាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ