ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​គ្រោង​ប្រមូល​ដីស្រែ​ដើម្បី​បង្កើន​ផលិតផល​កសិកម្ម

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ប្រធាន​គណៈកម្មការ​ផ្នែក​កិច្ចការ​សេដ្ឋកិច្ច លោក Nguyen Van Binh បានឱ្យ​ដឹង​ថា វៀតណាម​នឹង​បង្កើត​គោលនយោបាយ​ជំរុញ​ឱ្យ​មានការ​កាន់កា.ប់​ដី​ទ្រង់ទ្រាយ​ធំ ព្រមទាំង​

ប្រទេស​វៀតណាម ៖ ប្រធាន​គណៈកម្មការ​ផ្នែក​កិច្ចការ​សេដ្ឋកិច្ច លោក Nguyen Van Binh បានឱ្យ​ដឹង​ថា វៀតណាម​នឹង​បង្កើត​គោលនយោបាយ​ជំរុញ​ឱ្យ​មានការ​កាន់កាប់​ដី​ទ្រង់ទ្រាយ​ធំ ព្រមទាំង​សហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម ។

លោក Binh បានឱ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ ក្នុង​សិក្ខាសាលា​មួយ​នៅ​ទីក្រុង​ហាណូយ​ថា កំណើន​ផលិតកម្ម​នៃ​វិស័យ​កសិកម្ម​របស់​ប្រទេស​វៀតណាម មាន​ភាពយឺត​ជាង​ប្រទេស​ភាគច្រើន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ចាប់តាំងពី​ឆ្នាំ​១៩៩០​។ វិស័យ​នេះ​បាន​ពឹងផ្អែក​ជា​យូរ​មក​ហើយ​លើ​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម និង​មូលធន​ជា​ច្រើន​ដើម្បី​រក្សា​សន្ទុះ​របស់​ខ្លួន ។ ទោះជា​យ៉ាងណា ការ​ធ្វើ​កសិកម្ម​ប្រភេទ​នេះ​មិន​អាច​ផ្តល់​ផល​ចំណេញ​ដូច​ពី​មុន​ទេ ។

លោក Binh បាន​ប្រៀបធៀប​កំណើន​ផលិតកម្ម​ក្នុង​វិស័យ​កសិកម្ម​របស់​វៀតណាម ក្នុង​ឆ្នាំ​២០០០-២០១៣ ដែល​បាន​កើន​ឡើងជា​មធ្យម​ចំនួន​៣,៤% ជាមួយនឹង​អត្រា​កំណើន​​ជា​មធ្យម​នៅ​ប្រទេស​ចិន និង​កូរ៉េ​ខាងត្បូង (​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៩៥) បាន​កើនឡើង​ដល់​៧,៥% ។

ក្រោម​ការ​ដាក់​សម្ពាធ​ពី​គូប្រជែង​បរទេស កសិករ​វៀតណាម​នឹង​ត្រូវ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ដោយ​បង្កើន​បរិមាណ និង​សមត្ថភាព​ផលិត ដែល​តម្រូវ​ឱ្យ​មាន​ដី​កសិកម្ម​កាន់តែ​ច្រើន ។

លោក Binh ឱ្យ​ដឹង​ថា ៖ « យើង​មិន​អាច​ពឹងផ្អែក​លើ​ការ​ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​ទៀត​ទេ » ។ លោក​បាន​គូសបញ្ជាក់​ពី​តួនាទី​របស់​សហករណ៍ និង​សហគ្រាស​កសិកម្ម ដែល​អាច​បង្កើន​ផលិតកម្ម​តាម​រយៈ​ការ​វិនិយោគ​ទ្រង់ទ្រាយ​ធំ ។

ដី​កសិកម្ម​របស់​ប្រទេស​វៀតណាម​ដែល​បែក​ជា​បំណែក បាន​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ទូទៅ​នៃ​ផលិតកម្ម​កសិកម្ម​របស់​ប្រទេស​នេះ​ធ្លាក់​ចុះ ។

តាម​ស្ថិតិ​របស់​រដ្ឋាភិបាល​បង្ហាញ​ថា ៧៥%​នៃ​កសិករ​នៅ​ខេត្ត An Giang ដែល​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ដាំ​ដុះ​ស្រូវ​ធំ​បំផុត​ក្នុង​ប្រទេស​វៀតណាម បាន​ដាំ​ដុះ​តិច​ជាង​១​ហិ​កតា​។ អ្នកជំនាញ​និយាយ​ថា ដើម្បី​បង្កើន​ផលិតកម្ម និង​នៅ​តែ​ទទួល​បាន​ផល​ចំណេញ យើង​ត្រូវការ​ដី​កសិកម្ម​ច្រើន​ជាង​៣​ហិ​កតា ។

លោក Binh បន្ត​ថា ៖ « ជំហាន​ដំបូង​ដែល​យើង​ត្រូវធ្វើ គឺ​ពង្រួម​ដី​ដែល​មាន​ទំហំ​តូច​ជា​ច្រើន​ឲ្យ​មាន​ទំហំ​ធំ ធ្វើ​ដូច្នេះ យើង​នឹង​កសាង​ទំនុកចិត្ត​ដល់​វិនិយោគិន​នៅ​ក្នុង​វិស័យ​កសិកម្ម » ។

ស្ថិតិ​បង្ហាញ​ថា កសិករ​នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ បាន​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ប្រហែល​១០​ម៉ឺន​តោន និង​ជី​ច្រើន​ជាង​២​លាន​តោន​ជា​រៀង​រាល់​ឆ្នាំ ។ តំបន់​ដីសណ្ត​ទន្លេមេគង្គ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រភព​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​វៀតណាម ដែល​មាន​ចំនួន​ជិត​ពាក់កណ្តាល​នៃ​ផលិតកម្ម​ស្រូវ​ប្រចាំឆ្នាំ ។

ផលិតកម្ម​បែងចែក​នេះ ក៏​បាន​បង្ក​ការ​ខាតបង់​ក្នុងអំឡុងពេល​ប្រមូល​ផល​ស្រូវ​ផង​ដែរ​។ ការ​ខាតបង់​ស្រូវ​អង្ករ​ក្រោយ​ការ​ប្រមូល​ផល​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា អាច​មាន​ចំនួន​ខ្ពស់​ដល់​ទៅ​២៥%​ក្នុង​១​ឆ្នាំ នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ ពោល​គឺ​វៀតណាម​ខាតបង់​ប្រហែល​២៥​ទ្រី​លាន​ដុ​ង (១,១​ប៊ី​លាន​ដុល្លារ​) ក្នុង​១​ឆ្នាំ ក្រោយ​ការ​ប្រមូល​ផល ។

លោក Binh និយាយ​ថា ៖ « គោលនយោបាយ​របស់​រដ្ឋាភិបាល នឹង​ទាក់ទាញ​អាជីវកម្ម​ឯកជន​ក្នុង​វិស័យ​កសិកម្ម ។ ការ​វិនិយោគ​របស់​ពួក​គេ​នឹង​នាំ​ទៅ​ដល់​ការ​ធ្វើ​កសិកម្ម​ជា​យន្ដការ​ទ្រង់ទ្រាយ​ធំ » ។

វិទ្យាស្ថាន​គោលនយោបាយ យុទ្ធសាស្ត្រ​កសិកម្ម និង​ការ​អភិវឌ្ឍ​ជនបទ​បានឱ្យ​ដឹង​ថា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កំពុង​ហូរ​ចូល​ក្នុង​វិស័យ​កសិកម្ម​ប្រទេស​វៀតណាម គឺ​មាន​ប្រមាណ​តែ​១%​ប៉ុណ្ណោះ ។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម មាន​ត្រឹមតែ​១%​នៃ​សហគ្រាស​ក្នុង​ប្រទេស​វៀតណាម ដែល​បាន​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​កាលពី​ឆ្នាំ​មុន ហើយ​៨៥%​ជា​ក្រុមហ៊ុន​ឯកជន ។

ការ​ធ្លាក់​ចុះ​ក្នុង​វិស័យ​កសិកម្ម​របស់​វៀតណាម​មាន​ផល​អាក្រក់​ក្នុងឆ្នាំនេះ បន្ទាប់​ពី​វា​ត្រូវ​បាន​វាយប្រហារ​ដោយ​គ្រោះ​រាំង​ស្ងួត និង​ទឹកប្រៃ​ហូរ​ចូល​ក្នុង​ប្រភព​ទឹកសាប​អូស​បន្លាយពេល​យ៉ាង​យូរ ។ ជា​លទ្ធផល វិស័យ​កសិកម្ម​មាន​កំណើន​អវិជ្ជមាន​០,១៨% ក្នុង​អំឡុង​ឆមាស​ទី​១​ឆ្នាំ​នេះ ។

លក្ខខណ្ឌ​អាកាសធាតុ​មិនល្អ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ប្រញាប់​ដោះស្រាយ​ស្ថានភាព​នេះ ហើយ​ការ​ព្យាយាម​ចុង​ក្រោយ​អាច​នឹង​បង្កើន​ផលិតកម្ម​បាន ៕