ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ ! បើក​រត់​អូស​ទាំង​ម៉ូតូ​រាប់រយ​ម៉ែត្រ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាម​រី​បា​ឡែ​ន​១​គ្រឿង​បាន​បើក​រត់គេច​ទាំង​អូស​ម៉ូតូ​ជាប់​នៅ​ខាងក្រោម​ប្រមាណ​ជា​៥០០​ម៉ែត្រ​ទើប​របូត​ចេញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល …

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាម​រី​បា​ឡែ​ន​១​គ្រឿង​បាន​បើក​រត់គេច​ទាំង​អូស​ម៉ូតូ​ជាប់​នៅ​ខាងក្រោម​ប្រមាណ​ជា​៥០០​ម៉ែត្រ​ទើប​របូត​ចេញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​១៥​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​៥១ កែង​ផ្លូវ​លេខ​២៩៤ ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

រថយន្ដ​បង្ក​ម៉ាក កាម​រី​បា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-2273 បើកបរ​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ដោយ​នារី​៣​នាក់​ក្នុង​រថយន្ដ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក រី​ប៊ែ​ល ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BE-8341 បើកបរ​ដោយ​បុរស​ជនជាតិ​បរទេស​២​នាក់​ឌុ​ប​គ្នា ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ពេល​មក​ដល់​ចំណុច​កើតហេតុ​ក៏​ត្រូវ​រថយន្ដ​បង្ក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៩៤ ទិស​ដៅ​ពី​កើត​ទៅ​លិច​បុក​ចំពាក់​កណ្ដាល​ម៉ូតូ​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ជា​ម្ចាស់​ម៉ូតូ​រង​របួស​បាក់ជើង​ខាងស្ដាំ​ចេញ​ឆ្អឹង ឯ​ម្នាក់​ទៀត​រង​របួសស្រាល ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​បង្កហេតុ​រួច រថយន្ដ​បាន​ព្យាយាម​បើក​គេច​ទាំង​ម៉ូតូ​អូស​ជាប់​ក្រោម​រថយន្ដ​ប្រមាណ​ជា​៥០០​ម៉ែត្រ​រហូត​មក​ដល់​ផ្លូវ​លេខ​៣២២ សង្កាត់​បឹង​កេងកង​ទី​១ ទើប​ម៉ូតូ​ខ្ទាត​ចេញពី​រថយន្ដ ហើយ​រថយន្ដ​បាន​បន្ថែម​ល្បឿន​រត់គេច តែ​ត្រូវ​សមត្ថកិច្ច​ជិះ​ម៉ូតូ​ប្រដេញ​រហូត​ដល់​ខាងក្រោយ​វត្ត​មហាមន្ត្រី សង្កាត់​អូ​ឡាំ​ពិ​ក ទើប​ឃាត់​បាន​ទាំង​រថយន្ដ ទាំង​ម្ចាស់​តែ​ម្ដង ។

បើ​តាម​សំដី​ម្ចាស់​រថយន្ត​វិញ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គេ​ទើប​ចេញពី​កម្មវិធី​ជប់លៀង​ខួបកំណើត​មិត្តភក្តិ​នៅ​ម្តុំ​ផ្សារ​ចាស់ ពេល​បើករថយន្ត​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​ជួប​គ្រោះថ្នាក់​នេះ​តែ​ម្តង​ទៅ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន រីឯ​រថយន្ដ​បង្ក និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី ៕