ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​រថភ្លើង​ចាស់​ទ្រុឌទ្រោម​នៅ​ស៊ុ​យ​អែ​ត​បន្ថយល្បឿន​បើកបរ

7 ឆ្នាំ មុន

AFP ផ្សាយ​ថា​អង្គភាព​ផ្នែក​ដឹក​ជញ្ជូន​ស៊ុ​យ​អែ​ត «Trafikverket» បាន​ដាស់តឿន​ដល់​សាធារណជន​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី​១២ កញ្ញា ២០១៦ ថា​ប្រព័ន្ធ​ផ្លូវ​រថភ្លើង សញ្ញា​ចរាចរណ៍

AFP ផ្សាយ​ថា​អង្គភាព​ផ្នែក​ដឹក​ជញ្ជូន​ស៊ុ​យ​អែ​ត «Trafikverket»  បាន​ដាស់តឿន​ដល់​សាធារណជន​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី​១២ កញ្ញា ២០១៦ ថា​ប្រព័ន្ធ​ផ្លូវ​រថភ្លើង សញ្ញា​ចរាចរណ៍ និង​ស្ពាន​នៅ​លើ​ខ្សែ​ផ្លូវ​សំខាន់​ៗ​ចំនួន​៦៩​ស្ថិត​ក្នុង​សភាព​ទ្រុឌទ្រោម ធ្វើ​ឱ្យ​ការ​បើកបរ​ក្នុង​ល្បឿន​លឿន​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់ ។

លោក​បេន អូ​ល​សុ​ន អ្នកនាំពាក្យ Trafikverket ឱ្យ​ដឹង​ថា​ក្រោយ​ពី​ត្រួតពិនិត្យ​បាន​ប្រទះ​ឃើញ​ចំណុច​រេចរឹល ដូច្នេះ​អង្គភាព​សម្រេចចិត្ត​បន្ថយល្បឿន​រថភ្លើង​ភ្លាម ។ កាលពី​ខែមិថុនា «Trafikverket» បាន​ណែនាំ​ឱ្យ​រថភ្លើង​បន្ថយល្បឿន​ដែល​រត់​នៅ​លើ​ផ្លូវ​ពី​ក្រុង​ស្តុក​ខូ​ល ទៅ​ហ្គោ​តេន​ប៊ើ​ក​ជាទី​ក្រុង​របស់​ប្រទេស​ឱ្យមក​នៅ​ត្រឹម​១៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ថយ​ពី​២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

លោកស្រី​ម៉ា​លី​ន ហាល​ហ្គ្រេ​ន អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​រថភ្លើង​ដឹក​អ្នកដំណើរ «SJ» និយាយ​ថា​ក្នុង​បទដ្ឋាន​ថ្មី​តម្រូវ​ឱ្យ​រថភ្លើង​ល្បឿន​លឿន​ពី​ក្រុង​ស្តុក​ខូ​ល​ទៅ​ហ្គោ​តេន​ប៊ើ​ក​បង្កើន​ពេលវេលា​ពី​១០​ទៅ​២០​នាទី​ដែល​បច្ចុប្បន្ន​មាន​រយៈពេល​៣​ម៉ោង​និង​២០​នាទី ។

ស៊ុ​យ​អែ​ត​ជា​ប្រទេស​ដែល​មាន​បណ្តោយ​ប្រហែល​២០០០​គីឡូម៉ែត្រ និង​ទទឹង​៥០០​គីឡូម៉ែត្រ មាន​ផ្លូវ​រថភ្លើង​ប្រវែង​សរុប​១២០០០​គីឡូម៉ែត្រ ។ ស្ថានភាព​អាកាសធាតុ​ត្រជាក់​ខ្លាំង​ស្ថិត​នៅ​រដូវរងា​ផ្តល់​ផល​ប៉ះពាល់​ដល់​គ្រោង​សំណង់​ផ្លូវ​រថភ្លើង ធ្វើ​ឱ្យ​ឧបករណ៍​នានា​កាន់តែ​ឆាប់​ចាស់ ។ កាលពី​ឆ្នាំ​មុន​រដ្ឋាភិបាល​ស៊ុ​យ​អែ​ត​បាន​ប្រកាស​បែងចែក​ប្រាក់​ច្រើន​ជាង​៤០០០​លាន​ក្រូ​ន័​រ​(​ប្រាក់​ស៊ុ​យ​អែ​ត​) ដើម្បី​ជួសជុល​បណ្តាញ​ផ្លូវ​រថភ្លើង​អាច​រត់​ក្នុង​ល្បឿន​លឿន​ជា​ប្រក្រតី​វិញ​នៅ​ឆ្នាំ​២០១៨ ៕